មនុស្សគ្រប់រូបដែលកើតរស់រានមានជីវិតនៅក្នុងសម័យកាលណាក៏ដោយ ចាំបាច់ណាស់នូវតម្រូវការប្រចាំថ្ងៃជាមូលដ្ឋាន (Basic Needs) ដែលមិនអាចខ្វះបាន រួមមាន ទីជម្រកសម្រាប់ជ្រកកោន ចំណីអាហារសម្រាប់ទទួលទាន ក៏ដូចជាថវិកាសម្រាប់ចំណាយចាយវាយប្រចាំថ្ងៃ។ តើនឹងមានអ្វីកើតឡើង នៅពេលពលរដ្ឋមួយភាគធំនៃប្រទេសមួយមិនអាចមានលទ្ធភាពទទួលបាននូវតម្រូវការចាំបាច់ទាំងនោះ?

ប្រទេសអាហ្សង់ទីន នៅពេលបច្ចុប្បន្ននេះបានក្លាយទៅជាឧទាហរណ៍មួយ រួមជាមួយនឹងចម្លើយសម្រាប់ឆ្លើយតបទៅនឹងសំណួរខាងលើ។
យោងតាមរបាយការណ៍ដែលស្រាវជ្រាវដោយស្ថាប័នសារព័ត៌មានបរទេសជាច្រើនបានរកឃើញថា កាលពីដើមឆ្នាំ២០២៣កន្លងទៅនេះ ពលរដ្ឋអាហ្សង់ទីនប្រមាណជា១៨លាននាក់ មិនអាចរ៉ាប់រងទៅលើការចំណាយសម្រាប់តម្រូវការចាំបាច់របស់ពួកគេបាននោះទេ ហើយចំនួននេះនឹងអាចបន្តកើនឡើងបន្ថែមទៀតនាពេលខាងមុខ ខណៈដែលវិបត្តិសកលកំពុងបន្តបញ្ហានៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក។

ក្រៅពីវិបត្តិកូវីដវិបត្តិថាមពលហើយនោះ អត្រាអតិផរណាបានក្លាយទៅជាបញ្ហាដ៏ធ្ងន់ធ្ងរជាងគេបំផុតសម្រាប់ប្រជាជាតិមួយនេះ ដោយកាលពីខែកុម្ភៈកន្លងមកនេះ កម្រិតអតិផរណាបានកើនឡើងទៅដល់ជាង១០០ភាគរយ និងត្រូវបានគេមើលឃើញថា ជាអត្រាអតិផរណាខ្ពស់បំផុតនិង៣ខ្ទង់ដំបូងបំផុតមិនធ្លាប់មានគិតចាប់តាំងតែពីឆ្នាំ១៩៩១មក។
ពលរដ្ឋស្ទើរតែពាក់កណ្តាលមិនអាចទទួលបានតម្រូវការចាំបាច់ប្រចាំថ្ងៃបានបង្ហាញអំពីទីតាំងមួយដែលអាហ្សង់ទីនកំពុងស្ថិតនៅលើមាត់ជ្រោះដ៏គ្រោះថ្នាក់ដោយក្នុងនោះធនាគារពិភពលោក ឬ World Bank បានរកឃើញថាឆ្នាំនេះពលរដ្ឋអាហ្សង់ទីនជាង៤០ភាគរយបានធ្លាក់ចូលក្រោមបន្ទាត់ភាពក្រីក្រ ពលរដ្ឋមួយចំនួនធំគ្មានការងារធ្វើ ហើយទោះបីជាប្រជាពលរដ្ឋខ្លះទៀតមានការងារធ្វើក៏មិនអាចទួលរែកនូវការចំណាយដ៏មានតម្លៃទាំងអស់នោះទេ។

ប្រតិកម្មរបស់ពលរដ្ឋចំពោះបញ្ហានេះបានបង្ហាញចេញតាមរយៈការតវ៉ាទាមទារជាច្រើនដើម្បីសុំឲ្យមានការតម្លើងប្រាក់ឈ្នួល និងការតម្លើងប្រាក់ឧបត្ថម្ភធនបន្ថែមទៀតពីកញ្ចប់ថវិការរដ្ឋ។ ពលរដ្ឋជាច្រើនរយច្រើនពាន់នាក់ចាប់ផ្តើមគ្មានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃជួលផ្ទះ ហើយខ្លះទៀតក្លាយជាមនុស្សគ្មានផ្ទះសំបែង និងត្រូវបង្ខំចិត្តគេងនៅតាមទីសាធារណៈដូចជាអាកាសយាដ្ឋានជាដើម។ ពលរដ្ឋខ្លះដែលទទួលបានប្រាក់ឧត្ថម្ភធនពីរដ្ឋាភិបាលបាននិយាយថា ប្រាក់ដែលពួកគេទទួលបានគឺមិនគ្រប់គ្រាន់ទេប្រសិនបើពួកគេចំណាយលើថ្លៃជួលផ្ទះ ហើយរឹតតែមិនមានលទ្ធភាពទិញអាហារទទួលទានទៀតផង។ ជាការគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំ២០២៣នេះត្រូវបានគេព្យាករណ៍ថា សេដ្ឋកិច្ចរបស់អាហ្សង់ទីននឹងធ្លាក់ចុះដល់ទៅ៣ភាគរយ ដោយសារតែបញ្ហាវិបត្តិអតិផរណាដែលធ្ងន់ធ្ងរជាងគេ ហើយបន្ទាប់មកបញ្ហាសម្រាប់កសិករ ដោយសារគ្រោះរាំងស្ងួតដ៏អាក្រក់មួយបានរុញច្រានឲ្យកសិផលធ្លាក់ចុះដល់ទៅពាក់កណ្តាលធៀបទៅនឹងបណ្តាឆ្នាំកន្លងទៅ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content