ភ្នំពេញ ៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលបានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសតំបន់ជនបទ បានសម្រេចបន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាមួយនឹងការជឿជាក់លើភាពរីកចម្រើនរបស់ធនាគារជាតិនៃកម្ពុជា។ កិច្ចគាំទ្រនេះត្រូវបានបញ្ចាក់នៅក្នុងកិច្ចជំនួបពិភាក្សារវាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ធនាគារពិភពលោក ព្រមទាំងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលដឹកនាំដោយលោក Dennis McLaughlin អនុប្រធានធនាគារពិភពលោក និងជាប្រធានគ្រប់គ្រងហានិភ័យ កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ នៅធនាគារជាតិនៃកម្ពុជា ក្នុងអគារវត្តភ្នំ។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាលបានមានប្រសាសន៍ពីតួនាទី និងការរួមចំណែករបស់ IFC ក្នុងការគាំទ្រការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាំងពីដំណាក់កាលដំបូង នាដើមទសវត្សរ៍ឆ្នាំ១៩៩០។ លោកជំទាវក៏បានជម្រាបជូនពីវឌ្ឍនភាពនៃវិស័យមីក្រូហិរញ្ញវត្ថុ ដែលបានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ។ ទន្ទឹមនេះ លោកជំទាវបានលើកឡើងថា កម្ពុជា ជាប្រទេសដំបូងគេដែលបានរៀបចំក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ដែលបានរួមចំណែកធ្វើឱ្យវិស័យនេះដំណើរការក្នុងក្របខ័ណ្ឌផ្លូវការ និងអភិវឌ្ឍប្រកបដោយចីរភាពរហូតមកដល់បច្ចុប្បន្ន ដែលមានប្រទេសជាច្រើនបានមកសិក្សារៀនសូត្រ និងចែករំលែកបទពិសោធ។
លោកជំទាវក៏បានរំលេចពីតួនាទីរបស់ប្រព័ន្ធចែករំលែកឥណទាន ដែលបានរួមចំណែកគ្រប់គ្រងហានិភ័យឥណទាន ដោយមានក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ជាប្រតិបត្តិករ ហើយការបង្កើតស្ថាប័ននេះក៏ទទួលបានការគាំទ្រពី IFC ផងដែរ។ ទោះជាយ៉ាងណា លោកជំទាវក៏បានរំលេចពីកត្តាប្រឈមរបស់វិស័យនេះ ដែលបណ្តាលមកពីកម្រិតចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ដែលជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនធ្វើឱ្យប្រជាពលរដ្ឋជ្រើសរើសប្រើប្រាស់កម្ចីក្រៅប្រព័ន្ធទោះបីជាមានអត្រាការប្រាក់ខ្ពស់។

ក្នុងឱកាសនេះដែរ លោក Dennis McLaughlin បានបញ្ជាក់ពីការបន្តគាំទ្រវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងបានជម្រាបជូនថា បេសកកម្មលើកនេះមានគោលបំណងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលសម្រាប់បន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់ IFC នៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជានាពេលខាងមុខ និងស្វែងរកយន្តដោះស្រាយបញ្ហាដែលបានលើកឡើងក្នុងរបាយការណ៍នៅកិច្ចប្រជុំក្រុមប្រឹក្សាភិបាលធនាគារពិភពលោក។ បន្ថែមពីលើនេះ លោកក៏បានលើកសរសើរដល់ធនាគារជាតិនៃកម្ពុជាក្នុងការបំពេញតួនាទីរបស់ខ្លួនជាអាណាព្យាបាលនៃវិស័យនេះ តាមរយៈការរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិ និងយន្តការការពារអតិថិជន និងចំណេះដឹងហិរញ្ញវត្ថុ ដែលមានលក្ខណៈបុរេសកម្មខ្ពស់។
លោកជំទាវទេសាភិបាល និងលោកអនុប្រធាន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមទាំងពិនិត្យលទ្ធភាពរៀបចំវេទិកាអន្តរជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធ និងចែករំលែកឧត្តមានុវត្តន៍ក្នុងការអភិវឌ្ឍវិស័យនេះ ដែលកម្ពុជាមានសេចក្តីរីករាយនឹងទទួលធ្វើជាម្ចាស់ផ្ទះ។





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content