បរទេស ៖ វេទិកាធុរកិច្ចបរិយាបន្ននៃកិច្ចប្រជុំអាស៊ានលើកដំបូងដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេសហ្វីលីពីនកាលពីឆ្នាំ២០១៧ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយរបស់តំបន់ប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងការងាកទៅរកកិច្ចការងាររួមគ្នាមួយដើម្បីជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រដែលស្ថិតនៅក្រោមបាតនៃបន្ទាត់ពីរ៉ាមីត។ វាក៏ជាកិច្ចការងាររួមរបស់អាស៊ានដើម្បីអាចជួយផ្តល់ឳកាសដល់់ធុរកិច្ចទាំងឡាយណាដែលតែងតែបានជួយគិតគូរដល់បញ្ហាសង្គមផងដែរតាមរយៈការគាំទ្រទាំងស្មារតី និងហិរញ្ញវត្ថុ ធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់ពួកគេមានការរីកចម្រើនប្រកបដោយនិរន្តភាព និងអាចពង្រីកខ្លួនបានកាន់តែល្អប្រសើរឡើងទាំងទីផ្សារក្នុងស្រុក និងក៏ដូចជាតំបន់ផងដែរ។
ម្ចាស់ពានរង្វាន់ដំបូងគេនៅក្នុងព្រឹត្តិការណ៍លើកទី១នេះត្រូវបានគេស្គាល់ថាជាអាជីវកម្មលក់ឱសថ និងលក់យីហោឱសថផងនោះ ឈ្មោះ Erikagen Inc.,ដោយបច្ចុប្បន្នកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការប្រតិបត្តិការ និងការពង្រីកខ្លួនទៅកាន់ស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសហ្វីលីពីន។ ជាក់ស្តែង សាខាដែលស្ថិតនៅក្រោមស្លាកយីហោលក់ឱសថ(ឱសថស្ថាន)មានចំនួនដល់ទៅ៧០០ទីតាំងមកហើយ និងកំពុងជួយទៅដល់ពលរដ្ឋក្រីក្រហ្វីលីពីនរាប់ពាន់នាក់ឱ្យទទួលបានចំណូលជារៀងរាល់ថ្ងៃ។ ពួកគេអាចទទួលបាននូវគុណភាពនៃការថែទាំងសុខភាពកម្រិតបឋម និងថ្នាំពេទ្យដែលមានគុណភាពល្អដូចក្នុងទីផ្សារ ប៉ុន្តែមានតម្លៃសមរម្យខ្លាំងជាងគេ។

សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Erikagen Inc. លោក Ted Ferrer បានថ្លែងនៅក្នុងបទសំភាសមួយជាមួយនឹងធនាគារ ADB ថា ៖
«ខ្ញុំបានបើកដំណើរការសាខាដំបូងចំនួន១៥កន្លែង ប៉ុន្តែរយៈពេល ៣ ឬ ៤ឆ្នាំដំបូង យើងមិនទទួលបានប្រាក់ចំណេញឡើយ ។ ភ្លាមៗនោះ យើងខ្ញុំបានសម្រេចចិត្តបើកលក់យីហោ (Franchsing) ពីព្រោះយើងជឿជាក់លើគំរូអាជីវកម្មប្រភេទនេះ នៅពេលនោះហើយដែលប្រតិបត្តិការលក់របស់ក្រុមហ៊ុនបានចាប់ផ្តើមកើនឡើង»។
ក្រៅតែពីផ្តោតសំខាន់ទៅលើសហគមដែលមានពលរដ្ឋក្រីក្ររស់នៅហើយនោះ បច្ចុប្បន្ន Generika បានបង្កើនទាំងសេវាកម្មថែទាំសុខភាព និងពីគ្រោះយោបល់កម្រិតបឋមផងដែរ ដោយមិនមានគិតកម្រៃឡើយចំពោះការប្រឹក្សាសុខភាព ខណៈដែលតម្លៃថ្នាំពេទ្យទូទៅនៅតាមឱសថស្ថានរបស់ខ្លួនក៏មានតម្លៃទាបខ្លាំងជាងបើធៀបទៅនឹងតម្លៃនៅតាមទីផ្សារ។

ក្លីនិកផ្តល់សេវាកម្មថែទាំសុខភាពដែលមាននៅតាមឱសថស្ថានរបស់ Generika ត្រូវបានគេស្គាល់ឈ្មោះថា Family Doc Clinic។
ប្រធានឱសថស្ថានមួយកន្លែងដែលស្ថិតនៅក្នុងទីក្រុង Taqiug លោកស្រី Marylin De Leon បាននិយាយថា ៖
«ក្លីនិករបស់យើងផ្តល់នូវសេវាកម្មសុខភាពដែលមានតម្លៃទាបខ្លាំងធៀបទៅនឹងក្លីនិកធ្វើរោគវិនិច្ឆ័យទូទៅ ហើយសម្រាប់ការប្រឹក្សាជូនពលរដ្ឋក្រីក្រវិញគឺពុំមានការយកប្រាក់អ្វីនោះឡើយ ហើយជារឿយៗយើងតែងតែបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើនដើម្បីអាចធ្វើការពន្យល់បន្ថែមអំពីសេវាកម្ម និងផលិតផលរបស់យើងផងដែរ»។
គួរឲ្យដឹងដែរថា ក្រៅតែពីរកប្រាក់ចំណេញ និងផ្តោតសំខាន់ក្នុងការជួយដល់សង្គមនៃពលរដ្ឋក្រីក្រហ្វីលីពីនហើយនោះ Erikagen Inc. ក៏មានបញ្ចូលនូវគំនិតអភិវឌ្ឍតាមបច្ចេកវិទ្យាផងដែរ ទាំងគេហទំព័រ និងការបំប្លែងខ្លួនទៅជាទីផ្សារលក់ថ្នាំពេទ្យអនឡាញ ឬ e-commerce ដែលសាធារណជនអាចមើលឃើញប្រភេទថ្នាំទាំងអស់នៅក្នុងវេបសាយរបស់ក្រុមហ៊ុនគឺ https://www.generika.com.ph/។
គួរជម្រាបដែរថា ធុរកិច្ចបរិយាបន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅរបស់ប្រជាជនក្រីក្រឱ្យប្រសើរជាងមុន ជាពិសេសក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content