រាជរដ្ឋាភិបាលកំណត់យកវិស័យអាទិភាពចំនួន ៤ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ក្របខណ្ឌយុទ្ធសាស្រ្ត កម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” ដោយក្របខណ្ឌយុទ្ធសាស្ត្រនេះនឹងផ្តោតទៅលើការស្តារ និងជំរុញកំណើនលើវិស័យចំនួន ៤ រួមមានវិស័យ, កសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យកាត់ដេរ និងវិស័យកម្មន្តសាល់មិនមែនកាត់ដេរ។

តាមរយៈក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនេះ រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យក្នុងការពង្រឹងការកសាងមាគ៌ា និងជវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពរឹងមាំ និងចាប់យកកាលានុវត្តភាព ទាំងក្នុងនិងក្រៅប្រទេស ដើម្បីកែលម្អមូលដ្ឋានសេដ្ឋកិច្ចជាតិឱ្យមានភាពប្រកួតប្រជែង និងពិពិធកម្មខ្ពស់ ព្រមទាំងលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យស្របទៅនឹងប្រក្រតីភាពថ្មីនៃការអភិវឌ្ឍ ។

ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ស្របតាមទស្សនទានរួមខាងលើ, ក្របខណ្ឌយុទ្ធសាស្ត្រនេះ កំណត់ទិសដៅគោលនយោបាយសំខាន់ៗសម្រាប់វិស័យនីមួយៗទៅតាមអភិក្រមទាំង ៣ គឺការស្តារឡើងវិញ ការកែទម្រង់ និងការកសាងភាពធន់សំដៅផ្តល់ជាមូលដ្ឋានសម្រាប់ការរៀបចំកម្មវិធីលម្អិត និងជាក់ស្តែង ដែលអាចនឹងសម្រេចបានក្នុងរយៈពេលខ្លី ដើម្បីស្តារ និងជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចជាតិឱ្យបានខ្លាំងក្លា ជាពិសេសសម្រេចឱ្យបាននូវមូលដ្ឋានឧស្សាហកម្មរឹងមាំ និងផ្សារភ្ជាប់កាន់តែស៊ីជម្រៅជាមួយច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលព្រមទាំងសម្រាប់ការបន្តជំរុញកំណើន ពិពិធកម្ម និងភាពប្រកួតប្រជែងក្នុងរយៈពេលវែង។

ការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ជាមួយនឹងការបើកប្រទេសឡើងវិញ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តនូវវិធានការអប់រំ, រដ្ឋបាល និងសុខាភិបាល, កម្មវិធីជំនួយសង្គម និងអន្តរាគមន៍ផ្សេងៗដែលមានស្រាប់។ ទន្ទឹមនេះ ដើម្បីជំរុញការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច, រាជរដ្ឋាភិបាលនឹងផ្ដោតជាចម្បងក្នុងការដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ (Structural Issues) ក្នុងវិស័យដែលនៅមានសក្តានុពល និងជាចន្ទល់នៃកំណើនសេដ្ឋកិច្ចដែលអាចបង្កើតនូវតម្លៃបន្ថែមក្នុងរយៈពេលខ្លី (២០២១-២០២៣) និងជំរុញការស្ទុះងើបឡើងវិញសកម្មភាពសង្គម-សេដ្ឋកិច្ចជាតិ ទៅរកប្រក្រតីភាពថ្មីឱ្យបានឆាប់រហ័ស ជាពិសេសធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងស្ថិរភាពការងារជូនកម្មករ-និយោជិតផងដែរ។ ក្នុងន័យនេះ, ក្របខណ្ឌយុទ្ធសាស្ត្រនេះនឹងផ្តោតទៅលើការស្តារ និងជំរុញកំណើនលើវិស័យចំនួន ៤ រួមមានវិស័យ, កសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យកាត់ដេរ និងវិស័យកម្មន្តសាល់មិនមែនកាត់ដេរ។

វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម

នៅក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មត្រូវបានចាត់ទុកថាជាវិស័យ ដែលមានសក្តានុពលខ្ពស់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ និងធានាបាននូវសន្តិសុខស្បៀង ស្របពេលដែលវិស័យសំខាន់ៗមួយចំនួនដូចជាទេសចរណ៍ និងសេវាកម្មគាំទ្រត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំង។ វិស័យនេះមិនបានទទួលរងផលប៉ះពាល់ ប៉ុន្តែជាវិស័យជួយសម្រាលបន្ទុក និងផលប៉ះពាល់ពីវិស័យផ្សេងទៀត តាមរយៈការផ្តល់ការងារ និងប្រាក់ចំណូល។ តាមការវាយតម្លៃជារួម, វិស័យកសិកម្មនៅប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលការណ៍នេះបានឆ្លុះបញ្ចាំងតាមរយៈកំណើនផលិតកម្ម និងការនាំចេញ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ទោះបីជាមានវឌ្ឍនភាពល្អប្រសើរ, វិស័យកសិកម្មនៅមានបញ្ហាប្រឈមធំៗមួយចំនួន ដែលចាំបាច់ត្រូវមានដំណោះស្រាយរួមមាន៖ (១) កំណើនផលិតភាពទាបដែលបណ្តាលមកពីកត្តាកង្វះខាតពូជសុទ្ធ, បច្ចេកទេស, ប្រព័ន្ធស្រោចស្រព និងបច្ចេកវិទ្យាទំនើប, (២) ការធ្វើពិពិធកម្មដំណាំនៅមានកម្រិតទាប, (៣) ការយល់ដឹង និងការផ្លាស់ប្តូរគោលគំនិតរបស់ប្រជាកសិករនៅមានកម្រិតទាប, (៤) កង្វះការវិនិយោគលើការកែច្នៃ ដែលបណ្តាលមកពីថ្លៃដើមផលិតកម្មនៅមានកម្រិតខ្ពស់, (៥) ភាពមានកម្រិតនៃការធ្វើពាណិជ្ជបនីយកម្មកសិកម្ម ពោលគឺការនាំចេញផលិតផលកសិកម្មមានលក្ខណៈក្រៅផ្លូវការ, (៦) កង្វះខាតយន្តការគាំទ្រដល់ការអនុវត្តកសិកម្មតាមកិច្ចសន្យា, (៧) កង្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធត្រួតពិនិត្យគុណភាពផលិតផលកសិកម្ម និងធាតុចូលកសិកម្ម ដែលមានស្តង់ដារខ្ពស់ (ISO), (៨) កង្វះលទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប, (៩) កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រអំឡុងពេល និងក្រោយពេលប្រមូលផល និង (១០) កង្វះកិច្ចសម្របសម្រួលស្ថាប័នទាំងក្នុងដំណាក់កាល នៃការធ្វើផែនការ និងការអនុវត្ត។

ដើម្បីទាញយកផលប្រយោជន៍បន្ថែមពីវិស័យកសិកម្ម សំដៅរួមចំណែកដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ, ក្របខណ្ឌយុទ្ធសាស្ត្រនេះនឹងផ្តោតជាសំខាន់លើការជំរុញកំណើនផលិតភាពកសិកម្ម, ការពង្រឹងភាពប្រកួតប្រជែងទាំងថ្លៃដើម និងគុណភាព, ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្ម, ការជំរុញការកែច្នៃផលិតផលកសិកម្ម, ការជំរុញឧស្សាហកម្មពូជដំណាំ និងការទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

វិស័យទេសចរណ៍

វិស័យទេសចរណ៍ គឺជាវិស័យទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ១៩ ការធ្លាក់ចុះយ៉ាងគំហុកនៃចំនួនភ្ញៀវទេសចរអន្តរជាតិ បានធ្វើឱ្យអាជីវកម្មទេសចរណ៍ជាច្រើនបានផ្អាកដំណើរការបណ្តាលឱ្យបុគ្គលិករាប់ម៉ឺននាក់បាត់បង់ការងារ និងអ្នកដែលពឹងផ្អែកលើវិស័យនេះក្នុងការរកទទួលទានជាច្រើនបាត់បង់ចំណូល។ ទោះជាយ៉ាងនេះក្តី ចាប់ពីត្រីមាសទី ៣ ឆ្នាំ ២០២១ នេះ, ការកើនឡើងភ្ញៀវទេសចរក្នុងស្រុក អាចប៉ះប៉ូវមួយផ្នែកដល់ការបន្តធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ បន្ទាប់ពីជំងឺកូវីដ១៩ បានស្រាកស្រាន្ត។ បន្ថែមលើបញ្ហាដែលបណ្តាលមកពីជំងឺកូវីដ-១៩ វិស័យទេសចរណ៍កម្ពុជាក៏បាន និងកំពុងជួបប្រទះនឹងបញ្ហាប្រឈមជារចនាសម្ព័ន្ធមួយចំនួន រួមមានភាពមានកម្រិតនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការធ្វើពិពិធកម្មគោលដៅផលិតផល និងសេវាទេសចរណ៍ ព្រមទាំងការបាត់បង់តម្លៃបន្ថែមសេដ្ឋកិច្ច ដោយសារអវត្តមាននៃឧស្សាហកម្ម និងសេវាកម្មគាំទ្រ។

ក្នុងគន្លងនៃប្រក្រតីភាពថ្មី, ឥរិយាបថក្នុងការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានការប្រែប្រួលមួយចំនួន ដូចជា ៖ និន្នាការងាកមករកការធ្វើដំណើរកំសាន្តក្នុងប្រទេសរបស់ខ្លួន ឬប្រទេសជិតខាងក្នុងតំបន់, ការធ្វើដំណើរដោយឯករាជ្យ ឬបែបក្រុមគ្រួសារ, ការបង្វែរមករកផលិតផលទេសចរណ៍បៃតងនៅតំបន់អេកូទេសចរណ៍ជាជាងរមណីយដ្ឋានប្រវត្តិសាស្ត្រ, ការប្រុងប្រយ័ត្នក្នុងការចាយវាយ និងធ្វើផែនការច្បាស់លាស់មុនធ្វើដំណើរ, និន្នាការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការកក់ និងទូទាត់ប្រាក់ ជាពិសេសការយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាព។

ឆ្លើយតបនឹងនិន្នាការដំណើរកំសាន្តតាមគន្លងថ្មីនេះ រាជរដ្ឋាភិបាលបានអនុម័តជាផ្លូវការនូវ “ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩” ដើម្បីតម្រង់ទិសការដាក់ចេញយុទ្ធសាស្ត្រសមស្រប និងទាន់ពេលសម្រាប់វិស័យទេសចរណ៍។ ជាមួយគ្នានេះ បន្ថែមលើការកសាងទំនុកចិត្ត និងភាពជឿជាក់សម្រាប់ទេសចរជាតិ និងអន្តរជាតិ, រាជរដ្ឋាភិបាលនឹងបន្តធ្វើពិពិធកម្មគោលដៅទេសចរណ៍ទៅតំបន់ឆ្នេរសមុទ្រ, តំបន់ភូមិភាគឦសាន្ត និងតំបន់តាមដងទន្លេមេគង្គ, ទន្លេបាសាក់ ព្រមទាំងតំបន់បឹងទន្លេសាប សំដៅបង្កើនផលិតផលទេសចរណ៍ថ្មីៗ តាមរយៈការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់ និងចាំបាច់នានា។ រាជរដ្ឋាភិបាលក៏បានអនុម័តជាផ្លូវការនូវ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥”, “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ ២០២១-២០៣៥” និងកំពុងរៀបចំបញ្ចប់ ”ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ ២០២២-២០៣៥” ផងដែរ។

ជាទិសដៅយុទ្ធសាស្ត្រ រាជរដ្ឋាភិបាលនឹងផ្តោតការយកចិត្តទុកដាក់ជាចម្បងលើការជំរុញទេសចរណ៍ក្នុងស្រុកដែលកំពុងមានសក្តានុពល និងមានសន្ទុះងើបឡើងវិញ តាមរយៈការដាក់ឱ្យអនុវត្តនូវ “វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣” ក្នុងទិសដៅសម្រេចឱ្យបានចំនួនទេសចរក្នុងស្រុក ១១ លាននាក់ នៅឆ្នាំ២០២៣។ បន្ថែមពីនេះ, “ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង” ក៏ត្រូវបានដាក់ចេញផងដែរ ដើម្បីបើកទទួលទេសចរណ៍សុវត្ថិភាព ជាជំហានៗប្រកបដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នក្នុងគោលដៅទាក់ទាញទេសចរអន្តរជាតិឱ្យបាន ៧ លាននាក់ត្រឹមឆ្នាំ២០២៥។

វិស័យកាត់ដេរ

វិស័យកាត់ដេរ ដែលជាទូទៅរាប់បញ្ចូលផលិតកម្មស្បែកជើង និងកាបូប បានអភិវឌ្ឍជាបន្តបន្ទាប់ អស់រយៈពេលជិតបីទសវត្សរ៍កន្លងមក និងបានបន្តរួមចំណែកសម្រេចនូវ សមិទ្ធផលសង្គម-សេដ្ឋកិច្ច ចម្បងៗជាច្រើន រួមមានកំណើនសេដ្ឋកិច្ច, ការនាំចេញ, ការវិនិយោគ, ការកាត់បន្ថយអត្រាភាពក្រីក្រ និងការបង្កើតការងារ។ ទោះជាយ៉ាងនេះក្តី វិស័យនេះក៏បានទទួលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ គួបផ្សំនឹងបញ្ហាជារចនាសម្ព័ន្ធ ដែលធ្វើឱ្យការរីកចម្រើននៃវិស័យនេះមានភាពយឺតយ៉ាវ។ ជារួម វិស័យនេះនៅតែបន្តជាមជ្ឈមណ្ឌលផលិតកម្ម ដែលមានតម្លៃបន្ថែមទាប ហើយសមាហរណកម្មនៃឧស្សាហកម្ម គាំទ្រនៅក្នុងដំណើរការផ្សេងទៀតនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃនៅមានកម្រិតទាប។ បញ្ហាប្រឈមសំខាន់ៗ រួមមានជាអាទិ៍ ៖ កង្វះពលកម្មជំនាញក្នុងស្រុក ទាំងគុណភាព និងបរិមាណ និងគន្លងអាជីពសម្រាប់កម្មករ-និយោជិត ក៏ដូចជាការជំរុញផលិតភាពរបស់កម្មករ-និយោជិត, កង្វះភាពប៉ាន់ប្រមាណបាន និងស្ថិរភាពដែលបណ្តាលមកពីបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ, លក្ខខណ្ឌការងារ និងសុខុមាលភាពកម្មករ-និយោជិតនៅមានកម្រិត, កង្វះផលិតកម្មតម្លៃបន្ថែមខ្ពស់ និងចំនួនម្ចាស់រោងចក្រ ឬអ្នកវិនិយោគក្នុងស្រុកនៅមានកម្រិតទាប, កង្វះឧស្សាហកម្មគាំទ្រនៅក្នុងវិស័យ និងបរិយាកាសធុរកិច្ចនៅមានកម្រិត, ពិពិធកម្មទីផ្សារនៅមានកម្រិត និងការពឹងផ្អែកខ្លាំងលើប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកង្វះកិច្ចសម្របសម្រួលអន្តរស្ថាប័ន ក្នុងចំណោមតួអង្គពាក់ព័ន្ធសំខាន់ៗ ជាដើម។ លើសពីនេះ, ការ អូសបន្លាយនៃវិបត្តិនៃជំងឺកូវីដ១៩ រហូតមកដល់បច្ចុប្បន្ន បានបង្កភាពមិនច្បាស់លាស់នៅក្នុងវិស័យកាត់ដេរ ជាពិសេសនៅក្នុងទីផ្សារធំៗរបស់កម្ពុជា។ ម្យ៉ាងវិញទៀត, ស្ថានការណ៍ដែលកម្ពុជាគ្រោងនឹង ឈានទៅចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពេលឆាប់ៗខាងមុខ នឹងធ្វើឱ្យកម្ពុជាអាចបាត់បង់អត្ថប្រយោជន៍ជាបណ្តើរៗ ពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ជាហេតុអាចនឹងបង្កផលប៉ះពាល់ ដល់វិស័យកាត់ដេរ និងផលិតសម្លៀកបំពាក់របស់កម្ពុជាបន្ថែមទៀត ដែលធ្លាប់តែពឹងផ្អែកលើប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មសម្រាប់នាំចេញទំនិញទៅទីផ្សារអន្តរជាតិសំខាន់ៗ។ បញ្ហាប្រឈម និងហានិភ័យ ទាំងនេះទាមទារឱ្យកម្ពុជាត្រូវគិតគូរ និងដោះស្រាយ ហើយត្រៀមខ្លួនចាប់យកកាលានុវត្តភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យនេះឱ្យកាន់តែរឹងមាំ និងមានភាពធន់ខ្ពស់។

ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងជំរុញការអនុវត្ត “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១-២០២៥” ដែលមានចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យនេះ ឱ្យទៅជាឧស្សាហកម្មដែលមានចីវភាពបរិស្ថាន, មានភាពធន់, មានតម្លៃបន្ថែមខ្ពស់, ផ្តោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស, មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច។

វិស័យកម្មន្តសាលមិនមែនកាត់ដេរ

វិស័យកម្មន្តសាលមិនមែនកាត់ដេរ បាននិងកំពុងបន្តបង្ហាញនូវសញ្ញានៃការលូតលាស់យ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលឆ្លុះបញ្ចាំង តាមរយៈការកើនឡើងនូវអត្រាកំណើននាំចេញ និងការធ្វើពិពិធកម្មទំនិញ។ ជាក់ស្តែង នៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩, វិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅអាចរក្សាបានកំណើនខ្ពស់ តាមរយៈកំណើននាំចេញនៃផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ដែលរួមមានកង់, ក្តារបន្ទះ, គ្រឿងសង្ហារិម, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិក ជាដើម។ ក្នុងបរិបទនៃការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ, វិស័យនេះមានសក្តានុពលធំធេង ដើម្បីចូលរួមរុញច្រានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយម្យ៉ាង ការរំពឹងទុកនូវការបន្តនិន្នាការនៃការផ្លាស់ប្តូរ ទីតាំងរោងចក្រ និងការធ្វើពិពិធកម្មប្រភពផលិតកម្ម របស់ក្រុមហ៊ុនអន្តរជាតិមួយចំនួនមកកម្ពុជា និងភាពអំណោយផលនៃបរិយាកាសវិនិយោគ និងធុរកិច្ច ក៏ដូចជាកំណើននៃទីផ្សារតាមរយៈច្បាប់ស្ដីពីវិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ជាដើម។ ទោះជាយ៉ាងនេះក្តី, វិស័យនេះនៅតែមានការប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវដោះស្រាយចំពោះមុខ ដើម្បីបន្តពង្រឹង និងលើកកម្ពស់សមត្ថភាព និងផលិតភាព ដូចជាកង្វះវត្ថុធាតុដើមក្នុងស្រុក, ភាពមានកម្រិត និងកង្វះកម្មករ ជំនាញបច្ចេកទេស, កង្វះខាតប្រភេទអាជីវកម្មធុនកណ្តាល (missing middles) និងភាពមានកម្រិតក្នុងការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកល ដែលកំពុងបន្តរារាំងវិស័យនេះក្នុងការបង្កើនសមត្ថភាពទាញយកកាលានុវត្តភាពទាំងនេះឱ្យបានជាអតិបរមា។ លើមូលដ្ឋាននេះ ជាទិសដៅទៅមុខ, រាជរដ្ឋាភិបាលនឹងបន្តជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដោយផ្តោតសំខាន់លើការពង្រឹង និងការពង្រីកមូលដ្ឋានឧស្សាហកម្មកម្ពុជា ជាពិសេសទំនិញដែលមានតម្រូវការខ្ពស់ និងតម្លៃបន្ថែមខ្ពស់ ដែលអាចបម្រើតម្រូវការក្នុងស្រុកផង និងនាំចេញផង តាមរយៈការលើកកម្ពស់ការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ​ដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

IMF ព្យាករណ៍ថា ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ខណៈក្រសួង ថា អាចកើនឡើងដល់ ៤,២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២ ភាគរយ

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ