បរទេស៖ វៀតណាម ទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក (World Bank) ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ នេះបើយោងតាមការរាយការណ៍ពី Vietnam Plus។
លោក Pham Hong Luong អនុប្រធាននាយកដ្ឋានរុក្ខាប្រមាញ់ និងការពារព្រៃឈើនៃក្រសួងកសិកម្ម និងបរិស្ថាន បានលើកឡើងថា ប្រតិបត្តិការចុងក្រោយនេះបានធ្វើឱ្យចំណូលសរុបរបស់វៀតណាមពីការផ្ទេរឥណទានកាបូនកើនឡើងដល់ ៥៦,៥ លានដុល្លារ គ្របដណ្តប់លើការកាត់បន្ថយការភាយឧស្ម័នកាបូនិកចំនួន ១១,៣ លានតោន ក្នុងតម្លៃ ៥ ដុល្លារក្នុងមួយតោន។ ទន្ទឹមនឹងនេះ ថវិកាដែលទទួលបានត្រូវបែងចែកទៅឱ្យអ្នកទទួលផលជិត ៨ ម៉ឺននាក់ ក្នុងនោះ ប្រមាណពាក់កណ្តាលជាជនជាតិភាគតិចរស់នៅតាមបណ្តាខេត្ត ដូចជា ខេត្តថាញ់ហ្វា, ង៉ែអាន, ហាទិញ, គ្វាងទ្រី, និងទីក្រុងហ្វេ។
កាលពីថ្ងៃទី ២ ខែកក្កដា កន្លងទៅនេះ វៀតណាមបានដាក់ចេញនូវក្រឹត្យលេខ ១៨០ ស្តីពីសេវាកម្មស្រូបយក និងស្តុកទុកកាបូនក្នុងព្រៃឈើ បានផ្តល់នូវក្របខណ្ឌច្បាប់គ្រប់ជ្រុងជ្រោយមួយដើម្បីគ្រប់គ្រងលើអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់សេវាកម្មស្រូបយកកាបូនព្រៃឈើ ព្រមទាំងនីតិវិធីសម្រាប់ការអភិវឌ្ឍ និងការចុះបញ្ជីគម្រោងកាបូនព្រៃឈើផងដែរ។ ក្រឹត្យនេះអាចចូលជាធរមាននៅថ្ងៃទី ១៥ ខែកក្កដា ខាងមុខនេះ។
លោក Pham Hong Luong បានសង្កត់ធ្ងន់ថា រាល់ការទិញ-លក់ឥណទានកាបូន និងការផ្ទេរលទ្ធផលនៃការកាត់បន្ថយការភាយឧស្ម័នទាំងអស់ ត្រូវតែធ្វើឡើងឱ្យស្របគ្នាទៅនឹងការប្តេជ្ញាចិត្តរបស់វៀតណាមស្តីពីការប្រែប្រួលអាកាសធាតុ (NDCs)។ នេះមានន័យថា វៀតណាមមិនលក់ឥណទានកាបូនឱ្យបរទេសតាមចិត្តចង់នោះទេ ពោលគឺត្រូវលក់ក្នុងបរិមាណមួយដែលមិនឱ្យប៉ះពាល់ដល់គោលដៅ និងកាតព្វកិច្ចកាត់បន្ថយផ្សែងពុលក្នុងស្រុក ដែលរដ្ឋាភិបាលបានសន្យាជាមួយអន្តរជាតិក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោក Pham Hong Luong បានចាត់ទុកគោលនយោបាយថ្មីស្តីពីការជួញដូរឥណទានកាបូនព្រៃឈើនេះថា ជាបដិវត្តន៍ទី២ នៅក្នុងវិស័យសេវាកម្មបរិស្ថានព្រៃឈើរបស់វៀតណាមបន្ទាប់ពីគោលនយោបាយទូទាត់សេវាកម្មបរិស្ថានព្រៃឈើឆ្នាំ២០០៨។ ក្របខណ្ឌបទប្បញ្ញត្តិថ្មីនេះត្រូវបានរំពឹងថានឹងបង្កើតឱកាសថ្មីៗសម្រាប់ម្ចាស់ព្រៃឈើ និងអាជ្ញាធរមូលដ្ឋានក្នុងការប្រមូលប្រភពធនធានបន្ថែមសម្រាប់កិច្ចការពារ និងការអភិវឌ្ឍព្រៃឈើ ព្រមទាំងជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ដែលពឹងផ្អែកលើព្រៃឈើផងដែរ។
គួររំលឹកផងដែរថា ឥណទានកាបូន គឺជាវិញ្ញាបនបត្រជួញដូរដែលតំណាងឱ្យសិទ្ធិក្នុងការបញ្ចេញឧស្ម័នកាបូនិក ឬ ឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀតចំនួន ១ តោន។ ឥណទានកាបូនព្រៃឈើត្រូវបានជួញដូរតាមរយៈកិច្ចព្រមព្រៀងទិញលក់គ្នាដោយផ្ទាល់ ឬ លក់នៅលើទីផ្សារដោះដូរកាបូន ដើម្បីកាត់កងជាមួយនឹងកូតាបំភាយឧស្ម័នផ្ទះកញ្ចក់របស់បណ្តាសហគ្រាសក្នុងវិស័យនានាដូចជា រោងចក្រថាមពលដើរដោយធ្យូងថ្ម រោងចក្រផលិតស៊ីម៉ង់ត៍ និងរោងចក្រផលិតដែកថែបជាដើម។ កាលពីដើមសប្តាហ៍នេះ វៀតណាមបានដាក់ដំណើរការសាកល្បងទីផ្សារដោះដូរកាបូនក្នុងស្រុករបស់ខ្លួនផងដែរ ហើយប្រតិបត្តិការឥណទានជាលើកដំបូងនេះត្រូវបានបញ្ចប់ទៅដោយជោគជ័យ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content