ភ្នំពេញ ៖ វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ខណៈរាជរដ្ឋាភិបាលបានកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរទ្បើងបន្ថែមទៀតនូវបរិយាការធុរកិច្ច និងវិនិយោគ ព្រមទាំងពង្រីកទីផ្សារនាំចេញ-នាំចូលឱ្យកាន់តែប្រសើរជាងពេលបច្ចុប្បន្ន។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីបើកសិក្ខាសាលាស្តីពីពាណិជ្ជកម្មក្នុងប្រទេស និងការនាំចេញ ដែលរៀបចំទ្បើងដោយសភាពាណិជ្ជកម្មអន្តរជាតិ(IBC) នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ សិក្ខាសាលាស្តីពីពាណិជ្ជកម្មក្នុងប្រទេស និងការនាំចេញ ដែលចូលរួមពីតំណាងក្រុមហ៊ុនធុរកិច្ច និងវិនិយោគជាតិ -អន្តរជាតិ ព្រមទាំងតំណាងវិស័យឯកជននេះ ជាឱកាសយ៉ាងសំខាន់ក្នុងការជួបពិភាក្សាលើការវិវត្តថ្មីនៃស្ថានភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាតំបន់ និងសកលលោក ជាពិសេស ដើម្បីផ្លាស់ប្តូរយោបល់ លើកជាដំណោះស្រាយលើបញ្ហាប្រឈមនានាដែលបាន និងកំពុងជួបប្រទះ។
លោកជំទាវក៏បានលើកទឹកចិត្តដល់តំណាងវិស័យឯកជនទាំងអស់ចូលរួមឱ្យបានផុសផុលក្នុងកិច្ចពិភាក្សានេះ ជាពិសេសការចូលរួមផ្តល់ជាគំនិតយោបល់ និងធាតុចូលរួមចំណែកក្នុងការចូលរួមរៀបចំ និងអនវុត្តគោលនយោបាយ យុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល សំដៅពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ លើកកម្ពស់សកម្មភាពពាណិជ្ជកម្មក្នុងប្រទេស និងជំរុញការនាំចេញ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីសមិទ្ធផលការងារសំខាន់ៗដែលក្រសួងសម្រេចបាននាពេលកន្លងមក ជាពិសេសលើការងារធ្វើទំនើបកម្ម ការផ្តល់សេវាសាធារណៈតាមរយៈការដាក់ចេញនូវប្រកាសស្តីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ដោយផ្តោតសំខាន់លើការងារចុះបញ្ជីពាណិជ្ជកម្ម ការធ្វើទំនើបកម្មនៃការទូទាត់កម្រៃសេវាសាធារណៈ ជាពិសេស ការលើកលែងផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ។
សូមជម្រាបថា៖ សិក្ខាសាលាស្តីពីពាណិជ្ជកម្មក្នុងប្រទេស និងការនាំចេញ មានកិច្ចពិភាក្សាតុមូលចំនួន២ ដែលជជែកអំពីពាណិជ្ជកម្មក្នុងស្រុក និងការនាំចេញ។ កិច្ចពិភាក្សាអំពីពាណិជ្ជកម្មក្នុងស្រុក ផ្តោតទៅលើនិន្នាការទីផ្សារក្នុងស្រុក បទប្បញ្ញត្តិ និងការបង្កើតឱកាស។ ចំណែកកិច្ចសន្ទនាអំពីការនាំចេញ ផ្តោតទៅលើការដោះស្រាយ ការត្រៀមខ្លួនសម្រាប់ការនាំចេញ, អនុលោមភាព និងការចូលទៅកាន់ទីផ្សារអន្តរជាតិ៕






វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content