បរទេស៖ យោងតាមប្រភពព័ត៌មានពី Financial Time បានរាយការណ៍ថា ក្រុមប្រទេសផលិតប្រេង OPEC+ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានបន្តកាត់បន្ថយផលិតកម្មប្រេងដោយស្ម័គ្រចិត្តបន្ថែមរយៈពេល៣ខែទៀត ខណៈដែលពួកគេព្យាយាមជំរុញតម្លៃឲ្យឡើងថ្លៃ ទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ។
ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៣ ភាគរយ ឬ ៨៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក WTI ឡើងថ្លៃ ០,៣ ភាគរយ ឬ ៨0,១៧ ដុល្លារក្នុងមួយបារ៉ែល។ ចាប់តាំងពីមានការកាត់បន្ថយចុងក្រោយបំផុតនៅខែវិច្ឆិកា តម្លៃប្រេងឆៅម៉ាក Brent កើនឡើង ៦ ភាគរយ ខណៈប្រេងឆៅម៉ាក WTI ឡើងថ្លៃ ៨ ភាគរយ។ យ៉ាងណាក៏ដោយ ទោះបីជាមានភាពតានតឹងនៅមជ្ឈិមបូព៌ា និងការវាយប្រហារនៅសមុទ្រក្រហមក៏ដោយ ប៉ុន្តែតម្លៃប្រេងនៅតែទាបជាងកម្រិត ១០០ ដុល្លារក្នុងមួយបារ៉ែល។
យោងតាមទីភ្នាក់ងារព័ត៌មានពីអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា ការកាត់បន្ថយទិន្នផលប្រេងនឹងត្រូវផុតកំណត់នៅចុងខែមីនា ប៉ុន្តែនឹងបន្តរហូតដល់ចុងខែមិថុនាវិញ។ ចាប់តាំងពីឆ្នាំ២០២២ សមាជិកអង្គការ OPEC+ បានកាត់បន្ថយទិន្នផលជាបន្តបន្ទាប់ ចំពេលមានការកើនឡើងផលិតកម្មរបស់សហរដ្ឋអាមេរិក និងតម្រូវការសកលដែលខ្សោយ។ ចាប់តាំងពីការកាត់បន្ថយដោយស្ម័គ្រចិត្តចុងក្រោយបង្អស់បានចូលជាធរមានក្នុងខែមករា ពួកគេបានកាត់បន្ថយគោលដៅផលិតកម្មសរុបប្រហែល ២,២ លានបារ៉ែលក្នុងមួយថ្ងៃ។
លោក Giacomo Romeo អ្នកវិភាគនៅ Jefferies បាននិយាយថា ការសម្រេចចិត្តនេះបង្ហាញពីការរួបរួមរបស់ក្រុម ហើយបញ្ជាក់ថាពួកគេមិនប្រញាប់ប្រញាល់ក្នុងការបន្តកម្រិតផ្គត់ផ្គង់ឡើងវិញទេ។ Amrita Sen មកពី Energy Aspects បាននិយាយថា OPEC+ កំពុងព្យាយាមរក្សាស្ថិរភាពទីផ្សារប្រេង ទោះបីតម្លៃប្រេងមានស្ថិរភាពក៏ដោយ ប៉ុន្តែពួកគេចង់ធានាស្ថិរភាពឲ្យបានយូរ។
គួរឲ្យបញ្ជាក់ដែរថា អារ៉ាប៊ីសាអូឌីតបានអនុវត្តការកាត់បន្ថយទិន្នផលប្រេងច្រើនជាងគេ ដោយបានកាត់បន្ថយផលិតកម្មរបស់ខ្លួនចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃចាប់តាំងពីខែកក្កដា។ សរុបមក អារ៉ាប៊ីសាអូឌីត កំពុងផលិតប្រេង ២ លានបារ៉ែលក្នុងមួយថ្ងៃ ដែលតិចជាងកាលពីខែតុលា ឆ្នាំ២០២២។ បន្ថែមពីនេះ អារ៉ាប៊ីសាអូឌីតមានបំណងចង់ឲ្យតម្លៃប្រេងឡើងថ្លៃ ១០០ ដុល្លារក្នុងមួយបារ៉ែល ដើម្បីផ្តគាំទ្រដល់កម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនៃការកាត់បន្ថយផលិតកម្មមិនត្រូវបាគាំទ្រដោយសហរដ្ឋអាមេរិកនោះទេ ពីព្រោះអាម៉េរិកព្រួយបារម្ភអំពីផលប៉ះពាល់លើអតិផរណា។
យ៉ាងណាមិញ គុយវ៉ែត អាល់ហ្សេរី កាហ្សាក់ស្ថាន អូម៉ង់ អ៊ីរ៉ាក់ និងអារ៉ាប់រួមក៏បានបញ្ជាក់ថា ពួកគេនឹងរក្សាការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តផងដែរ។ ឥឡូវនេះ គេកំពុងតាមដានមើលកិច្ចប្រជុំពាក់កណ្តាលប្រចាំឆ្នាំរបស់រដ្ឋមន្ត្រី OPEC+ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១ ខែមិថុនា ដែលអ្នកវិភាគរំពឹងថា ក្រុមប្រទេសទាំងនេះអាចនឹងកែតម្រូវគោលនយោបាយផលិតកម្មសម្រាប់ឆមាសទីពីរនៃឆ្នាំនេះ។ ស្របពេលនេះដែរ ប្រទេសជាសមាជិកសង្ឃឹមថានឹងបន្ថែមការផ្គត់ផ្គង់ត្រឡប់ចូលទៅទីផ្សារវិញនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ប៉ុន្តែពួកគេមិនធានានោះទេ ដោយសារវាអាស្រ័យលើលក្ខខណ្ឌទីផ្សារ។ ដូច្នោះហើយ ទស្សនវិស័យសម្រាប់តម្រូវការប្រេងនៅឆ្នាំនេះនៅតែមិនច្បាស់លាស់។ IEA ព្យាករណ៍ថា តម្រូវការប្រេងនឹងកើនឡើង ១,២ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈពេលដែល OPEC ជឿជាក់ថា កំណើនតម្រូវការនឹងកើនឡើងខ្ពស់ដល់ ២,២ លានបារ៉ែលក្នុងមួយថ្ងៃ៕