ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីសម្ពោធការនាំចេញអង្ករកម្ពុជា កាន់សាធារណរដ្ឋហ្វីលីពីនជាផ្លូវការហើយកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ ដោយអង្ករប្រមាណជាង ២៥០០តោន បាននាំចេញលើកដំបូងទៅកាន់ប្រទេសហ្វីលីពីន និងនៅពេលដ៏ខ្លីខាងមុខអង្ករ ២៥០០តោនទៀត នឹងបន្តនាំចេញទៅប្រទេសសមាជិកអាស៊ានមួយនេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាអធិបតីក្នុងពិធីនេះបានគូសបញ្ជាក់ថា កម្ពុជានឹងនាំចេញអង្ករប្រមាណ ២៥០០តោនទៀតទៅប្រទេសហ្វីលីពីន ដែលជាទីផ្សារថ្មីបន្ទាប់ពីទទួលបានជោគជ័យពីការនាំចេញលើកដំបូងក្នុងបរិមាណជាង ២៥០០តោនកាលពីខែឧសភាកន្លងទៅ។
ឯកឧត្តមបានបន្តថា ៖
“ឆ្លងតាមរយៈកិច្ចប្រឹងប្រែងនេះ បានផ្តល់នូវមគ្គុទេសក៍ដល់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ខិតខំបន្ថែមទៀត ស្របពេលដែលគោលនយោបាយផ្នែកនាំចូលអង្កររបស់ប្រទេសហ្វីលីពីនបានធ្វើការកែទម្រង់នាំឱ្យឈានដល់ការចាប់ផ្តើមការនាំចេញអង្ករពីកម្ពុជានាពេលនេះ ហើយយើងខ្ញុំជឿជាក់ថា នឹងបន្តកើនឡើងជាបន្តបន្ទាប់ ដែលអាចឈរជើងក្នុងទីផ្សារប្រទេសហ្វីលីពីន បានកាន់តែរឹងមាំ និងយូរអង្វែង។”

ក្រៅពីនេះ ឯកឧត្តមក៏បានជំរុញឱ្យសហព័ន្ធស្រូវអង្ករកម្ពុជារួមគ្នាជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ និងអ្នកនាំចេញទាំងអស់ ត្រូវបន្តកិច្ចសហការជាប្រចាំជាមួយអ្នកនាំចូលហ្វីលីពីនលើការរួមគ្នាផ្សព្វផ្សាយអង្ករកម្ពុជានៅទីផ្សារប្រទេសហ្វីលីពីន ដើម្បីជំរុញ និងបង្កើនតម្រូវការការកែប្រែឥរិយាបទអតិថិជនឱ្យទទួលយកនូវអង្ករកម្ពុជាឱ្យកាន់តែច្រើន។
ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏បានស្នើឯកអគ្គរដ្ឋទូតហ្វីលីពីនជួយលើកទឹកចិត្តដល់អ្នកវិនិយោគ ក៏ដូចជាអ្នកនាំចូលអង្ករនៅក្នុងប្រទេសហ្វីលីពីនមកវិនិយោគ និងទទួលការនាំចូលអង្ករកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ក៏ដូចជាលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សេងទៀតឱ្យឆាប់សម្រេចបានដូចក្រុមហ៊ុនខ្មែរហ្វូដ ដើម្បីជំរុញបន្ថែមនូវការនាំចេញអង្ករដែលមានរសជាតិ និងគុណភាពអង្កររបស់កម្ពុជា ដែលបានជាប់កំណាត់ថ្នាក់ជាអង្ករល្អបំផុតក្នុងពិភពលោកចំនួន៥ដងជាប់គ្នា ហើយសង្ឃឹមថាឆ្នាំនេះអាចមានឱកាសឈ្នះម្តងទៀតដែលកម្មវិធីនឹងរៀបចំឡើងនៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្នុងខែវិច្ឆិកាខាងមុខនេះ។

សូមបញ្ជាក់ថា កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណច្រើនជាលើកដំបូងទៅកាន់ប្រទេសហ្វីលីពីន ២៥៧៥តោន ដែលធ្វើឡើងដោយក្រុមហ៊ុន ខ្មែរហ្វូដ របស់ឧកញ៉ា គឹម សាវុធ ដោយលោកបានលើកឡើងថា ដោយសារការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់គណៈប្រតិភូកម្ពុជារបស់យើង គួបផ្សំនឹងការចាប់អារម្មណ៍ខ្លាំងពីអ្នកនាំចូលអង្ករនៅហ្វីលីពីន ខ្មែរហ្វូដ អាចនាំចេញអង្ករកម្ពុជាក្នុងបរិមាណដ៏ច្រើនជាលើកដំបូងទៅកាន់ប្រទេសហ្វីលីពីន។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង បានថ្លែងថា កម្ពុជាធ្លាប់នាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនចំនួន ២ដងគត់ គឺលើកទី១ នៅឆ្នាំ២០២០ ចំនួន៣០០ តោន និងលើកទី២ ចំនួន ១០០ តោន នៅឆ្នាំ២០២១។ ប្រទេសហ្វីលីពីន ជាប្រទេសផលិត និងនាំចូលអង្ករធំមួយនៅក្នុងពិភពលោក ដែលឈរនៅលំដាប់លេខរៀងទី៤ នៅលើពីភពលោក និងលេខរៀងទី២ បន្ទាប់ពីប្រទេសចិននៅក្នុងទ្វីបអាស៊ី ដោយបាននាំចូលអង្ករប្រមាណជាង ៣លានតោន ហើយភាគច្រើនប្រទេសក្នុងអាស៊ាន ដែលមានព្រំដែនជាប់ជាមួយប្រទេសកម្ពុជា។
ឧកញ៉ា ចាន់ សុឃាំង បានមានប្រសាសន៍ថា ៖
“ខ្ញុំជឿជាក់ថា កិច្ចព្រៀមព្រៀងដំបូងចំនួន ២៥៧៥ តោននេះ គឺជានិមិត្តរូបដ៏ល្អមួយនៃកិច្ចចាប់ផ្តើមពាណិជ្ជកម្មអង្ករកម្ពុជា-ហ្វីលីពីន ដែលយើងនឹងប្រឹងប្រែងធ្វើការជំរុញទីផ្សារ និងការទាក់ទាញអតិថិជនហ្វីលីពីនឱ្យចូលចិត្តប្រើប្រាស់ និងទទួលទានអង្ករកម្ពុជា ដោយសហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់គោលដៅជំរុញទីផ្សារ ដោយធ្វើយ៉ាងណាឱ្យការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីនឱ្យបានក្នុងពេលដ៏ខ្លីខាងមុខ។”
សូមជម្រាបថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករតាមរយៈក្រុមហ៊ុនចំនួន ៤៨ក្រុមហ៊ុនទៅកាន់គោលដៅចំនួន ៤៩ បានបរិមាណអង្ករចំនួន ២៧៨ ១៨៤ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៩១.៦៤ លានដុល្លារ និងស្រូវចំនួន ២ ១៤២ ៤៨៣តោន (ប្រមាណជា ១.៣៧លានតោនអង្ករ) ទៅកាន់ប្រទេសជិតខាង ដែលគិតជាទឹកប្រាក់ប្រមាណជា ៥៤៥.២៦ លានដុល្លារ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content