ភ្នំពេញ ៖ គិតត្រឹមសប្ដាហ៍ទី២ នៃខែកញ្ញា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ទី៧ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានវឌ្ឍនភាពប្រមាណ ៤៥ភាគរយ ដែលលឿនជាងផែនការគ្រោងទុករហូតដល់ប្រមាណ ៤.១១ភាគរយ ហើយអាចបញ្ចប់ទាំងស្រុងមុនពេលកណត់។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីសប្ដាហ៍មុននេះ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ។ នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពង់ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែលកំពុងអនុវត្តគម្រោង ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាព និងសោភណ័្ឌភាព ។

ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធ ឲ្យខិតខំសម្របសម្រួល ដោះស្រាយ និងកាត់បន្ថយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញឲ្យគម្រោងផ្លូវតភ្ជាប់អាចដំណើរការ និងបញ្ចប់ស្របពេលជាមួយស្ពាន ដើម្បីប្រសិទ្ធភាពនៃការតភ្ជាប់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជំរុញការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារបន្តទៀតដោយហេតុថា រដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង បន្តការថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ។

ដោយឡែក ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនពីន បានលើកដែរថា កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធរវាងចិន-កម្ពុជា បន្តរីកចម្រើនទៅមុខ។ គិតត្រឹមចុងខែសីហា ឆ្នាំ២០២៥ វឌ្ឍនភាពគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% មុនកាលកំណត់។ គម្រោងនេះ រំពឹងថា នឹងបញ្ចប់នៅដើមឆ្នាំ២០២៨ ហើយក្រោយពេលដាក់ឱ្យប្រើប្រាស់នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ និងជួយកែលម្អបណ្ដាញទូរគមនាគមន៍ និងប្រសិទ្ធភាពនៃការដឹកជញ្ជូន។

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧តាមដងទន្លេបាសាក់បន្ទាប់ពីស្ពានដែលបានសាងសង់រួចទាំង៦ រួមមាន ស្ពានឆ្លងកោះពេជ្រកោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ។ ស្ពាននេះ មានប្រវែងសរុប ១៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។ វឌ្ឍនភាពគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អងក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់នេះ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៥ សម្រេចបាន ៤៥% លឿនជាងផែនការ ៤,១១% ដែលរយៈពេលសាងសង់តាមផែនការមានរយៈពេល៤២ខែ និងត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ ខាងមុខនេះ។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ព្រែកប្រា-ចាក់អង្រែក្រោម) ស្ថិតក្នុងភូមិសាស្ត្រ ខាងលិច សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងត្រើយខាងកើត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅពេលសាងសង់រួច គម្រោងនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ និងជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍក្នុងតំបន់៕






វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content