ការប្រកាសវាយលុកចូលក្នុងទឹកដីរុស្ស៊ីដោយកងកម្លាំងយោធាអ៊ុយក្រែនបានក្លាយទៅជាព្រឹត្តិការណ៍ថ្មីនៃជម្លោះនៅអ៊ុយក្រែន និងចាត់ទុកជាលើកដំបូងដែលរដ្ឋាភិបាលទីក្រុងគៀវហ៊ានបើកប្រតិបត្តិការចូលដល់ដែនអធិបតេយ្យភាពរបស់រុស្ស៊ីគិតចាប់តាំងតែពីថ្ងៃដំបូងនៃជម្លោះ។
ភាគីទាំងសងខាងបានអួតអាងរៀងខ្លួនចំពោះការប្រយុទ្ធគ្នាចុងក្រោយនេះដោយភាគីលោកប្រធានាធិបតី Vladimir Zelensky បានសរសើរថា យោធាអ៊ុយក្រែនបានសម្រុកចូលយ៉ាងមុះមុតទៅដល់ក្បែរទីក្រុង Bakhmut ដែលកាន់កាប់ដោយរុស្ស៊ីអស់រយៈពេលជាយូរមកហើយនោះផង និងក៏ដូចជាតំបន់ប្រយុទ្ធជួរមុខនៅភាគខាងត្បូងប្រទេសផង។

ក្នុងអំឡុងពេលជាមួយគ្នានេះវិញប្រធានាធិបតីរុស្សីលោក Vladimir Putin បានអះអាងថា ការប៉ុនប៉ងរបស់កងកម្លាំងយោធាអ៊ុយក្រែនដែលវាយបកមកលើរុស្ស៊ីគឺបានត្រឹមបរាជ័យប៉ុណ្ណោះ ពីព្រោះថារដ្ឋាភិបាលក្រុងគៀវបានបាត់បង់ជីវិតនិងកម្លាំងអស់ច្រើនជាងរុស្ស៊ីដល់ទៅ១០ដង។ ប៉ុន្តែក្នុងនោះគេជឿជាក់ថាសព្វាវុធយ់ាងច្រើនសន្ធឹកសន្ធាប់ដែលធ្លាប់បានផ្គត់ផ្គង់ដោយលោកខាងលិចនោះកំពុងត្រូវបានបំផ្លាញចោលនៅក្នុងប្រតិបត្តិការយ៉ាងខ្លាំងក្លាចុងក្រោយនេះ។
ទោះបីជាយ៉ាងណាក្តីអាមេរិកនិងលោកខាងលិចដែលជាអ្នកគាំទ្រអាវុធយ៉ាងធំរបស់អ៊ុយក្រែននោះហាក់ដូចជាមិនថមថយឡើយក្នុងផែនការចាក់បញ្ចូលសព្វាវុធបន្ថែមទៅឲ្យកងកម្លាំងយោធាអ៊ុយក្រែន។

សហរដ្ឋអាមេរិកកាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាសផ្តល់ជំនួយជាយោធាថ្មីដល់អ៊ុយក្រែនក្នុងទំហំប្រមាណជា៣២៥លានដុល្លារដែលក្នុងនោះមានទាំងគ្រាប់រ៉ូក្គែតមីស៊ីលនិងរថយន្តយោធាព្រមទាំងគ្រាប់កាំភ្លើងរាប់លានគ្រាប់។ បន្ថែមលើសពីនេះក្រុមប្រទេសអឺរ៉ុបមួយចំនួនបានសម្រេចចិត្តរួមគ្នាក្នុងការផ្តល់ជំនួយយោធាថ្មីដែរដែលមានតម្លៃដល់ទៅ១១៥លានដុល្លារខណៈដែលអាល្លឺម៉ង់ប៉ុណ្ណោះបានសន្យាផ្តល់រថក្រោះ Leopard 1A5 ជាង១០០គ្រឿងទៀតទៅឲ្យអ៊ុយក្រែននៅត្រឹមដំណាច់ឆ្នាំនេះ។

ដោយឡែកពាក់ព័ន្ធទៅនឹងសំណើរសុំយន្តហោះចម្បាំង F-16 ពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែននោះមកដល់ពេលនេះនៅមិនទាន់មានប្រទេសណាហ៊ានប្រកាសមុនគេក្នុងការផ្គត់ផ្គង់អាវុធប្រភេទនេះឡើយ។
ថ្វីត្បិតតែមិនហ៊ានទាន់ផ្តល់យន្តហោះចម្បាំងទំនើបឲ្យអ៊ុយក្រែនក្តី ប៉ុន្តែបច្ចុប្បន្នមានប្រទេសជាច្រើនរួចមកហើយបានផ្តល់ការហ្វឹកហាត់បើកបរយន្តហោះ F-16 ទៅដល់ពិឡុតអ៊ុយក្រែន ហើយចុងក្រោយនេះក៏មានទាំងប្រទេសដាណឺម៉ាផងដែរដោយតាមផែនការការងារនេះនឹងចាប់ផ្តើមអនុវត្តធ្វើនៅខែសីហាខាងមុខនេះហើយ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content