បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា សហភាពអឺរ៉ុបបានដាក់ការរឹតបន្តឹងពាណិជ្ជកម្មកាន់តែតឹងរ៉ឹងលើក្រុមហ៊ុនចិនដែលពួកគេសង្ស័យថាកំពុងគាំទ្រដល់រុស្ស៊ី។ ការរឹតបន្តឹងនេះគឺជាផ្នែកមួយនៃការដាក់ទណ្ឌកម្មជុំទី ១៣ នៃប្រតិបត្តិការយោធារបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
យោងតាមការចេញផ្សាយបានឱ្យដឹងថា សហភាពអឺរ៉ុបកំពុងកំណត់គោលដៅលើអង្គភាពថ្មីសរុបចំនួន ២៧ ដែលចោទប្រកាន់ថា ពួកគេផ្តល់ការគាំទ្រដោយផ្ទាល់ដល់វិស័យយោធា និងឧស្សាហកម្មរបស់រុស្ស៊ី។ លើសពីនេះ អង្គភាពទាំងនោះស្ថិតនៅក្នុងប្រទេសផ្សេងទៀតរួមមាន ប្រទេសចិន ឥណ្ឌា ស្រីលង្កា ស៊ែប៊ី កាហ្សាក់ស្ថាន ថៃ និងទួរគី ហើយបានចូលរួមក្នុងការគេចវេសពីការរឹតបន្តឹងពាណិជ្ជកម្ម។ អង្គភាពទាំងនោះនឹងត្រូវទទួលរងនូវការត្រួតពិនិត្យការនាំចេញកាន់តែតឹងរ៉ឹងសម្រាប់ទំនិញដែលអាចប្រើប្រាស់ជាប្រយោជន៍ពីរ និងបច្ចេកវិទ្យាដែលអាចជួយដល់វិស័យយោធា និងសន្តិសុខរបស់រុស្ស៊ី។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងអឺរ៉ុបបានចោទប្រកាន់ចិនម្តងហើយម្តងទៀតថាបានជួយក្រុងម៉ូស្គូឱ្យគេចផុតពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ហើយផ្គត់ផ្គង់ជាមួយនឹងបច្ចេកវិទ្យាសំខាន់ៗ និងជំនួយដែលមិនបង្កគ្រោះថ្នាក់ ដូចជាមួកការពារ និងអាវក្រោះ។ កាលពីសប្តាហ៍មុន ចិនបានលើកឡើងថា ខ្លួននៅតែអព្យាក្រឹតក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយនឹងមិនលក់អាវុធឱ្យភាគីណាមួយឡើយ។ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប្រទេសចិនបានអំពាវនាវយ៉ាងខ្ជាប់ខ្ជួននូវដំណោះស្រាយនយោបាយ និងបានស្នើផែនការសន្តិភាពរបស់ខ្លួនកាលពីឆ្នាំមុន ដោយទាមទារឱ្យមានបទឈប់បាញ់ និងការចរចា។
គួរឲ្យបញ្ជាក់ផងដែរថា សហភាពអឺរ៉ុបបានយល់ព្រមលើកញ្ចប់ទណ្ឌកម្មថ្មីជុំទី ១៣ ប្រឆាំងនឹងរុស្ស៊ី ហើយក៏ជាលើកដំបូងបានកំណត់គោលដៅក្រុមហ៊ុនចិន និងឥណ្ឌាក្រោមការចោទប្រកាន់ថាបានគាំទ្រដល់ទីក្រុងម៉ូស្គូ។ បន្ថែមពីនេះ ទណ្ឌកម្មជុំទី ១៣ ដែលដាក់ដោយទីក្រុងប្រ៊ុចសែល គឺជាការឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កំណត់គោលដៅបុគ្គល និងអង្គភាពជិត ២០០ ដើម្បីដាក់សម្ពាធសកម្មភាពសេដ្ឋកិច្ចដ៏ធំទូលាយណាមួយដែលផ្តោតលើវិស័យឧស្សាហកម្មសំខាន់ៗ៕