ភ្នំពេញ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង បានប្រកាសជូនដំណឹងដល់ម្ចាស់ក្បាលដីស្ថិតក្នុងតំបន់វិនិច្ឆ័យនៅភូមិក្រឡាពាស ភូមិកណ្ដាល និងភូមិក្រោម ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង បានឱ្យដឹងថា យោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០០២ ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីការកែសម្រួល មាត្រា៦ និងមាត្រា១១ នៃអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០០២ ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីរ នឹងរៀបចំការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃបណ្ណសម្គាល់សិទ្ធិកាន់កាប់ការប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដល់ម្ចាស់ក្បាលដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិកណ្ដាល ភូមិក្រឡាពាស និងភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ១រសៀល នៅទីតាំងវត្តដំរីស ស្ថិតនៅភូមិកណ្ដាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីធ្លី ដែលពលរដ្ឋខ្មែរនិយមហៅថា ប័ណ្ណស្លាបមាន់ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់ទាំងនោះនឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះតទៅ ពោលគឺចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៦តទៅ ។
មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង បានជម្រាបជូនដល់ម្ចាស់ក្បាលដី ដែលស្ថិតនៅក្នុងទីតាំងនៃភូមិតាំង៣ ខាងលើ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក សូមយកប័ណ្ណទាំងនោះមកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ដែលនឹងត្រូវប្រគល់ជូនដោយមន្ត្រីរដ្ឋបាលសុរិយោដី នៅទីតាំងប្រារព្ធកម្មវិធី ឬអាចទំនាក់ទំនងទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីនេះនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងនៅពេលបន្ទាប់ ។

មន្ទីរដែនដីខេត្តស្ទឹងត្រែងក៏បានបញ្ជាក់ផងដែរថា ចំពោះម្ចាស់បំណុល ដែលបានទទួលបញ្ចាំឬដាក់ធានាពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យក្នុងភូមិទាំង ៣ ខាងលើ សូមយកប័ណ្ណទាំងនោះមកជូនមន្ត្រីរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្មដើម្បីការធានាប្រាក់ ។ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង សង្ឃឹមថា ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីស្ថិតក្នុងទីតាំងទាំង ៣ ខាងលើនេះ នឹងចូលរួម និងមកទំនាក់ទំនងជាមួយមន្ត្រីជំនាញតាមសេចក្ដីជូនដំណឹងនេះ និងតាមការកំណត់ជាធរមាន ៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content