ភ្នំពេញ៖ រយៈពេល១០ខែ ឆ្នាំ២០២៤ គិតចាប់ពីខែមករា ដល់ខែតុលា ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ ៖ភ្នំពេញ-សៀមរាប-ព្រះសីហនុ ទទួលបានជើងហោះហើរសរុបចំនួនជិត៥ម៉ឺនជើង កើនឡើង១៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា(SSCA)។
របាយការណ៍បានឱ្យដឹងថា៖ រយៈពេល១០ខែ ឆ្នាំ២០២៤ គិតចាប់ពីខែមករាដល់ខែតុលា ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងចិន មានចំនួន ៥,៤៤៨៦ ជើង កើនឡើង៦០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ រយៈពេល១០ខែដូចគ្នានេះដែរ ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងចិន ទទួលបានអ្នកដំណើរចំនួន ៧៣៣,៧២៩ នាក់ កើនឡើង ៨៣% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ដឹកជញ្ជូនទំនិញបានចំនួន ៦,៣៤១តោន កើនឡើង ៣៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ចំណែករបាយការណ៍របស់គ្រឹះស្ថានអង្គរបានបង្ហាញថា ចំនួនទេសចរចិនបានហក់កើនឡើង ក្នុងរយៈពេល១០ ខែ ឆ្នាំ២០២៤នេះ ជាមួយទេសចរចំនួន ៦៣៥៤៥ នាក់ ដែលបានទៅទស្សនានៅឧទ្យានអង្គរ ខណៈរយៈពេលដូចគ្នាឆ្នាំ២០២៣ មានទេសចរចិនតែ ៤៥២១៤ នាក់ប៉ុណ្ណោះ។
នៅក្នុងចំណោមទេសចរអន្ដរជាតិសរុបដែលបានទៅឧទ្យានអង្គរ ចំនួន ៧៧៤២០៣នាក់ ទេសចរចិន តំណាងឲ្យចំនួន៨.២%។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ៊ួ ចិន ជាប្រភពទេសចរធំទី៥ នៃទេសចរអន្ដរជាតិ ដែលបានទៅទស្សនាបរិវេណអង្គរ បន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសចិន បានកំណត់យកឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ តាមរយៈព្រឹត្តិការណ៍ផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន កម្ពុជារំពឹងថា នឹងអាចស្រូបទាក់ទាញទេសចរចិនមកទស្សនាកម្ពុជា កាន់តែច្រើនបន្ថែមទៀត៕