ភ្នំពេញ៖ ក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុក និងកំណត់ជា «មាសបៃតង» ដែលមានសារៈសំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសរំលេចឱ្យដឹងថា វិស័យទេសចរណ៍មានលក្ខណៈជាប្រព័ន្ធ ជាវិស័យអាទិភាព ត្រូវបានកំណត់ជា «មាសបៃតង» រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារ និងមុខរបរ ប្រាក់ចំណូល ជំរុញការនាំចេញនៅនឹងកន្លែង ទាក់ទាញការវិនិយោគ ការអភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ ការការពារធនធានធម្មជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖
«ឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦,៧ លាននាក់ កើនឡើង ២២,៩% និងទេសចរជាតិប្រមាណ ២២,៥លាននាក់ កើនឡើងជាង២០% និងបានចាក់បញ្ចូលថវិកាទៅក្នុងសេដ្ឋកិច្ចជាតិប្រមាណ ៣,៦៣៧ លានដុល្លារអាមេរិក កើនឡើង១៨, 0% ប្រៀបធៀបទៅនឹងឆ្នាំ២០២៣ និងបានរួមចំណែកប្រមាណ ៩,៤ ភាគរយ នៃផលិតផលក្នុងស្រុកសរុប តាមរយៈការបង្កើតការងារដល់ប្រជាពលរដ្ឋប្រមាណជា ៥១ម៉ឺននាក់ នៅក្នុងវិស័យទេសចរណ៍»។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកឡើងថា ការរីកចម្រើននៃវិស័យទេសចរណ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យឯកជនឱ្យកាន់តែរស់រវើកតាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ ចំណូល និងចលករជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបានកំណើនជាបន្តបន្ទាប់។
ឯកឧត្តម ហួត ហាក់ បានលើកឡើងដែរថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែងសហការគ្នាពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន ប្រទេសដៃគូ និងអង្គការជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឱ្យវិស័យទេសចរណ៍ងើបឡើងវិញជាបណ្តើរៗ ចាប់តាំងពីឆ្នាំ២០២២មក បើទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ នៅបន្តមានឥទ្ធិពលនៅឡើយ។
សូមបញ្ជាក់ជូនថា ក្រសួងទេសចរណ៍ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិ ស័យទេសចរណ៍ រយៈពេល២ថ្ងៃ ដោយបានធ្វើការ-បូកសរុបសភាពការណ៍វិស័យទេសចរណ៍ទាំងកម្រិតសកល តំបន់ និងកម្ពុជា ទីនិងត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបាន ដោយរួមគ្នាពិភាក្សាលើកយោបល់ផ្តល់ធាតុចូល ផ្លាស់ប្តូរទស្សនៈឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីចង្វាក់ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងផ្នែកដែលស្ថិតក្នុងវិស័យទេសចរណ៍ដោយផ្ទាល់ និងផ្នែកដែលគាំទ្រដោយប្រយោល ដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមពិតប្រាកដ និងសំណូមពរពីគ្រប់ភាគីពាក់ព័ន្ធ។

ចំណុចសំខាន់មួយទៀត គឺឈានទៅការដាក់ចេញរួមគ្នានូវសំណើវិធានការគន្លឹះ និងទិសដៅការងារបន្តដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ដោយឈរលើភាពជាក់ស្តែង ប្រាកដនិយម និងអភិក្រម «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ព្រមទាំងឈរលើស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម។
យោងតាមនិន្នាការខាងលើ និងការបន្តដាក់ចេញវិធានការគន្លឹះនានាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យអង្គសន្និបាតផ្លាស់ប្តូរទសន្សទានលើបញ្ហាប្រឈមផ្សេងៗ ការផ្តល់អនុសាសន៍ និងមតិយោបល់ ក៏ដូចជាការលើកឡើងជាជម្រើសដំណោះស្រាយនានា ចំពោះបញ្ហាប្រឈម ដែលអង្គសន្និបាតបានកត់សម្គាល់ ឱ្យបានសកម្មផុលផុស និងប្រកបដោយស្មារតីស្ថាបនា ហើយឯកឧត្តមក៏បានបញ្ជាក់ថា ក្រសួងរំពឹងចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងពី ៧.២លាននាក់ទៅ ៧.៥លាននាក់ នៅឆ្នាំ២០២៥នេះ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content