បរទេស៖ តម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារក្តីរំពឹងកាន់តែខ្ពស់លើកិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា និងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,២ ភាគរយ មកនៅត្រឹម ៩១,៦២ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់អាម៉េរិក ក៏ធ្លាក់ចុះ ១,២ ភាគរយដូចគ្នា មកនៅត្រឹម ៨៥,៤៩ ដុល្លារក្នុងមួយបារ៉ែល។
លោក Hiroyuki Kikukawa ប្រធានយុទ្ធសាស្ត្រនៃក្រុមហ៊ុន Nissan Securities Investment បានលើកឡើងថា ការធ្លាក់ចុះនៃតម្លៃប្រេងនេះកើតឡើងដោយសារទីផ្សាររំពឹងថា កិច្ចខិតខំប្រឹងប្រែងចរចាជាសម្ងាត់អាចនាំទៅរកបទឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែន ខណៈសង្គ្រាមនៅអ៊ីរ៉ង់ក៏ទំនងជាមិនមានការកើនឡើងកម្តៅខ្លាំងជាងនេះដែរ មុនជំនួបកំពូលរវាងអាម៉េរិកនិងចិននៅសប្តាហ៍ក្រោយ។ លោកបន្ថែមថា ទោះបីជានៅមានភាពមិនច្បាស់លាស់ជុំវិញច្រកសមុទ្រ Hormuz ក៏ដោយ ក៏ទីផ្សារមិនទំនងជារងសម្ពាធខ្លាំងពីបញ្ហានេះដែរ។
ចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អ្នកចរចារបស់ប្រទេសទាំងពីរបានឯកភាពគ្នាលើការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំមួយ កាលពីថ្ងៃពុធ ក្នុងអំឡុងកិច្ចចរចាសន្តិភាពរយៈពេលពីរថ្ងៃនៅទីក្រុង Abu Dhabi។ ទោះបីជានៅមានការខ្វែងគំនិតគ្នាលើបញ្ហាសំខាន់ៗផ្សេងទៀតក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅតែបង្ហាញក្តីសង្ឃឹមថា នឹងអាចសម្រេចបានលទ្ធផលជាក់ស្តែងក្នុងការដោះស្រាយសង្គ្រាមនៅឆ្នាំនេះ។
ដោយឡែក ចំពោះស្ថានការណ៍នៅអ៊ីរ៉ង់ ប្រធានផ្នែកសន្តិសុខរបស់អ៊ីរ៉ង់ លោក Mohsen Rezaei បានថ្លែងតាមទូរទស្សន៍ថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យសារធាតុនុយក្លេអ៊ែរដែលបានចម្រាញ់សូម្បីតែបន្តិចចាកចេញពីប្រទេសឡើយ ហើយប្រសិនបើអាម៉េរិកបើកការវាយប្រហារជាថ្មី នោះនឹងមានផលវិបាកកើតឡើង។
ជាការឆ្លើយតប ទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា បញ្ហានុយក្លេអ៊ែរត្រូវតែជាផ្នែកមួយនៃកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយអស់រយៈពេល ៨ ខែមកនេះ។ ទោះជាយ៉ាងណា អាម៉េរិកបានបញ្ជាក់ថា បច្ចុប្បន្នមិនទាន់មានភាពចាំបាច់ក្នុងការបើកការវាយប្រហារយោធាបន្ថែមទៀតនោះទេ។
បន្ថែមពីនេះ ផលិតកម្មប្រេងឆៅរបស់ក្រុមប្រទេស OPEC+ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែតុលា ដោយអារ៉ាប៊ីសាអូឌីតជាប្រទេសនាំមុខក្នុងការបង្កើនទិន្នផល ទោះបីជាការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz នៅតែប្រឈមនឹងការរំខានជាបន្តបន្ទាប់ក៏ដោយ។
សម្រាប់កម្ពុជា ការធ្លាក់ចុះនៃតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ មិនមានន័យថាតម្លៃប្រេងសាំងនិងប្រេងម៉ាស៊ូតក្នុងស្រុកនឹងធ្លាក់ចុះភ្លាមៗនោះទេ។ មូលហេតុគឺកម្ពុជានាំចូលផលិតផលប្រេងដែលបានចម្រាញ់រួចជាស្រេច ដូចជាប្រេងសាំងនិងប្រេងម៉ាស៊ូត ជាជាងនាំចូលប្រេងឆៅមកចម្រាញ់ដោយផ្ទាល់ក្នុងប្រទេស។
ម្យ៉ាងទៀត ស្ថានីយប្រេងឥន្ធនៈក្នុងស្រុកនៅមានស្តុកប្រេងដែលបានទិញទុកពីមុន ហើយតម្លៃលក់រាយក៏ត្រូវគិតគូរពីថ្លៃដើមនៃស្តុកប្រេងចាស់ និងថ្លៃដឹកជញ្ជូនផងដែរ។ ដូច្នេះ តម្លៃប្រេងលក់នៅកម្ពុជាមិនចាំបាច់ប្រែប្រួលភ្លាមៗស្របតាមការឡើងចុះនៃតម្លៃប្រេងឆៅនៅទីផ្សារពិភពលោកនោះទេ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content