ភ្នំពេញ៖ ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គាំទ្រការអភិវឌ្ឍឧស្សាហកម្ម សម្រួលពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផល និងការការពារអ្នកប្រើប្រាស់ រួមមាន ស្តង់ដារអន្តរជាតិ និងស្តង់ដារតំបន់ថ្មីចំនួន ៤៣ស្តង់ដារ និងវិសោធនកម្មចំនួន ២ស្តង់ដារ ជាស្តង់ដារកម្ពុជា។ ស្តង់ដារទាំងនេះរួមមាន ស្តង់ដារសហភាពអឺរ៉ុប (Eurocode) ចំនួន ១៣, ស្តង់ដារ ISO ចំនួន ២៦, ស្តង់ដារ IEC ចំនួន ៤, និងវិសោធនកម្មស្តង់ដារចំនួន ២ ។
ស្តង់ដារដែលបានអនុម័តគ្របដណ្តប់លើវិស័យចម្រុះ រួមមានវិស័យសំណង់និងវិស្វកម្ម សារធាតុនិងផលិតផលគីមី ប្រព័ន្ធគ្រប់គ្រង ផលិតផលអគ្គិសនីនិងអេឡិចត្រូនិក ផលិតផលកៅស៊ូ យានយន្ត គ្រឿងសម្អាង និងផលិតផលឈើ។ ស្តង់ដារទាំងអស់ត្រូវបានពិនិត្យ និងឯកភាពដោយគណៈកម្មការបច្ចេកទេសចំនួន ៨ មុននឹងដាក់ជូនក្រុមប្រឹក្សាស្តង់ដារជាតិអនុម័ត។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិបានបញ្ជាក់ថា ស្តង់ដារបានក្លាយជាឧបករណ៍គន្លឹះក្នុងកិច្ចការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកកាន់តែមានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធ។
ឯកឧត្តមបានលើកឡើងថា៖
«គោលបំណងរបស់យើង គឺការពារផលប្រយោជន៍សេដ្ឋកិច្ចជាតិរបស់កម្ពុជា។ ពាណិជ្ជកម្មអន្តរជាតិកាន់តែពឹងផ្អែកលើស្តង់ដារ។ ប្រសិនបើយើងមិនចូលរួមក្នុងការរៀបចំស្តង់ដារទាំងនោះទេ យើងមិនអាចការពារផលប្រយោជន៍របស់ធុរកិច្ច និងអ្នកនាំចេញរបស់យើងប្រកបដោយប្រសិទ្ធភាពបានទេ»។
ឯកឧត្តមបានបន្ថែមថា៖ តាមរយៈការចូលជាសមាជិកពេញសិទ្ធិរបស់អង្គការ ISO កម្ពុជាមិនមែនត្រឹមតែជាអ្នកសង្កេតការណ៍នៅក្នុងដំណើរការរៀបចំស្តង់ដារអន្តរជាតិទៀតទេ ប៉ុន្តែមានសិទ្ធិបោះឆ្នោត និងមានសំឡេងក្នុងកិច្ចការពារផលប្រយោជន៍របស់កម្ពុជា និងចូលរួមកំណត់ស្តង់ដារដែលមានឥទ្ធិពលដល់សេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តម ស៊ាង សុលក្ខណ៍ ទីប្រឹក្សា និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ ស្តង់ដារទាំងនេះមានសារៈសំខាន់សម្រាប់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។ ការអនុម័តស្តង់ដារកម្ពុជា (ស.ក) ចំនួន ៤៥ បន្ថែមទៀតដោយក្រុមប្រឹក្សាស្តង់ដារជាតិ គឺធ្វើឡើងក្នុងគោលបំណងគន្លឹះចំនួនពីរ ពោលគឺ ទី១លើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម៖ ជួយឱ្យផលិតផលក្នុងស្រុកមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ និងទី២ ជំរុញការធ្វើពាណិជ្ជកម្មអន្តរជាតិ ៖ កាត់បន្ថយរបាំងបច្ចេកទេសក្នុងការធ្វើពាណិជ្ជកម្ម (Technical Barriers to Trade) ធ្វើឱ្យផលិតផលដែលផលិតនៅកម្ពុជាងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារតំបន់ ក៏ដូចជាសកលលោក ព្រោះមានស្តង់ដារស្របតាមការកំណត់ជាអន្តរជាតិ។
តាមរយៈស្តង់ដារទាំងនេះនឹងរួមចំណែកពង្រឹងភាពអនុលោមរបស់កម្ពុជា ជាមួយនឹងឧត្តមានុវត្តអន្តរជាតិ ព្រមទាំងគាំទ្រដំណើរឆ្ពោះទៅការអភិវឌ្ឍឧស្សាហកម្ម និងផលិតកម្មដែលកាន់តែមានសុវត្ថិភាព និងភាពប្រកួតប្រជែងខ្ពស់។

ក្នុងនាមវិស័យឯកជន អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ៖ សម្រាប់ជាតិមួយត្រូវតែមានស្តង់ដារ។ ពិតប្រាកដណាស់ ស្តង់ដារជាតិ និងអន្តរជាតិ គឺជាកត្តាគន្លឹះដ៏សំខាន់បំផុតសម្រាប់ឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសមួយឱ្យមាននិរន្តរភាព។
អ្នកឧកញ៉ាបានលើកឡើងថា ៖
«កន្លងមកសង្កេតឃើញថា ក្រុមហ៊ុនក្នុងស្រុកធំៗ ដូចជាក្រុមហ៊ុនផលិតស្រាបៀរ សំណង់ និងផលិតផលផ្សេងៗទៀត តែងតែខិតខំទៅរកស្តង់ដារអឺរ៉ុប ឬស្តង់ដារអន្តរជាតិនានា ដើម្បីបង្កើនទំនុកចិត្ត និងពង្រីកទីផ្សាររបស់ពួកគេ ក៏ដូចជាផលិតកម្មកាន់តែប្រសើរ។ ការមានស្តង់ដារជាតិមួយដែលរឹងមាំ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ គឺជារឿងចាំបាច់ណាស់ ព្រោះវាជាការកែទម្រង់ដ៏សំខាន់ ដើម្បីរក្សាគុណតម្លៃនៃផលិតផល «ផលិតនៅកម្ពុជា» (Made in Cambodia)។ ការមានស្តង់ដានេះ ជួយឱ្យអន្តរជាតិទទួលទិញ និងបញ្ជាទិញទំនិញរបស់យើង»។
អ្នកឧកញ៉ាបានបន្តថា៖ ករណីពាណិជ្ជកម្មរវាងកម្ពុជា និងចិន គឺជាឧទាហរណ៍ជាក់ស្តែងបំផុត។ ទោះបីជាយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក៏ដោយ ប៉ុន្តែប្រទេសចិន ឬបណ្តាប្រទេសផ្សេងទៀត តែងតែមានការរឹតបន្តឹងខ្លាំងលើផ្នែកភូតគាមអនាម័យ និងស្តង់ដាម្ហូបអាហារ។ ដូច្នេះស្តង់ដារ មានសារៈសំខាន់ណាស់។ ប្រសិនបើផលិតផលកសិកម្ម ឬម្ហូបអាហាររបស់យើងមិនទាន់ឆ្លងកាត់ស្តង់ដារភូតគាមអនាម័យនេះទេ យើងក៏មិនអាចនាំចេញទៅកាន់ទីផ្សាររបស់គេបានដែរ។ ដូច្នេះ ការរត់ទៅរកស្តង់ដារជាតិ និងអន្តរជាតិ គឺជាផ្លូវតែមួយគត់ដើម្បីដោះស្រាយបញ្ហានេះ។
អ្នកឧកញ៉ា អនុប្រធានសភាពាណិជ្ជកម្ម បានបញ្ជាក់ថា៖
«ការបង្កើត និងពង្រឹងស្តង់ដារ មិនមែនធ្វើឡើងតែសម្រាប់ការនាំចេញនោះទេ ប៉ុន្តែវាផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាពលរដ្ឋខ្លួនឯង ដែលអាចធានាបាននូវគុណភាព ភាពធន់ និងភាពត្រឹមត្រូវតាមបច្ចេកទេស មានសុវត្ថិភាពខ្ពស់ កាត់បន្ថយហានិភ័យដែលប៉ះពាល់ដល់សុខភាព និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋជាចម្បង។ ដូច្នេះការជំរុញឱ្យមានស្តង់ដារជាតិមួយច្បាស់លាស់ គឺជាគ្រឹះគ្របដណ្តប់ទាំងកិច្ចការពារអ្នកប្រើប្រាស់ក្នុងស្រុក និងការលើកកម្ពស់មុខមាត់ផលិតផលជាតិនៅលើឆាកអន្តរជាតិ»៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content