បរទេស ៖ យោងតាមប្រភពព័ត៌មានពី The Diplomat បានរាយការណ៍ថា ទំនាក់ទំនងរវាងទីក្រុងបាងកក និងទីក្រុងប៉េកាំងនៅតែមានភាពកក់ក្តៅ ខណៈដែលរដ្ឋាភិបាលថៃកំពុងបន្តគោលនយោបាយការបរទេសដែលមានលក្ខណៈចម្រុះជាងមុន។
កាលពីដើមខែមករាកន្លងទៅនេះ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៉ីន បានប្រកាសថា ថៃនឹងបន្តលើកលែងលក្ខខណ្ឌតម្រូវទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនដែលចូលមកប្រទេសថៃចាប់ពីខែមីនាតទៅ។ គោលនយោបាយនេះត្រូវបានចុះហត្ថលេខាជាផ្លូវការដោយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីថៃ លោក Parnpree Bahiddha-Nukara កាលពីថ្ងៃទី ២៨ ខែមករា គឺជាការទទួលស្គាល់ពីសារៈសំខាន់ដ៏ធំនៃភ្ញៀវទេសចរចិនចំពោះវិស័យទេសចរណ៍របស់ប្រទេស ដែលជាសសរស្តម្ភសំខាន់នៃសេដ្ឋកិច្ចថៃ។
មុនពេលមានការរាតត្បាតឆ្នាំ២០១៩ ជនជាតិចិនជាង ១១ លាននាក់បានចូលមកក្នុងប្រទេសថៃក្នុងចំណោមភ្ញៀវអន្តរជាតិចំនួន ៣៩ លាននាក់។ ចាប់តាំងពីព្រំដែនអន្តរជាតិរបស់ថៃបានបើកឡើងវិញពីរឆ្នាំមុន រដ្ឋាភិបាលថៃចង់ស្វាគមន៍ភ្ញៀវចិនត្រលប់មកវិញ ដោយសារវិស័យទេសចរណ៍មានសារៈសំខាន់សម្រាប់ប្រទេសថៃ និងបានរួមចំណែកប្រមាណ ១២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ យ៉ាងណាមិញ ការងើបឡើងវិញនៃទេសចរណ៍ចិនទៅថៃមានចំនួនតិចជាងកម្រិតមុនកូវីដ-១៩ ដោយតិចជាង ២៧៥ ០០០ នាក់នៅឆ្នាំ២០២២ និង ប្រមាណជាង ៣,៥ លាននាក់នៅឆ្នាំ២០២៣ ដែលតិចជាងគោលដៅ ៥ លាននាក់របស់រដ្ឋាភិបាលថៃ។
ដើម្បីពន្លឿនការស្ទុះងើបឡើងវិញ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៉ីន បានប្រកាសពីការលើកលែងទិដ្ឋាការពីពលរដ្ឋចិនរយៈពេល ៦ ខែដោយចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤។ យ៉ាងណាមិញ ការធ្លាក់ចុះសេដ្ឋកិច្ចចិន វិបត្តិអចលនទ្រព្យ និងកម្រិតគ្មានការងារធ្វើរបស់យុវជនខ្ពស់បានរារាំងពលរដ្ឋធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេស ហើយជើងហោះហើរពីចិនទៅកាន់ថៃមានកម្រិតទាបមុនការរាតត្បាត។ លើសពីនេះ ការពឹងផ្អែកយ៉ាងខ្លាំងរបស់ថៃលើប្រាក់យ័នរបស់ទេសចរណ៍ចិនឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំដែលបានអភិវឌ្ឍរវាងប្រទេសទាំងពីរចាប់តាំងពីទំនាក់ទំនងការទូតត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៧៥។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីបានរីកចម្រើនជាលំដាប់ជាពិសេសក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ថៃ ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីឈានដល់ ១៣៥ ពាន់លានដុល្លារកាលពីឆ្នាំ២០២៣ ដែលភាពជាដៃគូសេដ្ឋកិច្ចត្រូវបានបង្កើតឡើងនៅលើភាពជិតខាងភូមិសាស្ត្រ និងទំនាក់ទំនងវប្បធម៌។ គេប៉ានស្មានថា យ៉ាងហោចណាស់ ១១ ភាគរយនៃប្រជាជនថៃ ៧១ លាននាក់ ជាប់ខ្សែស្រឡាយចិនចាប់តាំងចុងសតវត្សទី ១៩ និងដើមសតវត្សរ៍ទី ២០ ។
យោងតាមប្រភពដដែលលើកឡើងថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៉ីន គឺជាអតីតមហាសេដ្ឋីអចលនទ្រព្យកំពុងស្វែងរកឱកាសជាច្រើនតាមដែលគាត់អាចធ្វើបាន ដើម្បីស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ ហើយចិននឹងនៅតែជាចំណុចកណ្តាលនៃគោលដៅរបស់គាត់។
គួរឲ្យបញ្ជាក់ដែរថា ភាពស្និទ្ធស្នាលផ្នែកសេដ្ឋកិច្ចរវាងថៃ និងចិនចាប់ផ្តើមពង្រឹងខ្លាំងបន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០១៤។ កាលពីឆ្នាំ២០១៤ សហរដ្ឋអាម៉េរិក ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ ថៃតាំងពីសង្គ្រាមត្រជាក់ បានកាត់បន្ថយកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងដកជំនួយយោធារាប់លានដុល្លារជាមួយទីក្រុងបាងកក។ ជាការឆ្លើយតប រដ្ឋបាលយោធារបស់លោក ប្រាយុទ្ធ បានសម្លឹងមើលទៅប្រទេសផ្សេងទៀតសម្រាប់ការគាំទ្ររួមមានទាំងចិនផងដែរ។ លោក Thitinan Pongsudhirak អ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា រដ្ឋាភិបាលយោធាបានបានចងសម្ព័ន្នភាពជាមួយចិនដោយភាពចាំបាច់ ព្រោះចិនជាតួអង្គសំខាន់តែមួយគត់ដែលនឹងបន្តទំនាក់ទំនងជាមួយថៃ។ ទោះជាយ៉ាងណាក្តី ឥឡូវនេះ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៉ីន កំពុងទទួលយកវិធីសាស្រ្តខុសគ្នាបន្តិច និងមានតុល្យភាពជាងក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន។ រហូតមកដល់ពេលនេះ នាយករដ្ឋមន្ត្រីថ្មីរូបនេះបានបន្តគោលនយោបាយការបរទេសគ្រប់ទិសទីច្រើនជាងអ្នកកាន់តំណែងមុនៗ ដើម្បីភាពរួមបញ្ចូលគ្នាដ៏ទូលំទូលាយនៃទំនាក់ទំនងថៃជាមួយប្រទេសធំៗផ្សេងទៀត។
ចាប់តាំងពីចូលកាន់តំណែងកាលពីខែកញ្ញាមក នាយករដ្ឋមន្ត្រីថៃថ្មីបានធ្វើទស្សនកិច្ចទៅទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ និងបានជួបជាមួយប្រធានាធិបតីចិន Xi Jinping និងជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ផងដែរ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៉ីន មានគោលបំណងពង្រឹងទំនាក់ទំនងឡើងវិញជាមួយសហរដ្ឋអាមេរិក ដោយជួបជាមួយលោកប្រធានាធិបតី Joe Biden និងអញ្ជើញក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Microsoft និង Google ដើម្បីវិនិយោគនៅប្រទេសថៃ។ ឥឡូវនេះ ទីក្រុងវ៉ាស៊ីនតោនមានឆន្ទៈកាន់តែច្រើនក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនមានលក្ខណៈធម្មតាជាមួយប្រទេសថៃ។ ការផ្តោតសំខាន់របស់លោក សេដ្ឋា ក្នុងឋានៈជានាយករដ្ឋមន្ត្រីគឺដើម្បីធ្វើឲ្យសេដ្ឋកិច្ចថៃមានភាពប្រសើរឡើង ប៉ុន្តែភាពតានតឹងភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិនបន្តកាន់តែខ្លាំងឡើងនាពេលបច្ចុប្បន្ននេះ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃកំពុងទាក់ទាញការវិនិយោគសម្រាប់គម្រោងស្ពានខ្នាតយក្ស “Land Bridge” ដែលជាផែនការមានទំហំ ២៨ ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវតភ្ជាប់សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោករវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌានៅភាគខាងត្បូងប្រទេសថៃ។ គម្រោងស្ពានខ្នាតយក្ស “Land Bridge” គឺជាការធ្វើបច្ចុប្បន្នភាពពីគម្រោងចាស់ក្នុងការសាងសង់ប្រឡាយឆ្លងកាត់ Isthmus of Kra ដែលជាគម្រោងដែលត្រូវបានពិភាក្សាជាច្រើនសតវត្សមកហើយ។ ក្នុងអំឡុងពេលកាន់អំណាច លោក ប្រាយុទ្ធ បានបង្កើតកន្លែងស្រាវជ្រាវថៃ-ចិន ដើម្បីសិក្សាពីសក្តានុពលនៃគម្រោងប្រឡាយនេះ ហើយចិនក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បន្ថែមប្រឡាយ Kra ទៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ខ្លួនផងដែរ៕