ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា ឯកឧត្តម Christopher Anderson បានបង្ហាញពីការប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែរឹងមាំ ខណៈដែលពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦ សម្រេចបានទំហំទឹកប្រាក់រហូតដល់ ១៣,៨២ពាន់លានដុល្លារ ដែលជាសញ្ញាវិជ្ជមានគួរជាទីមោទន។
ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ឯកឧត្តម Christopher Anderson បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា កម្ពុជា-សហរដ្ឋអាមេរិក នៅមានកាលានុវត្តភាពជាច្រើនទៀតដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម។ ក្រៅពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរក៏បានពិភាក្សាលើការពង្រឹងកិច្ចសហការលើវិស័យការពារជាតិ សន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពាំនាំនូវការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយសហរដ្ឋអាមេរិកនៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាមេរិកដែលបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្តឱ្យឯកអគ្គរដ្ឋទូតថ្មីបន្តភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។ ភាពរឹងមាំនៃទំនាក់ទំនងការទូតនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈតួលេខពាណិជ្ជកម្មជាក់ស្តែង។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបង្ហាញថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក សម្រេចបាន ១៣,៨២ពាន់លានដុល្លារ បានវ៉ាដាច់ទំហំពាណិជ្ជកម្មពេញមួយឆ្នាំ២០២៥ ដែលមានត្រឹម ១៣,១៤ពាន់លានដុល្លារ។
ក្នុងនោះក្នុងរយៈពេល១០ខែ កម្ពុជានាំចេញទៅអាមេរិក សម្រេចបាន ១៣,២៧ ពាន់លានដុល្លារ កើនឡើង ២៧,៨%ធៀបនឹងឆ្នាំ២០២៥មាន១២,៧៣ ពាន់លានដុល្លារ។ចំណែទំនិញដែលអាមេរិកនាំចូលមកកម្ពុជាវិញមានតម្លៃជិត៥៥០លានដុល្លារ កើនឡើង ៦៨,២%ធៀបនឹងតម្លៃនៅឆ្នាំ២០២៥មានតម្លៃ៤១៧លានដុល្លារ។

សូមជ្រាបថា ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក រួមមាន សម្លៀកបំពាក់ កង់ សម្ភារធ្វើដំណើរ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ដោយឡែក ផលិតផលដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកវិញ មានដូចជា រថយន្ត គ្រឿងយន្ត សម្ភារអគ្គិសនី អេឡិចត្រូនិក គ្រឿងអលង្ការ និងគ្រឿងសំអាងជាដើម។
កំណើនជាបន្តបន្ទាប់ទាំងការនាំចេញ និងការនាំចូលនេះ បង្ហាញឱ្យឃើញថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំ និងមានសក្តានុពលបំផុតសម្រាប់ទំនិញរបស់កម្ពុជា ហើយវត្តមានរបស់ឯកអគ្គរដ្ឋទូតថ្មី ត្រូវបានគេរំពឹងថានឹងក្លាយជាចលករថ្មីមួយទៀតក្នុងការទាក់ទាញវិនិយោគិនអាមេរិក និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែធំទូលាយនាពេលខាងមុខ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លៃងប្រាប់បណ្ដាញសារព័ត៌មាន AMS ថា តាមរយៈកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាមេរិកនេះ សភាពាណិជ្ជកម្មកម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាធុរកិច្ចសភាអាមេរិកប្រចាំអាស៊ាន ដែលធ្វើឱ្យវិនិយោគិន និងក្រុមហ៊ុនសហរដ្ឋអាមេរិកចាច្រើនបានមកទស្សនកិច្ច សិក្សាស្វែងយល់ពីឱកាសវិនិយោគ បណ្តាក់ទុននៅក្នុងប្រទេសកម្ពុជារាល់ឆ្នាំ៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content