ភ្នំពេញ ៖ ចំនួនអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានការកើនឡើងគួរកត់សម្គាល់ ដែលរហូតដល់ដំណាច់ឆ្នាំ២០២៤កន្លងទៅ មានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការប្រមាណជាង ១៣លានគណនី ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងឱ្យដឹងក្នុងសន្និសីទពត៌មាន ការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៥ ថា សម្រាប់ឆ្នាំ២០២៤កន្លងទៅ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានចំនួន១៣លានគណនី ចំណែកអ្នកប្រើបណ្តាញសង្គម Tick Took, Messenger, Instagram ចំនួន ១០លានគណនីផងដែរ ដែលបណ្តាញទំនាក់សង្គមទាំង៤ខាងលើ កំពុងមានសក្តានុពល និងមានតួនាទីយ៉ាងសំខាន់ក្នុងការចែករំលែកព័ត៌មាន ទាំងព័ត៌មានវិជ្ជមាន និងព័ត៌មានអវិជ្ជាមាន ទាំងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។

ឯកឧត្តមបានបញ្ជាក់ថា ៖
«ក្នុងចំណោមបណ្តាញសង្គមខាងលើ ក្រសួងព័ត៌មាន ក៍បានរកឃើញគណនីក្លែងក្លាយជាច្រើនផងដែរ ដែលកាលពីឆ្នាំ២០២៣កន្លងទៅ ចំនួនអ្នកបង្កើតគណនីក្លែងក្លាយមានចំនួន ៣,០២៨គណនី និងឆ្នាំ ២០២៤ ក្រសួងបានរកឃើញគណនីក្លែងក្លាយចំនួន ៣,៦៥២ គណនីផងដែរ មានការកើនឡើងប្រមាណជា ១៤%។ របាយការណ៍ដែលត្រូវបានកត់ត្រាប្រចាំថ្ងៃ ដោយមិនរាប់ចូលគ្រប់វិស័យនោះទេ ប៉ុន្តែក្រុមការងារផ្តោតលើវិស័យសំខាន់ៗ ទាក់ទងនឹងសន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធនឹងការដឹកនាំរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងបញ្ហាផ្សេងៗមួយចំនួនទៀត ដែលនាំឱ្យកើតមានបញ្ហាភ័ណ្ឌច្រលំ យល់ច្រលំ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដើម»។

ប្រភេទនៃព័ត៌មានក្លែងក្លាយទាំងនេះ ត្រូវបានចែកចេញជា ៣ ធំៗ ទី១.ហៅថាព័ត៌មានក្លែងបន្លំ, ទី២.ព័ត៌មានបំភ្លៃ និងទី៣.ជាព័ត៌មានភណ្ឌច្រលំ នៅក្នុងចំណោមព័ត៌មានក្លែងក្លាយទាំងពីរ(ទី១ និងទី២)ខាងលើ ត្រូវបានបង្កើតឡើងដោយចេតនាអាក្រក់ ចំណែកព័ត៌មានទី៣ ព័ត៌មានភណ្ឌច្រលំ គឺព័ត៌មានចេតនា ដែលមានចរិតបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ញុះញង់ស្អប់ជាតិសាសន៍ជាដើម។ ដូច្នេះ ដើម្បីជៀសវាងបញ្ហាប្រឈមផ្លូវច្បាប់ សូមអ្នកព័ត៌មាន រួមនឹងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ត្រូវមានវិជ្ជាជីវៈ ត្រូវយកចិត្តទុកចិត្តផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ មុននឹងចេញផ្សាយជាសាធារណៈ ព្រោះពេលខ្លះប្រភពផ្តល់ឱ្យអ្នកព័ត៌មាន មានភាពមិនស្មោះត្រង់ ជាមួយអ្នកព័ត៌មាន ដែលអាចប្រឈមផ្លូវច្បាប់ ទាំងប្រភព និងអ្នកបង្ហោះព័ត៌មានទៀតផង៕ វិន ឈុនហ៊ាត




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content