ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបដំណាំស្រូវនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានចុះកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន ក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុន បៃតងកម្ពុជា។ នេះបើយោងតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមបានឱ្យដឹងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា កសិករចំនួន ៣៤៩គ្រួសារ មកពីសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ និងសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ បានរួមគ្នាចុះកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យា លើផ្ទៃដីសរុប ១,៥១៧ហិកតា។
តាមកិច្ចសន្យា សហគមន៍នឹងផ្គត់ផ្គង់ស្រូវផ្ការំដួល ស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាល ដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង បូករួមទាំងការផ្តល់បុព្វលាភ ឬប្រាក់លើកទឹកចិត្តបន្ថែមពី ៣០ ទៅ ៦០រៀលក្នុងមួយគីឡូក្រាម។
ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា តាមរយៈការសម្របសម្រួលតភ្ជាប់ទីផ្សារទុកជាមុនពីក្រសួងកសិកម្ម កសិករជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបានតម្លៃសមរម្យ និងការការពារពីហានិភ័យទីផ្សារ ព្រមទាំងទទួលបានធាតុចូលកសិកម្ម ដូចជា ពូជ ជី និងថ្នាំ ដែលមានគុណភាពខ្ពស់ និងមានតម្លៃទាបជាងទីផ្សារ។
កសិករទាំងនេះក៏អាចទទួលបានទុនបង្វិលក្នុងអត្រាការប្រាក់ទាប ពេញមួយរដូវកាលផលិតកម្ម ដែលជាផ្នែកមួយនៃការគាំទ្រដល់ការផលិតតាមកិច្ចសន្យា។
យោងតាមក្រសួងកសិកម្ម សហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយចងក្រងប្រជាកសិករដែលដាំដុះដំណាំប្រភេទដូចគ្នា ឱ្យរួមគ្នាអនុវត្តផលិតកម្មក្នុងទ្រង់ទ្រាយធំ ឬកម្រិតមាត្រដ្ឋានសេដ្ឋកិច្ច។ គោលនយោបាយនេះបានចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២៣ និងជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
កម្មវិធីនេះមានគោលដៅប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារ ទៅជាកម្លាំងផលិតរួមគ្នាកម្រិតសហគ្រាសផលិតកម្មដែលមានសេដ្ឋកិច្ចមាត្រដ្ឋាន និងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ ទាំងផ្នែកបរិមាណ និងគុណភាព។
ក្រសួងបញ្ជាក់ថា ការចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករធ្វើផលិតកម្មរួមគ្នា និងមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ ដើម្បីបង្កើន និងធានាសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។
សហគមន៍កសិកម្មទំនើបដំណើរការតាមគោលការណ៍សំខាន់ចំនួន៥ រួមមាន ទិញរួម ផលិតរួម លក់រួម ចំណេញរួម និងគ្រប់គ្រងរួម ដោយសហគមន៍។
ក្រសួងក៏បានលើកឡើងថា ការចូលរួមក្នុងសហគមន៍កសិកម្មទំនើប អាចជួយបង្កើនអំណាចចរចាក្នុងការទិញធាតុចូល និងលក់កសិផល កាត់បន្ថយថ្លៃដើមផលិតកម្មតាមរយៈសេដ្ឋកិច្ចមាត្រដ្ឋាន ព្រមទាំងទទួលបានការគាំទ្រផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ ការប្រឹក្សាយោបល់ និងការគ្រប់គ្រងដោយអ្នកជំនាញ។
លើសពីនេះ សមាជិកអាចទទួលបានទីផ្សារលក់កសិផល និងសមត្ថភាពអនុវត្តផលិតកម្មតាមកិច្ចសន្យា កាត់បន្ថយហានិភ័យពីការប្រែប្រួលអាកាសធាតុ និងទទួលបានការគាំទ្រលើទុនបង្វិល និងឥណទានសម្រាប់ប្រតិបត្តិការ និងការពង្រីកអាជីវកម្ម៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content