ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា (JCA) គ្រោងដឹកនាំគណៈប្រតិភូធុរកិច្ចជប៉ុនលើកទី៦ មកកម្ពុជានៅខែវិច្ឆិកាខាងមុខ ដោយរំពឹងថានឹងមានក្រុមហ៊ុនជប៉ុនប្រមាណ ២០ ទៅ ៣០ ក្រុមហ៊ុនចូលរួម ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
លោក Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា បានបញ្ជាក់ដូច្នេះក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។
លោក Fumiaki Takahashi បានលើកឡើងថា សមាគមជប៉ុន-កម្ពុជា ក៏បានបង្ហាញគម្រោងសាកល្បងមួយចំនួន រួមមាន ការកែច្នៃសូត្រមាសកម្ពុជាសម្រាប់ផលិតគ្រឿងសម្អាត ការចិញ្ចឹម និងកែច្នៃត្រីទីឡាបយ៉ា ការកែច្នៃផ្លែខ្នុរ និងគម្រោងពាក់ព័ន្ធនឹងឧស្សាហកម្មឌីជីថល។
លោកបានបញ្ជាក់ថា ភាពជោគជ័យនៃគម្រោងទាំងនេះអាចក្លាយជាគំរូសម្រាប់ទាក់ទាញសហគ្រាសធុនតូច និងមធ្យម (SME) ជប៉ុនមកកម្ពុជាបន្ថែមទៀត។
លោកបានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាស្ថាប័នគន្លឹះមួយសម្រាប់គាំទ្រ SME នៅកម្ពុជា ហើយលោកសង្ឃឹមថានឹងសហការជិតស្និទ្ធជាមួយក្រសួង ដើម្បីទាក់ទាញ SME ជប៉ុនឱ្យបានកាន់តែច្រើន បង្កើតភាពជាដៃគូ និងកៀរគរការវិនិយោគរួមទុនជាមួយ SME កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានប្រកាសស្វាគមន៍សហគ្រាសជប៉ុនដែលមានបំណងស្វែងរកការវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា។ កម្ពុជា ក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុនស្វែងរកឱកាសនៅក្នុងមូលដ្ឋានឧស្សាហកម្មដែលមានស្រាប់របស់កម្ពុជា ជាពិសេសឧស្សាហកម្មគាំទ្រ ដែលអាចផ្គត់ផ្គង់វត្ថុធាតុដើម ផលិតផលពាក់កណ្ដាលសម្រេច គ្រឿងបន្លាស់ និងសេវាកម្មដល់ឧស្សាហកម្មកាត់ដេរ វាយនភណ្ឌ យានយន្ត គ្រឿងម៉ាស៊ីន និងវិស័យផលិតកម្មផ្សេងទៀត។
ឯកឧត្តមបានបន្តថា ការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា ក្នុងឆ្នាំ២០១៥ គឺជាបង្គោលចរដ៏សំខាន់សម្រាប់កម្ពុជា។ លោកបានចាត់ទុកការផ្គត់ផ្គង់វត្ថុធាតុដើម និងធាតុចូល ព្រមទាំងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ជារបៀបវារៈដ៏សំខាន់សម្រាប់ប្រទេស។
ឯកឧត្តមបានថ្លែងថា៖ «នេះជាវិញ្ញាសារមួយដែលកំណត់ថាយើងជោគជ័យ ឬមិនជោគជ័យ។ ដូច្នេះ របៀបវារៈដ៏ធំរបស់យើង គឺផ្ដោតលើរបៀបដែលយើងផ្គត់ផ្គង់វត្ថុធាតុដើម និងធាតុចូល និងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុករបស់យើង»។
ឯកឧត្តមបានបន្ថែមថា ការផ្លាស់ប្តូរនេះនឹងបង្កើតឱកាសសម្រាប់ SME បង្កើនផលិតកម្ម និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលកម្ពុជាត្រូវត្រៀមលក្ខណៈប្រកួតប្រជែងក្រោមលក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិកាន់តែតឹងរ៉ឹង។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហគ្រិនខ្មែរ អាចជួយសមាគមជប៉ុន-កម្ពុជា ស្វែងរកសហគ្រាសកម្ពុជាដែលមានសក្ដានុពល សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូជប៉ុនផងដែរ។
គួររម្លឹកថា ជប៉ុនជាប្រទេសដែលមានសហគ្រាសធុនតូច និងមធ្យម (SME) ច្រើន។ យោងតាមតួលេខរបស់រដ្ឋាភិបាលជប៉ុន ជប៉ុនមានសហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេសប្រមាណ ៣,៥ លានសហគ្រាស។
ឯកឧត្តម ហែម វណ្ណឌី បានលើកជាឧទាហរណ៍ថា ប្រសិនបើកម្ពុជាអាចទាក់ទាញសហគ្រាសជប៉ុនត្រឹមតែ ១ ឬ ២ ភាគរយ មកចាប់ដៃជាមួយសហគ្រាសក្នុងស្រុក នោះអាចបង្កើតសហគ្រាសបានរាប់ម៉ឺន។
មួយវិញទៀត វិនិយោគិនជប៉ុនត្រូវបានចាត់ទុកថាជាវិនិយោគិនដែលមានភាពស្មោះត្រង់ ហើយបណ្ដាប្រទេសនានានៅលើពិភពលោកតែងចង់បានវិនិយោគិនជប៉ុនទៅបណ្ដាក់ទុននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។
ដោយឡែក នៅកម្ពុជា មានក្រុមហ៊ុននិងសហគ្រាសជប៉ុនជាច្រើនកំពុងធ្វើអាជីវកម្មនិងធុរកិច្ច បានចូលរួមផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា ក្នុងវិស័យដូចជា ហិរញ្ញវត្ថុ លក់រាយ ផ្សារទំនើប និងអចលនទ្រព្យ ក្នុងចំណោមវិស័យផ្សេងទៀត៕





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content