បរទេស ៖ ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយតាមរយៈការដាក់ទណ្ឌកម្មណាមួយនោះទៀត។
តាមសេចក្ដីរាយការណ៍ពី China Daily បានឱ្យដឹងថា កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិន បានបដិសេធ និងអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការយកបញ្ហាបច្ចេកវិទ្យា និងពាណិជ្ជកម្មធ្វើជាឧបករណ៍នយោបាយ បន្ទាប់ពីមានដំណឹងថា មន្ត្រីជាន់ខ្ពស់អាម៉េរិកមួយចំនួនកំពុងពិចារណាដាក់ការស៊ើបអង្កេត និងទណ្ឌកម្មលើក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) របស់ចិន ក្រោមបទចោទប្រកាន់ពីការលួចចម្លងម៉ូឌែលទិន្នន័យ។ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចិន ប្រឆាំងដាច់ខាតចំពោះគោលបំណងរបស់រដ្ឋាភិបាលអាម៉េរិកដែលបានចោទប្រកាន់ទាំងគ្មានមូលដ្ឋាន ក្នុងចេតនាបង្ខូចឈ្មោះ និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន។ បន្ថែមពីនេះ ចិន ក៏បានព្រមានផងដែរថា ខ្លួននឹងចាត់វិធានការចាំបាច់ណាមួយដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ព្រមទាំងប្រឆាំងនឹងសកម្មភាពទាំងឡាយណាដែលប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ចិន។
មន្ត្រីរូបនេះបានបន្តថា ភាគីអាម៉េរិក បានមើលរំលងការពិតពីសមត្ថភាពនៃម៉ូឌែល AI របស់ចិនដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងពេលដំណាលគ្នាជាមួយនឹងម៉ូឌែលកំពូលៗរបស់អាម៉េរិក ហើយម៉ូឌែលរបស់ចិនខ្លះមានសមត្ថភាពឈានមុខគេលើពិភពលោក។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា វិធីសាស្ត្ររបស់អាម៉េរិកកំពុងស្តែងចេញនូវនយោបាយកៀបសង្កត់ផ្នែក AI ដោយចោទប្រកាន់ខ្វះមូលដ្ឋានច្បាប់ និងអង្គហេតុច្បាស់លាស់។ លើសពីនេះ ការបង្កើតថ្មីមិនមែនជាបុព្វសិទ្ធិផ្តាច់មុខរបស់ប្រទេសណាមួយឡើយ ខណៈដែលក្រុមហ៊ុន AI របស់ចិនបានវិនិយោគលើការស្រាវជ្រាវជាយូរមកហើយ ក្នុងគោលបំណងចម្បងពឹងផ្អែកលើបច្ចេកវិទ្យាខ្លួន បន្ថែមពីលើកិច្ចសហប្រតិបត្តិការអន្តរជាតិ។
មន្ត្រីជាន់ខ្ពស់រវបស់ចិនបានអះអាងផងដែរថា ក្រុមហ៊ុន AI របស់អាម៉េរិកជាច្រើន ក៏បាន និងកំពុងប្រើប្រាស់ម៉ូឌែលរបស់ចិនសម្រាប់ចម្រាញ់ទិន្នន័យក្នុងអំឡុងពេលស្រាវជ្រាវ និងបណ្តុះបណ្តាលដូចគ្នា។ ជាក់ស្ដែង មានក្រុមហ៊ុន Startups របស់អាម៉េរិកប្រមាណជិត ២០០ បានប្តឹងតវ៉ា និងជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការហាមឃាត់លើការចូលប្រើប្រាស់ប្រភពម៉ូឌែល AI របស់ចិនដោយបើកចំហ ក្រោមហេតុផលថា ការរឹតបន្តឹងបែបនេះនឹងធ្វើឱ្យសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនអាម៉េរិកចុះខ្សោយជាងចិនទៅវិញទេ៕




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content