សៀមរាប ៖ នៅចំពោះមុខធុរជនប្រមាណ៤០០នាក់មកពីជាង៤០ប្រទេស ដែលបានចូលរួមវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្មនៃមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នាសណ្ឋាគារសុខាអង្គរខេត្តសៀមរាប លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងលើកទឹកចិត្ត និងស្នើឲ្យអ្នកវិនិយោគទាំងអស់ចូលរួមស្វែងយល់ពីសក្តានុពលដ៏ធំដែលកម្ពុជាផ្តល់ជូនធុរជន។
វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម មានវត្តមានចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍,ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ សហគ្រិន និងវិនិយោគិនក្នុងស្រុកនិងបរទេសជាច្រើនរូប។

ថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធី “វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម” លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីបរិយាកាសធុរកិច្ចដ៏រស់រវើក និងពោរពេញដោយសក្តានុពល ដែលក្នុងរយៈពេលពីរទស្សវត្សរ៍មកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ។ ជោគជ័យនេះត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃស្ថិរភាពនយោបាយ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចល្អ និងរដ្ឋាភិបាលសកម្មដែលយល់ពីតម្លៃនៃវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន។

លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានកំពុងធ្វើការយ៉ាងសកម្មក្នុងការអភិវឌ្ឍក្របខណ្ឌច្បាប់ និងបញ្ញតិ្តក្នុងស្រុក ដើម្បីជួយសម្រួលការដំណើរការអាជីវកម្មនៅកម្ពុជាឱ្យមានភាពប្រគួតប្រជែង និងធានាពង្រឹងដល់បរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរជាងមុន។
លោកជំទាវរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖បរិវត្តកម្មឌីជីថល គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ។ អាស្រ័យហេតុនេះ ប្រទេសកម្ពុជាទទួលស្គាល់ថា ការទទួលយកបច្ចេកវិទ្យាឌីជីថលគឺមានសារៈសំខាន់សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងការប្រកួតប្រជែង។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួនដូចជា៖ ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CAMdx), verify.gov.kh, ប្រព័ន្ធបញ្ជរតែមួយជាតិ, CambodiaTrade.com, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ និងប្រព័ន្ធទូទាត់ឌីជីថល (បាគង)។
គួរជម្រាបផងដែរថា៖ក្នុងវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្មនៃមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤នោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន ក៏បានចែករម្លែកអំពីសក្តានុពលទេសចរណ៍ ខណៈឯកឧត្តម ឃឹម ហ្វីណង់ ចែករម្លែកទាក់ទងវិស័យកសិកម្ម ហើយឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមCDC ធ្វើបទបង្ហាញពីគោលនយោបាយវិនិយោគទុននៅកម្ពុជាចំណែក អ្នកឧកញ៉ា សៀទ្ធី ប្រធានក្រុមហ៊ុនWorld Bridge Group ចែករំលែកអំពីវិស័យអចលនទ្រព្យ៕







វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content