ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកែសម្រួលរចនាសម្ព័ន្ធមួយចំនួនរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសម្រួលការងារ និងការអនុវត្តភារកិច្ចដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួង។
អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយបានកំណត់រចនាសម្ព័ន្ធមួយចំនួនរបស់ក្រសួងឡើងវិញ។
យោងតាមមាត្រា៤ នៃអនុក្រឹត្យ រចនាសម្ព័ន្ធអង្គភាពថ្នាក់ជាតិរបស់ក្រសួង រួមមាន ខុទ្ទកាល័យរដ្ឋមន្ត្រី អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម អគ្គនាយកដ្ឋានសំណង់ អគ្គនាយកដ្ឋានលំនៅឋាន មន្ទីរពិសោធន៍ជាតិសំណង់ និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
សម្រាប់ក្រុមប្រឹក្សាអាជ្ញាធរ គណៈកម្មាធិការ គណៈកម្មការ និងគណៈវិជ្ជាជីវៈ ដែលស្ថិតក្រោមការទទួលបន្ទុករបស់ក្រសួង ត្រូវប្រើប្រាស់អង្គភាពជំនាញរបស់ក្រសួងជាសេនាធិការ។
ចំពោះអង្គភាពថ្នាក់ក្រោមជាតិ អនុក្រឹត្យថ្មីបានកែសម្រួលឈ្មោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត មកជា «មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានី-ខេត្ត»។
អនុក្រឹត្យដដែលបានបញ្ជាក់ថា ការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានី-ខេត្ត នឹងត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការចេញប្រកាសនេះ ត្រូវធ្វើឡើងបន្ទាប់ពីទទួលបានការឯកភាពជាមុនពីក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content