បរទេស៖ ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានប្រកាសអំពីលទ្ធផលវិជ្ជមានចំនួន ១០ ពីកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាម៉េរិកចុងក្រោយបង្អស់។ នេះបើយោងតាមការរាយការណ៍ពី Global Times។
នៅថ្ងៃចន្ទនេះ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសអំពីលទ្ធផលវិជ្ជមានចំនួន ១០ ពីកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាម៉េរិក ដែលរួមមានការកាត់បន្ថយពន្ធទៅវិញទៅមកលើទំនិញនាំចូលដែលមានតម្លៃ ៣០ ពាន់លានដុល្លារ រៀងៗខ្លួន ការរៀបចំកិច្ចសន្ទនាស្ដីពីបញ្ញាសិប្បនិម្មិត (AI) និងការបន្តសុពលភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទីក្រុងគូឡាឡាំពួរ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧។
ក្រុមការងារសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ចិន និងអាម៉េរិកបានបើកកិច្ចពិភាក្សានៅទីក្រុងញូវយ៉ក និងទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា។ ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានសម្រេចនូវការឯកភាពគ្នាជាវិជ្ជមាន និងបានរួមចំណែកនូវលទ្ធផលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្រាប់កិច្ចប្រជុំរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ។
លទ្ធផលវិជ្ជមានទាំង ១០ ដែលទទួលបានពីកិច្ចប្រជុំពិភាក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងភាគីទាំងពីរ រួមមាន៖
១. ការកាត់បន្ថយពន្ធគយទ្វេភាគី៖ ទាំងអាម៉េរិក និងចិនព្រមព្រៀងកាត់បន្ថយពន្ធគយលើមុខទំនិញនាំចូលដែលមានតម្លៃប្រមាណ ៣០ ពាន់លានដុល្លារ រៀងៗខ្លួន។ ទំនិញ ៩០ ភាគរយដែលស្ថិតក្នុងបញ្ជីនោះ ត្រូវបានប្តូរមកគិតពន្ធក្នុងអត្រាអនុគ្រោះបំផុត ដើម្បីជួយសម្រាលបន្ទុកចំណាយ និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី។
២. ការប្រកាសបញ្ជីទំនិញដែលត្រូវបន្ថយពន្ធ៖ ភាគីទាំងពីរយល់ព្រមចេញផ្សាយបញ្ជីទំនិញដែលទទួលបានការកាត់បន្ថយពន្ធគយរួមគ្នា ដោយវិធានការនេះនឹងចាប់ផ្តើមអនុវត្តក្នុងពេលដំណាលគ្នា បន្ទាប់ពីនីតិវិធីច្បាប់ក្នុងប្រទេសនីមួយៗបានបញ្ចប់។
៣. ការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាម៉េរិក៖ ក្រុមប្រឹក្សានេះត្រូវបានបង្កើតឡើងក្រោមយន្តការពិគ្រោះយោបល់ ដើម្បីកែលម្អ និងពង្រីកពាណិជ្ជកម្មទ្វេភាគី។
៤. ការដាក់បញ្ចូលធ្យូងថ្មក្នុងបញ្ជីកាត់បន្ថយពន្ធ៖ ធ្យូងថ្មនាំចូលពីអាម៉េរិកទៅក្នុងក្របខ័ណ្ឌបន្ថយពន្ធ ៣០ ពាន់លានដុល្លារ ដើម្បីសម្រួលដល់ការនាំចូលសម្រាប់ឆ្នាំ២០២៧ និង២០២៨។
៥. ការបង្កើតក្រុមការងារផ្នែកកសិកម្ម៖ ក្រុមការងារនេះត្រូវបានបង្កើតឡើងក្រោមការដឹកនាំក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាម៉េរិក ដោយមានការចូលរួមពីស្ថាប័នបច្ចេកទេស និងបទប្បញ្ញត្តិពាក់ព័ន្ធនៃប្រទេសទាំងពីរ។
៦. ការបង្កើតវេទិកាកិច្ចសន្ទនាស្តីពីបញ្ញាសិប្បនិម្មិត (AI)៖ វេទិកានេះត្រូវបានបង្កើតឡើងរវាងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent ដើម្បីពិភាក្សាអំពីហានិភ័យ និងអត្ថប្រយោជន៍នៃ AI។
៧. ការកំណត់កាលបរិច្ឆេទ AI និងប្រព័ន្ធទំនាក់ទំនង៖ ភាគីទាំងពីរព្រមព្រៀងរៀបចំជំនួបពិភាក្សា AI លើកក្រោយមុនចុងខែវិច្ឆិកា ឆ្នាំ២០២៦ និងបង្កើតប្រព័ន្ធទំនាក់ទំនងសម្រាប់ដោះស្រាយបញ្ហាបន្ទាន់ពាក់ព័ន្ធនឹង AI។
៨. ការពន្យារពេលកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរ៖ អាម៉េរិក និងចិនពន្យារពេលការផ្អាកវិធានការពន្ធគយ និងវិធានការមិនមែនពន្ធគយមួយចំនួន ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧។ ភាគីទាំងពីរមិនត្រឹមតែពន្យារពេលនោះទេ ប៉ុន្តែនឹងបន្តចរចាគ្នាជាបន្តបន្ទាប់ ដើម្បីស្វែងរកកិច្ចព្រមព្រៀង ឬដំណោះស្រាយអចិន្ត្រៃយ៍ដែលស្របតាមផលប្រយោជន៍របស់ទាំងសងខាង។
៩. ការពិភាក្សាលើជើងហោះហើរត្រង់៖ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងព្រមព្រៀងរក្សាទំនាក់ទំនងលើការបង្កើនជើងហោះហើរត្រង់រវាងអាម៉េរិក និងចិន។
១០. ការបើកចំហទីផ្សារសេវាកម្មហិរញ្ញវត្ថុ៖ ចិននឹងពិនិត្យ និងអនុម័តការស្នើសុំរបស់គ្រឹះស្ថានហិរញ្ញវត្ថុបរទេស រួមទាំងអាម៉េរិក ដើម្បីអនុញ្ញាតឱ្យពួកគេអាចធ្វើអាជីវកម្ម និងបើកសាខានៅចិន ព្រមទាំងរំពឹងថាអាម៉េរិកនឹងផ្តល់បរិយាកាសគោលនយោបាយស្មើភាពសម្រាប់ស្ថាប័នហិរញ្ញវត្ថុចិនដូចគ្នា៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content