ភ្នំពេញ ៖ តំបន់ភូមិភាគឦសាន ត្រូវបានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចថ្មីមួយរបស់ប្រទេសកម្ពុជា និងជាតំបន់ដែលមានសក្ដានុពលវិនិយោគថ្មី ខណៈពីមុនតំបន់នេះ ត្រូវបានគេចាត់ទុកថានៅដាច់ស្រយាលពីបណ្តាខេត្តសក្ដានុពលសេដ្ឋកិច្ចផ្សេងៗ ។ ដោយឡែក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិនទាំងក្នុង និងក្រៅប្រទេសជាច្រើនបានចាប់អារម្មណ៍ និងសម្លឹងរកឱកាសវិនិយោគដោយដាក់ទីតាំងនៅក្នុងតំបន់ភូមិភាគឦសានកាន់តែច្រើន ស្របពេលដែលរដ្ឋាភិបាលបាន និងបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរ និងផ្តល់ផលចំណេញច្រើន តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងតំបន់មួយនេះ។
តាមការផ្សព្វផ្សាយជាបន្តបន្ទាប់របស់ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសានបានបង្ហាញឱ្យឃើញថា ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគភូមិភាគឦសាន មានក្រុមហ៊ុន និងគម្រោងវិនិយោគជាច្រើនបានដាក់ស្នើសុំវិនិយោគនៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដោយក្នុងចំណោមវិនិយោគិនដែលបានដាក់ស្នើសុំវិនិយោគនៅតំបន់នោះ ភាគច្រើនស្នើសុំលើកទឹកចិត្តពីរាជរដ្ឋាភិបាលស្របតាមកម្មវិធីពិសេសដែលបានដាក់ចេញ។

ក្នុងជំនួបជាមួយសមាគមចម្ការឈើដាំ និងឧស្សាហកម្មឈើកម្ពុជាកាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការទាក់ទាញវិនិយោគិនមកកាន់តំបន់ភូមិភាគឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលត្រូវបានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចដែលមានសក្តានុពលខ្ពស់សម្រាប់ទាក់ទាញការវិនិយោគក្នុងវិស័យអាទិភាព ដូចជា កសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ដោយផ្អែកលើលក្ខខណ្ឌភូមិសាស្ត្រ ធនធាន និងឱកាសអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ។
ឯកឧត្តមបានមានប្រសាសន៍ថា តាមរយៈគោលនយោបាយជំរុញការវិនិយោគទៅកាន់តំបន់នេះ គឺជាឱកាសមួយក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ច បង្កើតមជ្ឈមណ្ឌលផលិតកម្មថ្មីៗ និងបង្កើនការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ។
ឯកឧត្តមថា៖ «ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគនៅភូមិភាគឦសាន ដោយផ្តល់ការលើកទឹកចិត្តទាំងផ្នែកពន្ធ និងមិនមែនសារពើពន្ធចំពោះវិនិយោគិនដែលបានដាក់ទុនវិនិយោគនៅក្នុងតំបន់នេះ»។
លោក ជា ពៅ ប្រធានសមាគមចម្ការឈើដាំ និងឧស្សាហកម្មឈើកម្ពុជាបានមានប្រសាសន៍ថា វិស័យឧស្សាហកម្មឈើដាំ មានសក្តានុពលក្នុងការផ្តល់ផលសេដ្ឋកិច្ចខ្ពស់ចំពោះកម្ពុជា ព្រោះថា ផលិតផលឈើដាំ អាចចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មនានា ដែលកម្ពុជាកំពុងតែផ្តោតសំខាន់តាមរយៈការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មគ្រឿងសង្ហារិម សំណង់ និងផលិតផលផ្សេងៗជាច្រើនទៀត ដែលសុទ្ធសឹងតែជាផលិតផលចាំបាច់ និងផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្សទូទាំងពិភពលោក ។

នៅក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ផងដែរថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន និងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នឹងធ្វើឱ្យតំបន់ទាំងពីរ (តំបន់ឦសាន និងតំបន់ឆ្នេរ ) នៅតែទទួលបានគម្រោងវិនិយោគថ្មីៗ បើទោះបីជាពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងទទួលរងនូវវិបត្តិដោយសារតែបញ្ហាសកលដែលកំពុងបន្តកើតមានក៏ដោយ។
លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ KFA Group បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន AMS តាមទូរសព្ទឱ្យដឹងថា តំបន់ភូមិភាគឦសានជាតំបន់ប៉ូលសេដ្ឋកិច្ចថ្មីដែលកំណត់ដោយរាជរដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏បាន និងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីខេត្តមួយទៅខេត្តមួយក្នុងតំបន់នោះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ វិនិយោគិន និងទេសចរ ។

លោកឧកញ៉ាបន្តថា យោងទៅលើការផ្សព្វផ្សាយរបស់រដ្ឋាភិបាលគឺកំណត់យកតំបន់នេះសម្រាប់អភិវឌ្ឍកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដោយបច្ចុប្បន្ននេះ ក៏បានមើលឃើញថា មានវិនិយោគិនតូចធំជាច្រើន ចូលទៅកាន់តំបន់ភូមិភាគឦសានដើម្បីដំណើរការសកម្មភាពវិនិយោគរបស់ខ្លួនក្នុងពេលដែលរាជរដ្ឋាភិបាលបានផ្ដល់ការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគនៅក្នុងតំបន់ភូមិភាគឦសាន ។
លោកឧកញ៉ាបន្ថែមថា ដោយសារតែតំបន់ភូមិភាគឦសាន ជាប៉ូលសេដ្ឋកិច្ចផ្ដោតកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដូច្នេះ វិនិយោគិន នឹងមិនរង់ចាំ ឬពន្យារពេលក្នុងកិច្ចដំណើរការគម្រោងវិនិយោគរបស់ខ្លួននោះទេ ។ ពោលគឺ ទាំងការទម្លាក់ទុនវិនិយោគ ទាំងសកម្មភាពលើគម្រោង នឹងដំណើរការព្រមគ្នាក្រោយមានការអនុម័តពីរាជរដ្ឋាភិបាល ពីព្រោះតែការវិនិយោគលើវិស័យនេះ ជាការវិនិយោគដែលប្រើទុនធំ និងប្រើរយៈពេលយូរ ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញឱ្យឃើញថា ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគនៅតំបន់ភូមិភាគឦសានចំនួន ៧គម្រោង ក្នុងនោះមានខេត្តស្ទឹងត្រែងចំនួន ២គម្រោង ខេត្តក្រចេះ ចំនួន ៤គម្រោង និងខេត្តមណ្ឌលគិរីចំនួន១គម្រោង ។ ចំណែកខេត្តព្រះសីហនុ ដែលរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជំរុញការវិនិយោគផងដែរនោះ ក៏ឃើញថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគរហូតដល់ ៤៧គម្រោង ។ ក្រៅពីនោះ ក្រុមការងារជំរុញការវិនិយោគខេត្តជាត់មាត់សមុទ្រមួយនេះក៏បានផ្ដល់ការលើកទឹកចិត្តដល់គម្រោងរហូតដល់ ៥១១គម្រោងជាមួយទឹកប្រាក់វិនិយោគជាង ៨,៥ពាន់លានដុល្លារអាម៉េរិកផងដែរ ៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content