ថ្វីត្បិតថាបច្ចុប្បន្នជំងឺកូវីដបានសាបរលាបបាត់ទៅវិញក៏ពិតមែន ប៉ុន្តែបញ្ហាសង្គ្រាមនៅតែជាចំណែកដ៏ធំមួយដែលបង្អាក់ដំណើរសេដ្ឋកិច្ចមិនឱ្យដើរឆ្ពោះទៅរកភាពល្អប្រសើរបាននៅឡើយ។ សម្រាប់កម្ពុជា វិស័យទេសចរណ៍តែឯកឯង ក៏មិនទាន់ស្គាល់ភាពល្អប្រសើរប្រហាក់ប្រហែលនឹងស្ថានភាពនៃឆ្នាំ២០១៩ដូចគ្នា។ ប៉ុន្តែយ៉ាងណាទោះជាយ៉ាងណា ដើម្បីលើកស្ទួយសេដ្ឋកិច្ចឡើងវិញ ប្រទេសនីមួយក៏បានខិតខំប្រឹងប្រែងក្នុងការជំរុញវិស័យទេសចរណ៍របស់ខ្លួន។
លោក ហ៊ីន ចិន្ដា ជាមគ្គុទ្ទេសក៍ទេសចរណ៍ជំនាញមួយរូបបានឱ្យដឹងថា រហូតមកដល់ពេលនេះ ចំនួនអ្នកទេសចរដែលទៅទស្សនាប្រាង្គប្រាសាទនៅក្នុងខេត្តសៀមរាបចាប់ផ្ដើមមានភាពល្អប្រសើរហើយ ប៉ុន្តែភាពល្អនោះកំពុងប្រព្រឹត្តទៅដោយសន្សឹមៗ។

ក្នុងន័យនេះ លោកចង់បានសេចក្ដីថា វិស័យទេសចរណ៍កម្ពុជាចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗហើយ គ្រាន់តែថានៅមិនទាន់ល្អដូចកាលពីមិនទាន់មានជំងឺរីករាលដាល។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្រាប់រូបលោកផ្ទាល់ នេះជាសញ្ញាវិជ្ជមានចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍។ ជាក់ស្ដែង លោកបានលើកឡើងអំពីជើងហោះហើរត្រង់លើកដំបូងនៃយន្ដហោះធន់ធំប្រភេទប៊ូអ៉ីងពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី មកកាន់កម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។
ក្នុងនាមជាមគ្គុទ្ទេសក៍ទេសចរណ៍មួយរូប លោកយល់ថា ជើងហោះហើរត្រង់មកកាន់កម្ពុជា ដោយមិនមានចុះចតនៅប្រទេសក្នុងតំបន់សិននោះជារឿងល្អ។ ល្អត្រង់ថា ការចុះចតនៅប្រទេសផ្សេង ស្មើទៅនឹងការចាយវាយទៅលើសេវាកម្មស្រុកគេអស់មួយចំនួនមុនចូលមកកម្ពុជា។ រីឯការហោះហើរត្រង់នេះ មានន័យថាភ្ញៀវទេសចរមានកញ្ចប់ថវិកាក្នុងការចាយវាយ និងទិញសេវាកម្មក្នុងស្រុកបានកាន់តែច្រើន។

ស្លៀកសម្លៀកបំពាក់មគ្គុទ្ទេសក៍ទេសចរណ៍ ដោយមានអាវពណ៍គគី និងមានបង់កក្រមាផងនោះ លោក ហ៊ីន ចិន្ដា បានរៀបរាប់ថា៖
«រាជរដ្ឋាភិបាលគ្រោងនឹងបង្កើតកន្លែងច្រើនមែនទែន ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នេះ ដោយធ្វើម៉េចឱ្យទេសចរស្នាក់នៅប្រទេសយើងឱ្យបានយូរថ្ងៃ។ ធម្មតា បើគេស្នាក់នៅយូរថ្ងៃ ក៏មានន័យថា គេចាយលុយហើយ យ៉ាងហោចណាស់ក៏យើងបានចំណូលចូលទៅសហគមន៍ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជាដើម»។
យ៉ាងណាមិញ ក្រៅតែពីការជំរុញបង្កើតគោលដៅទេសចរណ៍បន្ថែម ក៏ដូចជាគោលនយោបាយ លើកស្ទួយវិស័យទេសចរណ៍នានារបស់រដ្ឋាភិបាលហើយ អ្នកពាក់ព័ន្ធ ជាពិសេសសេវាករក៏មានចំណែកចូលរួមធំផងដែរ។
ទាក់ទងនឹងចំណុចនេះ លោកបានបន្តពន្យល់ថា៖
« យើងមានចរឹករួសរាយរាក់ទាក់តាំងតែពីដើម ដែលយើងផ្ដល់ការរួសរាយរាក់ទាក់នោះឱ្យទៅភ្ញៀវស្មើៗគ្នា ហើយនេះជាអំណោយផលមួយ ប៉ុន្តែយើងក៏មិនត្រូវភ្លេចពីគុណភាពនៃសេវាកម្មដែលយើងផ្ដល់ទៅឱ្យភ្ញៀវ ព្រោះនេះជាភាពទាក់ទាញដ៏សំខាន់មួយ»។
ដើរនៅក្នុងបរិវេនប្រាសាទបណ្ដើរ លោកបន្តរៀបរាប់បណ្ដើរថា សម្រាប់បច្ចុប្បន្នគុណភាពនៃសេវាកម្មក៏ស្ថិតក្នុងកម្រិតមួយដែលអាចទទួលយកបានរួចហើយ ក៏ប៉ុន្តែសាវាករត្រូវការការពង្រឹងបន្តទៀត ដើម្បីអាចប្រកួតប្រជែងជាមួយទីផ្សារទេសចរណ៍នៃប្រទេសជិតខាង។

ឈររៀបរាប់ដោយទឹកមុខញញឹម លោកមានជំនឿថា កម្ពុជាមានសក្កានុពលជាច្រើនដែលអាចទាក់ចិត្តអ្នកទេសចរបាន ប៉ុន្តែអ្វីដែលត្រូវធ្វើចំពោះមុខគឺត្រូវពង្រឹងគុណភាពសេវាកម្ម និងបង្កើនការផ្សព្វផ្សាយឱ្យបានកាន់តែច្រើនថែមទៀត៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content