ភ្នំពេញ ៖ វិនិយោគិនក្នុងស្រុក និងអ្នកជំនាញសេដ្ឋកិច្ច បានជំរុញឱ្យមានការកែលម្អបរិយាកាសវិនិយោគបន្ថែមទៀត ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដ៏លេចធ្លោមួយនៅក្នុងតំបន់អាស៊ាន។
លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅសាធារណរដ្ឋឥណ្ឌូនេស៊ី បានប្រាប់ឱ្យដឹងថា រាជរដ្ឋាភិបាលថ្មីនេះ ដោយអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលបានដាក់ចេញនូវការកែទម្រង់យ៉ាងច្រើន ដើម្បីទាក់ទាញការវិនិយោគ មានទាំងការអនុវត្តបច្ចេកវិទ្យាឌីជីថល និងការរៀបចំឱ្យមានច្បាប់វិនិយោគជាដើម។

លោកបណ្ឌិតបានបញ្ជាក់ថា ៖ «តាមពិតទៅ យើងធ្វើបានល្អច្រើនហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់ បទដ្ឋានគតិយុត្ត ការផ្លាស់ប្តូរមកប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការកំណែទម្រង់នានា ដែលសំដៅទាក់ទាញការវិនិយោគពីក្រៅប្រទេស។ តែអ្វីដែលយើងនៅខ្វះ គឺធនធានមនុស្សមានជំនាញពិតប្រាកដ។ នេះជាចំណុចសំខាន់មួយដែលអាចធ្វើឱ្យបរទេសគេសម្រេចចិត្តមករកស៊ីនៅស្រុកយើង។ ចំពោះការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់សកលលោកនៅក្នុងអាស៊ាននេះ ត្រូវបានលើកឡើងដោយនាយករដ្ឋមន្រ្តីឥណ្ឌូនេស៊ីផងដែរ ដោយគាត់បានបញ្ជាក់ថា អាស៊ាន គឺជាទិសដៅទាក់ទាញបំផុតសម្រាប់វិនិយោគិនបរទេស»។
លោកបានបន្ថែមឱ្យដឹងថា អាស៊ាន បានធ្វើការងារច្រើនហើយ ដើម្បីជំរុញការរវិនិយោគផ្ទាល់ពីបរទេសមកកាន់តំបន់ ដូចជាការផ្លាស់ប្តូរឌីជីថល, ការបណ្តុះបណ្តាលជំនាញផ្សេងៗជាដើម។ ម្យ៉ាងវិញទៀត ប្រទេសក្នុងតំបន់អាស៊ាន គួរមានការចែករំលែកពីវិធីសាស្រ្តល្អ ជាពិសេសប្រទេសមានដែលមានកំណើន FDI ខ្ពស់ គួរជួយបណ្តុះបណ្តាលប្រទេសជាសមាជិកផ្សេងទៀត ដើម្បីធ្វើឱ្យអាស៊ានកាន់តែខ្លាំង។
យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៨៥.៧ ទ្រីលានរៀល (៤៥.៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៩ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដែលមានប្រភពទុនចម្បងមកពីប្រទេស ចិន កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។ រំហូរវិនិយោគនេះគ្របដណ្តប់លើវិស័យធំៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងរមណីយដ្ឋាន កសិកម្ម វារីអគ្គិសនី និងសំណង់។
ដោយឡែក វិស័យហិរញ្ញវត្ថុ ទទួលបានការវិនិយោគពីបរទេសក្នុងទំហំទឹកប្រាក់ច្រើនជាងគេ ថែមទាំងមានប្រទេសមកវិនយោគច្រើនជាងគេផងដែរ ដូចជា កូរ៉េ ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី និងថៃ ជាដើម។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានលើកឡើងដែរថា មានកត្តាសំខាន់ៗជាច្រើន ដែលនៅតែជំរុញឱ្យវិនិយោគិនបរទេសចាប់អារម្មណ៍លើការវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលកត្តាទាំងអស់នោះរួមមានដូចជា ការយកចិត្តទុកដាក់របស់ធនាគារជាតិក្នុងនាមជានិយ័តករនៅក្នុងវិស័យនេះ, ការអនុវត្តដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ, តម្រូវការដើមទុនអប្បបរមាសម្រាប់ធនាគារនៅមានកម្រិតទាបនៅឡើយ និងកត្តាផ្សេងៗជាច្រើនទៀត។
លោកបណ្ឌិតបានបញ្ជាក់ថា ៖ «ការចែករំលែកព័ត៌មានស្តីពីការអភិវឌ្ឍន៍ច្បាប់ និងបទប្បញ្ញត្តិស្តីពីធនាគារ និងហិរញ្ញវត្ថុ និងព័ត៌មានអំពីបរិយាកាសដែលពួកគេកំពុងធ្វើការ រួមទាំងព័ត៌មាននៅលើទីផ្សារ និងហានិភ័យដែលពាក់ព័ន្ធពិតជាមានសារៈសំខាន់។ វិនិយោគិនបរទេស មិនចាំបាច់ព្រួយបារម្ភលើការផ្លាស់ប្តូរទៅជារូបិយប័ណ្ណក្នុងស្រុកទេ ព្រោះពួកគេអាចមានប្រតិបត្តិការអាជីវកម្មរបស់ពួកគេជាដុល្លារអាមេរិកបាន និងបានបង្កលក្ខណៈងាយស្រួលច្រើនដល់អ្នកវិនិយោគ»។

ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាវិនិយោគកម្ពុជា ធ្លាប់បានលើកឡើងថា ទោះបីជាមានវិបត្តិកូវីដ១៩ ដែលកំពុងបន្តកើតមាន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ រំហូរវិនិយោគផ្ទាល់ពីបរទេស មកកាន់ប្រទេសកម្ពុជានៅតែមានស្ថិរភាព ដោយទាក់ទាញបានចំនួន ៣.៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។
លោកបានបញ្ជាក់ថា កម្ពុជាបានឈរនៅលំដាប់កំពូលក្នុងបញ្ជីអ្នកវិនិយោគក្នុងប្រទេសកាលពីឆ្នាំមុនដោយមានចំនួន ៥៣,៥៤ ភាគរយតាមពីក្រោយដោយប្រទេសចិនចំនួន ៤២,០១ ភាគរយ ប្រទេសថៃចំនួន ១,០៩ ភាគរយ និងប្រទេសជប៉ុនចំនួន ០,៩៨ ភាគរយ។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញដែរថា ដើម្បីជំរុញកំណើននៃការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជាបន្ថែមទៀត ទាំងរដ្ឋាភិបាល និងវិស័យឯកជន ត្រូវមានការពិភាក្សាគ្នាឱ្យបានលម្អិត ដើម្បីរៀបចំបរិយាកាសវិនិយោគថ្មីមួយ ដែលធ្វើឱ្យវិនិយោគិនបរទេសមានទំនុកចិត្ត និងផ្តល់ភាពចំណេញខ្ពស់នៅពេលគេសម្រេចបោះទុន។
លោកបានប្រាប់ថា ៖ «ការរៀបចំគោលនយោបាយ ច្បាប់ ជារឿងសំខាន់ហើយ ដែលការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ រឹតតែសំខាន់ថែមទៀត ឯតម្លៃអគ្គិសនី អាចជាកត្តាគួបផ្សំដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនក្រៅប្រទេស ព្រោះអគ្គិសនី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់គ្រប់វិស័យទាំងអស់ ក្រៅពីការចំណាយលើវត្ថុធាតុដើម កម្លាំងពលកម្ម និងបច្ចេកវិទ្យាឌីជីថល»៕ អត្ថបទដោយ ៖ វណ្ណ សុជាតា




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content