ព្រះវិហារ៖ ការផ្លាស់ប្តូរពីការដាំដុះបែបប្រពៃណី មកអនុវត្តបច្ចេកទេសកសិកម្មទំនើប បានជួយបង្កើនប្រសិទ្ធភាពផលិតកម្ម និងប្រាក់ចំណូលរបស់កសិករយ៉ាងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង លោក ចន គឹមស្រស់ កសិករគំរូនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ អាចរកប្រាក់ចំណេញប្រមាណ ៤០ លានរៀល (ប្រហែល ១ម៉ឺនដុល្លារអាមេរិក) ក្នុងរយៈពេលត្រឹមតែ៦ខែ ពីការដាំបន្លែសរីរាង្គវិលជុំលើផ្ទៃដីជិត ១ ហិកតា។
បន្ទាប់ពីចាប់ផ្តើមដាំបន្លែនៅលើទីវាល និងក្នុងផ្ទះសំណាញ់ចំនួន ៣ ខ្នង លោកបានរៀបចំផលិតកម្មបន្លែជាច្រើនមុខវិលជុំ រួមមាន ស្ពៃក្រញាញ់ ស្ពៃក្តោប ត្រសក់ និងស្លឹកខ្ទឹម ដែលអាចរកចំណូលជាមធ្យមចន្លោះពី ៦,៦ លានរៀល ដល់ ១០ លានរៀលក្នុងមួយខែ។
លោក ចន គឹមស្រស់ បានឱ្យដឹងថា បទពិសោធន៍ជាង ២០ ឆ្នាំកន្លងមក បង្ហាញថា ការដាំដុះតាមបែបប្រពៃណីជួបបញ្ហាប្រឈមជាច្រើន ដោយចំណាយដើមទុនប្រមាណ ៧០ម៉ឺនរៀល ប៉ុន្តែអាចទទួលបានចំណូលត្រឡប់មកវិញប្រហែល ១លានរៀលប៉ុណ្ណោះ។
លោកបានលើកឡើងថា កាលពីមុន លោកពឹងផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន ដោយស្រោចទឹកដោយដៃ និងអនុវត្តបច្ចេកទេសដាំដុះបែបចាស់។ ប៉ុន្តែបន្ទាប់ពីទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីមន្ទីរកសិកម្ម លោកបានផ្លាស់ប្តូរមកប្រើប្រព័ន្ធស្រោចស្រពបាញ់សាច និងដំណក់ទឹក ព្រមទាំងដាំដុះក្នុងផ្ទះសំណាញ់ ដែលជួយកាត់បន្ថយថ្លៃដើម កាត់បន្ថយពេលវេលា និងបង្កើនទិន្នផលបានច្រើនជាងមុន។
បច្ចុប្បន្ន ក្នុងមួយរដូវប្រមូលផល ផលិតកម្មត្រសក់អាចទទួលបានពី ៣ ទៅ ៤តោន ដោយមានឈ្មួញចុះទិញដល់កន្លែងផលិត។ ចំណែកតម្លៃទីផ្សារបច្ចុប្បន្ន ស្ពៃក្តោបលក់បានប្រមាណ ២,៥០០រៀលក្នុងមួយគីឡូក្រាម ខណៈស្លឹកខ្ទឹម ស្ពៃក្រញាញ់ និងត្រសក់ លក់បានប្រមាណ ៣,០០០ រៀលក្នុងមួយគីឡូក្រាម ឬប្រែប្រួលទៅតាមស្ថានភាពទីផ្សារ។
លោក ចន គឹមស្រស់ បច្ចុប្បន្នមានផ្ទះសំណាញ់ចំនួន ៣ ខ្នង ក្នុងនោះ ១ ខ្នងទទួលបានការគាំទ្រពីមន្ទីរកសិកម្មខេត្តព្រះវិហារ និង២ខ្នងទៀតសាងសង់ដោយខ្លួនឯង។ លោកបានបង្ហាញជំនឿថា ការដាំបន្លែក្នុងផ្ទះសំណាញ់នៅតែមានសក្តានុពលក្នុងការបង្កើនប្រាក់ចំណូល ហើយលោកមានផែនការពង្រីកផ្ទះសំណាញ់ឱ្យបាន ១០ ខ្នងនាពេលខាងមុខ ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ទីផ្សារ។
លោកបានបញ្ជាក់ថា បន្ទាប់ពីដកការចំណាយលើពូជ ជី ប្រេង ថ្នាំ សម្ភារៈ និងការថែទាំផ្សេងៗទាំងដំណាំលើទីវាល និងផ្ទះសំណាញ់ លោកអាចទទួលបានប្រាក់ចំណេញសរុបប្រមាណ ៤០ លានរៀល ក្នុងរយៈពេល៦ខែ។ ទោះបីជាយ៉ាងណាក៏ដោយ លោកមិនអាចបញ្ជាក់ពីថ្លៃដើម ដែលបានប្រើប្រាស់នោះទេ។
ជាមួយគ្នានេះ លោកជឿជាក់ថា មុខរបរដាំបន្លែក្នុងផ្ទះសំណាញ់នឹងជួយពង្រឹងប្រាក់ចំណូលគ្រួសារកាន់តែមានស្ថិរភាព ខណៈបច្ចុប្បន្នមានទីផ្សារចាំទទួលទិញនៅតាមបណ្តាខេត្តជាច្រើន។
សូមជម្រាបថា ជោគជ័យរបស់លោក ចន គឹមស្រស់ គឺជាផ្នែកមួយនៃការជំរុញកសិកម្មសរីរាង្គនៅខេត្តព្រះវិហារ ដែលបច្ចុប្បន្នមានសហគមន៍សរីរាង្គចំនួន ៤៣ កំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយផ្តោតលើការផលិតបន្លែមានគុណភាព និងសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងកើនឡើង៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content