បរទេស៖ មុននេះបន្តិច បណ្តាញសារព័ត៌មាន CAN បានចេញផ្សាយថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump នឹងបន្ទាបពន្ធគយលើការនាំចូលទំនិញភាគច្រើនរបស់វៀតណាមតាមការសន្យាត្រឹមអត្រា ២០ភាគរយប៉ុណ្ណោះ ដែលជាចំនួនទាបជាងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី។
តាមរយៈប្រភពដដែលនេះបានបញ្ជាក់ទៀតថា លោកប្រធានាធិបតីអាម៉េរិក Donald Trump បានលើកឡើងពីការនាំចូលទំនិញភាគច្រើនពីវៀតណាមនឹងប្រឈមពន្ធ ២០% ប៉ុន្តែការនាំចេញពីប្រទេសទី៣ តាមរយៈវៀតណាមនឹងប្រឈមពន្ធ ៤០%។ លើសពីនេះ វៀតណាម អាចនាំចូលផលិតផលពីអាម៉េរិកទៅចែកចាយនៅលើទីផ្សារក្នុងប្រទេសរបស់ខ្លួនជាមួយនឹងពន្ធ ០%។ យ៉ាងណាក៏ដោយ គេសង្ស័យថា ប្រទេសទី៣ ដែលនាំចេញទំនិញតាមរយៈវៀតណាមគឺជាប្រទេសចិន ដោយសារផលិតផលដែលផលិតនៅក្នុងប្រទេសចិនភាគច្រើនបានដាក់ស្លាកថា «Made in Vietnam ឬ ផលិតនៅវៀតណាម»។

គួរកត់សម្គាល់ថា ក្នុងអំឡុងពេលដែល Trump ប្រកាសការយកពន្ធឲ្យមានភាពស្មើគ្នាកាលពីខែមេសា ការនាំចូលទំនិញវៀតណាមមកកាន់អាម៉េរិកនឹងត្រូវបង់ពន្ធ ៤៦%។ ក្រោយមក Trump បានផ្អាកយកពន្ធថ្មីរយៈពេល ៩០ថ្ងៃ ដើម្បីទុកពេលឲ្យប្រទេសទាំងនោះចរចាពាណិជ្ជកម្មជាមួយនឹងអាម៉េរិក។
បន្ទាប់ពីនិយាយជាមួយលោក To Lam មេដឹកនាំកំពូលរបស់វៀតណាម Trump បានបង្ហោះលើ Truth Social ថា «វាជាកិត្តិយសដ៏អស្ចារ្យរបស់ខ្ញុំក្នុងការប្រកាសថា ខ្ញុំទើបតែបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម»។ ការប្រកាសរបស់ Trump បានកើតឡើងតែប៉ុន្មានថ្ងៃមុនថ្ងៃទី៩ ខែកក្កដា ដែលជាថ្ងៃផុតកំណត់នៃការផ្អាកយកពន្ធឲ្យមានភាពស្មើគ្នារយៈពេល ៩០ ថ្ងៃ។

យ៉ាងណាមិញ វាមិនច្បាស់ទេថា តើផលិតផលណាខ្លះដែល Trump បានទម្លាក់ពន្ធមកត្រឹម ២០% ? លើសពីនេះ រដ្ឋាភិបាលវៀតណាមមិនបានបញ្ជាក់ពីកម្រិតពន្ធគយជាក់លាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមអំពីក្របខ័ណ្ឌពាណិជ្ជកម្មនោះទេ។ ទីក្រុងហាណូយបានលើកឡើងថា ប្រទេសវៀតណាមនឹងប្តេជ្ញាក្នុងការផ្តល់ការអនុគ្រោះឲ្យអាម៉េរិកនូវការចូលក្នុងទីផ្សារវៀតណាម។ គួរឲ្យបញ្ជាក់ដែរថា អាម៉េរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ខណៈដែលទំនាក់ទំនងសេដ្ឋកិច្ច ការទូត និងយោធារវាងប្រទេសទាំងពីរកំពុងរីកចម្រើនដូចគ្នា។ លើសពីនេះ មេដឹកនាំវៀតណាម To Lam បានស្នើ Trump ឱ្យអាម៉េរិកទទួលស្គាល់វៀតណាមជាប្រទេសសេដ្ឋកិច្ចទីផ្សារ និងដកការរឹតបន្តឹងលើការនាំចេញផលិតផលបច្ចេកវិទ្យារបស់អាម៉េរិកមកកាន់វៀតណាម៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content