បរទេស៖ យោងតាមប្រភពព័ត៌មានពី Arab News បានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះបន្តិចបន្ទាប់ពីការកើនឡើងស្តុកប្រេងសាំងរបស់សហរដ្ឋអាមេរិក និងការរង់ចាំមើលកិច្ចប្រជុំ OPEC+ ដើម្បីពិភាក្សាអំពីគោលនយោបាយទិន្នផលប្រេង។ ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,២៧ ភាគរយ ឬ ៧២,៦៣ ដុល្លារក្នុងមួយបារ៉ល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៣ ភាគរយ ឬ ៦៨,៤២ ដុល្លារក្នុងមួយបារ៉ែល។
កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋបាលព័ត៌មានថាមពលអាមេរិកបានបង្ហាញថា ស្តុកប្រេងសាំងរបស់សហរដ្ឋអាមេរិកបានកើនឡើង ៣,៣ លានបារ៉ែលកាលពីសប្តាហ៍មុន ដែលផ្ទុយពីការព្យាករណ៍ថាស្តុកប្រេងអាចនឹងធ្លាក់ចុះ ដោយសារតម្រូវការអ្នកប្រើប្រាស់សម្រាប់ការធ្វើដំណើរថ្ងៃឈប់សម្រាក។
យ៉ាងណាមិញ ការធ្លាក់ចុះនៃតម្រូវការប្រេងឥន្ធនៈនៅប្រទេសចិន និងសហរដ្ឋអាម៉េរិក បានជះឥទ្ធិពលខ្លាំងលើតម្លៃប្រេងនៅឆ្នាំនេះ បើទោះបីជាមានការកាត់បន្ថយការផ្គត់ផ្គង់ពី OPEC+ ដើម្បីទប់ស្កាត់ការខាតបង់ក៏ដោយ។ OPEC+ មានបំណងជួបប្រជុំគ្នានៅសប្តាហ៍នេះ និងកំពុងពិភាក្សាអំពីការពន្យារពេលបន្ថែមទៀតចំពោះការដំឡើងទិន្នផលប្រេង។ ពាណិជ្ជករប្រេងកំពុងរង់ចាំកិច្ចប្រជុំរបស់អង្គការ OPEC+ នៅថ្ងៃអាទិត្យនេះ ដោយព្យាករណ៍ថា OPEC+ អាចនឹងបន្តកាត់បន្ថយផលិតកម្មរបស់ពួកគេ។ កាលពីដើមឆ្នាំនេះ OPEC+ បានប្រកាសអំពីផែនការនាំយកការផ្គត់ផ្គង់ត្រឡប់មកទីផ្សារវិញជាបណ្តើរៗនៅចុងឆ្នាំនេះ ប្រសិនបើតម្លៃប្រេងកើនឡើងដូចដែលពួកគេបានកំណត់។ យ៉ាងណាមិញ តម្លៃប្រេងមិនបានឡើងថ្លៃដល់កម្រិតខ្ពស់អស់រយៈពេលជាច្រើនខែមកហើយ ខណៈដែល OPEC+ ពន្យារពេលបង្កើនការផ្គត់ផ្គង់ត្រឡប់មកវិញ។
Brent និង WTI បានធ្លាក់ចុះជាង ៣ ភាគរយរៀងគ្នាក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការយល់ព្រមពីអ៊ីស្រាអែលចំពោះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុម Hezbollah របស់ប្រទេសលីបង់។ បទឈប់បាញ់បានចាប់ផ្តើមកាលពីថ្ងៃពុធ ហើយបានជួយបន្ធូរបន្ថយការព្រួយបារម្ភថា ជម្លោះនេះអាចរំខានដល់ការផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈិមបូព៌ា។ យ៉ាងណាមិញ ទីផ្សារប្រេងនៅមិនទាន់ធូរស្រាលទាំងស្រុងនោះទេ ដោយសារភាពតានតឹងនៃភូមិសាស្ត្រនយោបាយនៅតែមាន។ អ្នកវិភាគបានលើកឡើងពីលទ្ធភាពដែល Donald Trump អាចនឹងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ហើយវានឹងបង្កហានិភ័យលើការផ្គត់ផ្គង់ប្រេងរបស់អ៊ីរ៉ង់៕