ភ្នំពេញ ៖ ជាប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសេរី ព្រមទាំងជាសមាជិកអាស៊ាន កម្ពុជាបើកឲ្យមានការនាំចេញ-នាំចូលទំនិញផ្សេងៗយ៉ាងទូលាយ ដែលទីផ្សារប្រភេទនេះបានធ្វើឲ្យកម្ពុជាមានផលិតផលប្រើប្រាស់គ្រប់គ្រាន់ ព្រោះតែផលិតផលមួយចំនួនធំ កម្ពុជាមិនទាន់អាចមានលទ្ធភាពផលិតបាននៅឡើយ។

ដោយឡែក ការមានសេដ្ឋកិច្ចទីផ្សារសេរីក៏ជាបញ្ហាមួយសម្រាប់ការរីកពន្លករបស់បណ្ដាផលិតករក្នុងស្រុកផងដែរ ដោយទាំងគុណភាព និងតម្លៃគឺនៅមិនទាន់អាចប្រកួតប្រជែងជាមួយគេបាន។ បន្ថែមពីនេះ អ្វីដែលកាន់តែជាបញ្ហាទៀតនោះគឺចំណេះដឹងផ្នែកបច្ចេកទេសរបស់បណ្តាផលិតករក្នុងស្រុកនៅមានកម្រិត តម្លៃវត្ថុធាតុដើមថ្លៃ ហើយការយកចិត្តទុកដាក់ពីសំណាក់ស្ថាប័នពាក់ព័ន្ធក៏នៅមានកម្រិត។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ការចងក្រងជាសហព័ន្ធនៃ SME ជារូបភាពល្អ ប៉ុន្តែភាគច្រើនគ្រាន់តែជាការសហការគ្នាតែរូបសម្បកខាងក្រៅ មិនមានភាពស្មោះត្រង់ជាមួយគ្នា មិនស្មោះត្រង់ជាមួយរដ្ឋ ដូចជាមានការបង់ពន្ធតិច ឬគេចពន្ធ មិនបង់ពន្ធលើការនាំចូលវត្ថុធាតុដើម។ ក្រៅពីនេះក៏មាន SME ខ្លះព្យាយាមប្រគួតប្រជែងជាមួយ SME គ្នាឯង ហើយភ្លេចគិតពីការវាយលុកនៃការប្រគួតប្រជែងពីប្រទេសក្រៅ ដែលកំពុងជ្រៀតខ្លួនចូលមកក្នុងស្រុកគួរឲ្យព្រួយបារម្ភ។

លោកបណ្ឌិតបានបញ្ជាក់ថា ៖
«ក្នុងវិស័យ SME នៅកម្ពុជាភាគច្រើនមានបញ្ហាកង្វះខាតលើបច្ចេកទេស និងបច្ចេកវិទ្យា រួមទាំងខ្វះអ្នកជំនាញ។ ជាក់ស្ដែង ម៉ាស៊ីនកែឆ្នៃពីវៀតណាមជាច្រើនដែលប្រជាពលរដ្ឋបានទិញក្នុងតម្លៃទាបៗយកមក ជារបស់ដែលវៀតណាមគេលក់ចោល និងឈប់ប្រើ ។ ទន្ទឹមនឹងនេះ បញ្ហាស្តង់ដារខុសគ្នា ដោយពីក្រុមហ៊ុន១ ទៅក្រុមហ៊ុន១ ស្តង់ដារផ្សេងគ្នា មិនច្បាស់លាស់ ជាកត្តាប្រឈមក្នុងការប្រជែងជាមួយការនាំចូល ដែលនាំឱ្យ SME ដួលរលំផងដែរ»
លោកបន្តថា ៖
« វិស័យនេះក៏នៅមានបញ្ហាលើកត្តាដើមទុនផងដែរ ហើយម្ចាស់ SME មួយចំនួនមិនអាចយកទុនដោយកម្ចីពីធនគារ SME បាន ខណៈដែលពួកគាត់បានជាប់បំណុលធនាគារឯកជនរួចទៅហើយ។ ម៉្យាងវិញទៀត ម្ចាស់ SME ខ្លះដែលជាប់បំណុលធនាគារឯកជន ឬបានខ្ចីលុយពីធនាគារ SME យកទៅទិញដីទុកលក់ចំណេញ ដោយមិនយកដើមទុនទាំងនោះទៅអភិវឌ្ឍ SME ពិតប្រាកដរបស់ខ្លួនឡើយ ដែលនេះជាការដើរខុសពីអ្វីដែលពួកគេកំពុងធ្វើ»
គួរបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ដែលហៅកាត់ថា SME នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពិពិធកម្មសេដ្ឋកិច្ចជាតិ រួមចំណែកបង្កើតការងារដល់ពលរដ្ឋ និងបានធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិជារៀងរាល់ឆ្នាំ។ ហេតុនេះ ការយល់ដឹង និងការឲ្យតម្លៃរបស់អ្នកប្រើប្រាស់ក៏ជាអ្វីដែលគួរបង្កើនដើម្បីគាំទ្រដល់វិស័យនេះឲ្យកាន់តែប្រសើរឡើងផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content