រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

យោងតាមអនុក្រឹត្យថ្មីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានប្រគល់បេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យស្នូលសំខាន់ៗចំនួន ៥ រួមមាន៖ វិស័យសុរិយោដី និងភូមិសាស្ត្រ, វិស័យរៀបចំដែនដី និងនគរូបនីយកម្ម, វិស័យសំណង់, វិស័យលំនៅឋាន (ពិសេសការផ្តោតលើលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ) ព្រមទាំងការបំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីប្រមុខរាជរដ្ឋាភិបាល។
អនុក្រឹត្យដដែលបានកំណត់យ៉ាងច្បាស់អំពីអង្គការលេខ និងរចនាសម្ព័ន្ធដឹកនាំរបស់ក្រសួងនៅថ្នាក់ជាតិ ដែលរួមមាន៖
* ខុទ្ទកាល័យរដ្ឋមន្ត្រី
* អគ្គលេខាធិការដ្ឋាន ដែលមាននាយកដ្ឋានចំណុះចំនួន ៥ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ
* អគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រ (ទទួលបន្ទុកការងាររដ្ឋបាលដីធ្លី អភិរក្សសុរិយោដី ភូមិសាស្ត្រ និងការដោះស្រាយវិវាទដីធ្លី)
* អគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម (ទទួលបន្ទុកផែនការរៀបចំដែនដី ការងារនគរូបនីយកម្ម និងការរៀបចំទីក្រុង)
* អគ្គនាយកដ្ឋានសំណង់ (ទទួលបន្ទុកឧស្សាហកម្មសំណង់ ស្ថាបត្យកម្ម វិស្វកម្ម ព្រមទាំងបច្ចេកវិទ្យានិងនវានុវត្តន៍សំណង់)
* អគ្គនាយកដ្ឋានលំនៅឋាន (ទទួលបន្ទុកផែនការលំនៅឋាន ការអភិវឌ្ឍលំនៅឋាន មូលនិធិលំនៅឋាន និងការងារសម្បទានដីដើម្បីសង្គមនិងសេដ្ឋកិច្ច)
* មន្ទីរពិសោធជាតិសំណង់ (មាននាយកដ្ឋានកិច្ចការរដ្ឋបាលនិងផែនការហិរញ្ញវត្ថុ នាយកដ្ឋានពិសោធន៍ និងនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍)
* អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង (មាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានទទួលពាក្យបណ្តឹងនិងដោះស្រាយ)។
ដោយឡែក សម្រាប់ថ្នាក់ក្រោមជាតិ រចនាសម្ព័ន្ធរបស់ក្រសួង គឺស្ថិតនៅក្រោមការអនុវត្តផ្ទាល់របស់ «មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានី ខេត្ត»។ ក្រៅពីនេះ ឯកសារទិន្នន័យ និងព័ត៌មានទាំងអស់ដែលបម្រើឱ្យការងារត្រូវចាត់ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់ក្រសួង ដែលតម្រូវឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ថែរក្សាការពារ និងហាមឃាត់ដាច់ខាតមិនឱ្យបែកធ្លាយ ឬខូចខាតឡើយ។
តាមរយៈការដាក់ចេញអនុក្រឹត្យលេខ ២២៥ អនក្រ.បក នេះ រាជរដ្ឋាភិបាលបានសម្រេចនិរាករណ៍នូវអនុក្រឹត្យចាស់លេខ ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ព្រមទាំងអនុក្រឹត្យកែសម្រួលដទៃទៀតដែលផ្ទុយពីអនុក្រឹត្យថ្មីនេះ។ ការរៀបចំរចនាសម្ព័ន្ធថ្មីនេះ ក៏ត្រូវបានធានាថា មន្ត្រីរាជការស៊ីវិលដែលរងផលប៉ះពាល់ពីការផ្លាស់ប្តូរ នឹងនៅតែរក្សាបាននូវអត្ថប្រយោជន៍ផ្នែកបៀវត្សយ៉ាងហោចណាស់ក្នុងកម្រិតដដែល។
សេចក្ដីលម្អិតមាននៅក្នុងអនុក្រឹត្យដូចខាងក្រោម ៖





































វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content