កេសរកូល គឺជាប្រភេទផ្កាដែលគេស្គាល់ជាទូទៅថា ផ្កាអរគីដេ ហើយវាមានច្រើនប្រភេទខុសៗគ្នាទៅតាមតំបន់នីមួយៗ ខណៈដែលនៅកម្ពុជា បើតាមការប៉ានស្មានគឺមានកេសរកូលប្រមាណជា ៥០០ប្រភេទ ហើយបានចងក្រងទិន្នន័យកេសរកូលចំនួន ២០០ប្រភេទរួចហើយ។ ជាមួយគ្នានេះ ដោយមើលឃើញពីសារៈសំខាន់នៃការអភិរក្សរុក្ខជាតិកេសរកូល ក្រសួងបរិស្ថានបានខិតខំធ្វើសកម្មភាពជាច្រើនដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការដកហូតយកកេសរកូលពីក្នុងដែនធម្មជាតិទៅធ្វើអាជីវកម្ម ហើយក្នុងនោះក៏មានការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវកេសរកូលសុខអាន ភ្នំគូលេន ព្រមទាំងបង្កើតជាវេទិកាជាតិកេសរកូលជារៀងរាល់ឆ្នាំ។
កម្ពុជាបានចាប់ផ្ដើមប្រារព្ធវេទិកាជាតិកេសរកូលបានចំនួន ២ដងរួចមកហើយ ដោយលើកទី១ គឺធ្វើឡើងកាលពីឆ្នាំ២០២០។ ដោយខកខាននៅក្នុងឆ្នាំ២០២១ ខណៈដែលវេទិកាកេសរកូលលើកទី២ត្រូវបានប្រារព្ធឡើងនៅក្នុងឆ្នាំ២០២២កន្លងទៅ ហើយលើកទី៣នេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៧-៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ នៅផ្សារទំនើប AEON រាជធានីភ្នំពេញ។
វេទិកានេះធ្វើឡើងដោយមានគោលបំណងជាច្រើនដូចជា បង្ហាញពីភាពសម្បូរបែបនៃកេសរកូលរបស់ប្រទេសកម្ពុជា គាំទ្រដល់ការអភិរក្សប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ជីវភាពសហគមន៍ ផ្សព្វផ្សាយពីប្រភេទផ្កាកេសរកូលដែលបានកំណត់អត្តសញ្ញាណរួចរាល់ ។ល។ លើសពីនេះទៅទៀត វេទិកាជាតិកេសរកូលក៏ធ្វើឡើងដើម្បីបណ្ដុះស្មារតីប្រជាពលរដ្ឋឱ្យស្រលាញ់ ការពារធនធានធម្មជាតិ លើកពីការព្រួយបារម្ភលើការបាត់បង់ប្រភេទកេសរកូលព្រៃ ដោយសារការធ្វើអាជីវកម្មហួសប្រមាណជាដើម។
យ៉ាងណាមិញ ដើម្បីឱ្យគោលបំណងនៃកម្មវិធីកាន់តែទទួលបាននូវភាពជោគជ័យ វេទិកាជាតិកេសរកូលលើកទី៣ខាងមុខ នឹងមានវត្តមានអ្នកពាក់ព័ន្ធដូចជា តំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ សិស្ស និស្សិត អាជីវករ មន្ត្រីឧទ្យានុរក្ស ជាដើម។ គួរបញ្ជាក់ថា វេទិកាជាតិកេសរកូលលើកទី៣ នឹងធ្វើឡើងនៅថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ នៅក្នុងផ្សារទំនើប AEON 1 រាជធានីភ្នំពេញ ដោយនឹងមានការដាក់តាំងពិព័រណ៍កេសរកូលព្រៃ និងប្រភេទរុក្ខជាតិដែលជិតផុតពូជផ្សេងទៀត ការសម្ដែងទម្រង់សិល្បៈបុរាណ ព្រមទាំងការបង្ហាញម៉ូតសម្លៀកបំពាក់ដែលច្នៃពីកេសរកូលជាដើម៕