បរទេស៖ អាស៊ាន និងចក្រភពអង់គ្លេស បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងអំឡុងកិច្ចពិភាក្សាពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស លើកទី ៦ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Pasay ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
យោងតាមសេចក្ដីរាយការណ៍ពី Philippines News Agency បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ លោកស្រី Ma. Cristina Roque រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន និង លោក Lord Anas Sarwar រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃចក្រភពអង់គ្លេស។ ក្នុងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃភាគីទាំងពីរបានលើកឡើងពីតម្រូវការក្នុងកិច្ចពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងជំរុញការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យកាន់តែស៊ីជម្រៅ។ កិច្ចពិភាក្សានេះក៏បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការសន្ទនា និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការទាក់ទងជាមួយដៃគូពាណិជ្ជកម្មទាំងអស់ ចំពេលមានបញ្ហាប្រឈមបច្ចុប្បន្នដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។ រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំងអស់បានពិភាក្សាអំពីវិស័យអាទិភាពនៅក្នុងកិច្ចសហប្រតិបត្តិការរួមមាន ការរក្សាទីផ្សារ និងការពង្រឹងភាពធន់សេដ្ឋកិច្ច, ការជំរុញកិច្ចសហប្រតិបត្តិការសេវាហិរញ្ញវត្ថុ និងកំណែទម្រង់បទប្បញ្ញត្តិ, ការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការសហការផ្នែកនវានុវត្តន៍, ការគាំទ្រដល់ដំណើរការអន្តរកាលថាមពលស្អាត, និងការពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន។ ទន្ទឹមនឹងនេះ អាស៊ាន និងចក្រភពអង់គ្លេសបានសាទរចំពោះកិច្ចសហប្រតិបត្តិការមូលនិធិអន្តរកាលបៃតងអាស៊ាន-អង់គ្លេស (ASEAN-UK Green Transition Fund) ផងដែរ។
សេចក្តីថ្លែងការណ៍រួមគូសបញ្ជាក់ថា «ប្រធានបទទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចដែលមានលក្ខណៈផ្តោតគោលដៅជាងមុន មានលក្ខណៈយុទ្ធសាស្ត្រ និងផ្តល់ផលជះខ្លាំងក្លារវាងអាស៊ាន និងចក្រភពអង់គ្លេស តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងអនុញ្ញាតឱ្យភាគីទាំងសងខាងឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម និងផ្តល់នូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនរបស់យើង»។
គួរឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងចក្រភពអង់គ្លេស បានឈានដល់ ៦២ ពាន់លានផោន (ប្រហែល ៨២,៥ ពាន់លានដុល្លារ) ពោល គឺកើនឡើង ១៧,៤ ភាគរយធៀបនឹងឆ្នាំ ២០២៤។ យោងតាមស្ថិតិបឋមរបស់អាស៊ាន បានបង្ហាញថា ការវិនិយោគផ្ទាល់ (FDI) ពីចក្រភពអង់គ្លេសមានតម្លៃ ៩,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលធ្វើឱ្យចក្រភពអង់គ្លេសក្លាយជាប្រភពទុន FDI ធំជាងគេទី ៦ របស់អាស៊ាន៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content