ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។

ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26)។
ទោះបីយ៉ាងណា ជម្លោះព្រំដែនកម្ពុជា និងថៃ ក៏បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា ពិសេសការនាំចេញកសិផលកម្ពុជាតែម្ដង ព្រោះមុនពេលមានជម្លោះព្រំដែន ប្រទេសថៃគឺជាទីផ្សារនាំចេញកសិផលដ៏ធំរបស់កម្ពុជា។ បច្ចុប្បន្ន ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារថៃ គឺមានតិចតួចបំផុត។ នេះជាការបញ្ជាក់របស់លោកស្រី សេង មូលិកា។

ចំណែកលោកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់ថា ក្រោយជម្លោះព្រំដែន សកម្មភាពដឹកជញ្ជូនទំនិញរបស់ប្រទេសទាំងពីរ ដំណើរការជាធម្មតាតាមផ្លូវទឹក និងផ្លូវអាកាស។ ទំនិញដែលកម្ពុជា បន្តនាំចូលពីប្រទេសថៃតាមផ្លូវទឹក និងផ្លូវអាកាស ភាគច្រើនគឺជាគ្រឿងបង្គុំដែលផលិតដោយក្រុមហ៊ុនជប៉ុន។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ សម្រេចបានប្រមាណ ២ពាន់លានដុល្លារ ថយចុះជាង ២៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅថៃ សម្រេចបានជាង ៥៣៨លានដុល្លារ ថយចុះជាង ៦% រីឯការនាំចូលពីថៃវិញមានទំហំជាង ១ ៥០០លានដុល្លារ ធ្លាក់ចុះជិត ៣៤%៕ ដោយ ៖ ខន ណារី AMS








វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content