ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានសម្បទានចំនួន ២៥០ លានដុល្លារដល់កម្ពុជា ក្រោម «កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច» (Rapid Intervention for Stabilization of the Economy Program - RISE) ដើម្បីគាំទ្រកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយផលប៉ះពាល់ពីពហុវិបត្តិ និងពង្រឹងភាពធន់សេដ្ឋកិច្ច។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ADB ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌីភី នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធី RISE ក្រោមក្របខណ្ឌ Countercyclical Support Facility (CSF)។
កម្មវិធី RISE មានគោលបំណងគាំទ្រការអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការបង្កើតមុខរបរ និងការងារ ការធានាលំនឹងជីវភាពប្រជាជន និងការពង្រឹងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ចំពេលស្ថានភាពសកល និងតំបន់កំពុងមានភាពមិនប្រាកដប្រជាខ្ពស់។
កម្មវិធីនេះផ្តោតលើសមិទ្ធផលគន្លឹះចំនួនបី រួមមាន ការកាត់បន្ថយផលប៉ះពាល់ជាបណ្តោះអាសន្នពីការប្រែប្រួលខ្លាំងនៃតម្លៃប្រេងឥន្ធនៈលើសេដ្ឋកិច្ច ការផ្តល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រសកម្មភាពកសិកម្មដល់គ្រួសារងាយរងគ្រោះ និងការពន្លឿនអន្តរកាលបៃតង ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពឆ្លើយតបចំពោះវិបត្តិថាមពលនាពេលអនាគត។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់ទុកការទទួលបានហិរញ្ញប្បទានក្រោមយន្តការ CSF ថា មិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាដំណោះស្រាយទាន់ពេលវេលា ដើម្បីជួយកម្ពុជាឆ្លងកាត់កាលៈទេសៈដ៏លំបាក និងរក្សាសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
កម្ពុជាគឺជាប្រទេសសមាជិកទី១ ដែលទទួលបានការគាំទ្រពី ADB ក្រោមកម្មវិធី RISE ដែលត្រូវបានក្រុមប្រឹក្សាភិបាល ADB អនុម័តនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខានេះឆ្លុះបញ្ចាំងពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការជឿទុកចិត្តខ្ពស់របស់ ADB ចំពោះរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបានគូសបញ្ជាក់ថា កម្មវិធីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ ADB និងតួនាទីរបស់ធនាគារក្នុងការកៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់កម្ពុជា ជាពិសេសនៅពេលដែលប្រទេសត្រូវការការគាំទ្រជាក់ស្តែង និងបន្ទាន់ ដូចជាអំឡុងវិបត្តិទឹកជំនន់ឆ្នាំ២០០០-២០០១ វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និងវិបត្តិកូវីដ-១៩។
លោក Nianshan Zhang បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជាម្ចាស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ក្នុងបរិបទដ៏លំបាកនាពេលបច្ចុប្បន្ន។
ADB ក៏បានបញ្ជាក់ពីការបន្តគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពឆ្លើយតបរបស់កម្ពុជាចំពោះវិបត្តិថាមពលនាពេលអនាគត និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយគ្នានេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានស្នើឱ្យ ADB បន្តផ្តល់ហិរញ្ញប្បទានសម្បទានដែលមានភាពបត់បែនខ្ពស់ដល់កម្ពុជា ក្នុងដំណាក់កាលអន្តរកាលបន្ទាប់ពីការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ដើម្បីគាំទ្រការវិនិយោគក្នុងវិស័យអាទិភាព និងរក្សាសន្ទុះនៃការអភិវឌ្ឍប្រកបដោយចីរភាព៕




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content