បរទេស៖ វៀតណាមបានកំណត់គោលដៅនៃកំណើនផលិតផលសរុបក្នុងស្រុក (GDP) យ៉ាងហោចណាស់ ១០% នៅឆ្នាំ២០២៦ បើទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ នេះបើយោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ។

កាលពីថ្ងៃចន្ទសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានលើកឡើងថា រដ្ឋាភិបាលបានកំណត់គោលដៅកំណើន GDP យ៉ាងហោចណាស់ ១០% នៅឆ្នាំ២០២៦ ខណៈដែលកំណើននៅឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថាមាន ៨% និងមានបំណងចង់សម្រេចលើសពីនេះ។ លើសពីនេះ អតិផរណានឹងមានអត្រាទាបជាង ៤% នៅឆ្នាំនេះ ដែលទាបជាងគោលដៅអត្រាផ្លូវការពី ៤,៥% ទៅ ៥%។ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៧,៨៥% ប្រចាំឆ្នាំ។ ទន្ទឹមនឹងនេះ ធនាគារពិភពលោកបានព្យាករណ៍ថា វៀតណាមនឹងមានកំណើន ៦,៦% នៅឆ្នាំនេះ ខណៈដែលមូលនិធិរូបិយវត្ថុអន្តរជាតិបានប៉ាន់ប្រមាណថានឹងមានកំណើន ៦,៥% ។
លោក Chinh បានលើកឡើងថា សេដ្ឋកិច្ចវៀតណាម បានបង្ហាញឱ្យឃើញពីភាពរឹងមាំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការប៉ះទង្គិចពីខាងក្រៅ។ តម្លៃនៃពាណិជ្ជកម្មទំនិញរបស់វៀតណាមត្រូវបានរំពឹងថានឹងឈានដល់ ៩០០ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ បើទោះបីជាពន្ធ ២០% ពីអាម៉េរិកបានធ្វើឱ្យការនាំចេញ ជាពិសេសស្បែកជើង និងវាយនភណ្ឌ មានភាពយឺតយ៉ាវក៏ដោយ។ បន្ថែមពីនេះ វៀតណាមកំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្សេងទៀត រួមមាន ការកើនឡើងសម្ពាធលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការប្រែប្រួលនៅក្នុងទីផ្សារមាស និងអចលនទ្រព្យ គ្រោះមហន្តរាយធម្មជាតិ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ យ៉ាងណាមិញ ការអភិវឌ្ឍន៍នៅតែពឹងផ្អែកខ្លាំងលើកម្លាំងពលកម្ម និងធនធានដែលមានតម្លៃទាប មិនមែនលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនោះទេ។

នាយករដ្ឋមន្ត្រីវៀតណាមរូបនេះក៏បានបង្ហាញពីគោលបំណងរបស់វៀតណាមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីនៅឆ្នាំក្រោយជាមួយបណ្តាប្រទេសនានានៅមជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាហ្វ្រិក ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ។ វៀតណាមក៏មានបំណងចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូងដែលមានតម្លៃរាប់ពាន់លានដុល្លារ និងចាប់ផ្តើមដំណើរការសេវាកម្មអ៊ីនធឺណិតតាមផ្កាយរណបនៅឆ្នាំក្រោយនេះផងដែរ។ មិនត្រឺមតែប៉ុណ្ណោះ វៀតណាមគ្រោងនឹងបោះឆ្នោតលើការតែងតាំងរដ្ឋាភិបាល និងមន្ត្រីរដ្ឋសំខាន់ៗ ជាមួយនឹងការកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗរបស់ប្រទេសសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content