បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា សម្ព័ន្ធមិត្តរបស់ក្រុមប្រទេសនាំចេញប្រេង OPEC+ បានព្រមព្រៀងគ្នាក្នុងការជំរុញផលិតកម្មប្រេង ដែលជាការផ្លាស់ប្តូរមួយក្នុងការកាត់បន្ថយតម្លៃប្រេង ខណៈដែលពិភពលោកមានស្តុកប្រេងក្នុងកម្រិតទាប។

កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ OPEC+ បានជួបប្រជុំគ្នាតាមអនឡាញ និងប្រកាសថា ប្រទេសជាសមាជិកចំនួន ៨ បានព្រមព្រៀងគ្នាបង្កើនផលិតកម្មប្រេងបន្ថែមចំនួន ៥៤៧ ០០០ បារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែកញ្ញា។ ស្របពេលជាមួយគ្នានេះ បន្ទាប៉ពីមានការប្រកាសភ្លាម តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះបន្តិច ០,៤៦% ឬ ៦៩,៣៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក US West Texas Intermediate (WTI) ធ្លាក់ចុះ ០,៤៥% ឬ ៦៧,០៣ ដុល្លារក្នុងមួយបារ៉ែល។
កាលពីលើកមុន សមាជិកទាំង ៨ របស់ OPEC+ រួមមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ បានចូលរួមកាត់បន្ថយផលិតកម្មប្រេងដោយស្ម័គ្រចិត្តត្រឹមខែកញ្ញា ឆ្នាំ២០២៦។ យ៉ាងណាមិញ ពួកគេសម្រេចចិត្តបញ្ចប់ផែនការនេះមុនកាលកំណត់ និងប្តូរមកបង្កើនផលិតកម្មវិញ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីប្រេងរបស់ប្រទេសគុយវ៉ែត Tariq Al-Roumi បានសរសើរការសម្រេចចិត្តរបស់ OPEC+ ក្នុងការបង្កើនផលិតកម្មប្រេង ដោយនិយាយថា វាឆ្លុះបញ្ចាំងពីគោលបំណងក្នុងការធានាស្ថិរភាពទីផ្សារប្រេង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដដែល លោក Al-Roumi បានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺផ្អែកលើការវិភាគទិន្នន័យទីផ្សារយ៉ាងហ្មត់ចត់រួមមាន ការផលិត ស្តុក និងការរំពឹងទុកនាពេលអនាគត។ មិនត្រឹមតែប៉ុណ្ណោះ ការសម្រេចចិត្តនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដើម្បីស៊ីសងជាមួយនឹងការកាត់បន្ថយទិន្នផលប្រេង ២,២ លានបារ៉ែលក្នុងមួយថ្ងៃកាលពីលើកមុន។ នៅពេលដែលផលិតកម្មប្រេងកើនឡើង តម្លៃប្រេង និងសាំងអាចនឹងធ្លាក់ចុះ។

គួរកត់សម្គាល់ថា ចាប់តាំងពីខែមេសារហូតមក ការប្រើប្រាស់ប្រេងបានធ្លាក់ចុះច្រើនជាង ២០% ដោយសារគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក Donald Trump បានជំរុញឱ្យមានការព្យាករណ៍កាន់តែខ្លាំងលើការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ យ៉ាងណាមិញ គេមើលឃើញថា ការត្រឡប់មកវិញនៃទីផ្សារចិនបានជួយដល់ការគាំទ្រដល់ការកើនឡើងតម្លៃ។ ជាក់ស្តែង តម្លៃប្រេងឆៅ Brent ដែលត្រូវបានចាត់ទុកថាជាស្តង់ដារពិភពលោកបានកំពុងស្ថិតនៅក្នុងកម្រិតជួញដូរជិត ៧០ ដុល្លារក្នុងមួយបារ៉ែល ដោយសារការបាត់បង់សមត្ថភាពប្រេងរុស្ស៊ីនៅលើទីផ្សារ និងការកើនឡើងនៃស្តុកប្រេងឆៅនៅក្នុងប្រទេសចិន៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content