បរទេស៖ យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយថា តំបន់អាស៊ីអាគ្នេយ៍ រហូតដល់ឆ្នាំ២០៤០ ត្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៧,១ ទ្រីលានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ពង្រឹងសន្តិសុខថាមពល និងកសាងសេដ្ឋកិច្ចដែលមានទំនាក់ទំនងគ្នាយ៉ាងរឹងមាំ។
លោក Masato Kanda ប្រធាន ADB បានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍ អាស្រ័យលើអ្វីដែលតំបន់នេះបន្តកសាងបន្ថែមទៀត ដូចជា វិស័យរោងចក្រនានាត្រូវការអគ្គិសនីដែលមានប្រភពច្បាស់លាស់ ហើយអាជីវកម្មភាគច្រើនត្រូវការផ្លូវដឹកជញ្ជូនទៅកាន់ទីផ្សារក្នុងរយៈពេលខ្លី និងមានសុវត្ថិភាពជាងមុន។ ការវិនិយោគលើវិស័យទាំងនេះត្រូវតែធ្វើឡើងដើម្បីផ្តល់ផលប្រយោជន៍រយៈពេលវែង ហើយ ADB នឹងជួយដល់រដ្ឋាភិបាលនៅក្នុងតំបន់រៀបចំ និងបង្កើតគម្រោងដែលវិនិយោគិនអាចទុកចិត្តបាន ហើយប្រជាជនអាចអាស្រ័យផលបាន។ សូមជម្រាបថា របាយការណ៍នេះបានគ្របដណ្តប់លើប្រទេសសមាជិកអាស៊ានទាំង ១១ រួមមាន៖ ប្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម។ ជាមួយគ្នានេះ ក្នុងនាមជាធនាគារអភិវឌ្ឍន៍ដ៏សំខាន់ក្នុងតំបន់ ADB កំពុងជួយបំប្លែងអាទិភាពតំបន់ឱ្យទៅជាការវិនិយោគដែលមានប្រសិទ្ធភាពតាមរយៈការផ្តល់ហិរញ្ញប្បទាន ការរៀបចំគម្រោង ចំណេះដឹង និងការសម្របសម្រួលក្នុងតំបន់។
របាយការណ៍នេះមានចំណងជើងថា «បញ្ហាប្រឈមនៃតម្រូវការវិនិយោគ ៧ ទ្រីលានដុល្លារ៖ ការកសាងអាស៊ាននាថ្ងៃស្អែក» ក្នុងន័យនេះគេប៉ាន់ប្រមាណថា តម្រូវការទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ៤៧៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ គិតចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៤០ ដែលស្មើនឹង ៨,៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់។ ការវាយតម្លៃនេះឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងនៃហេដ្ឋារចនាសម្ព័ន្ធទំនើប ដោយសារភាពរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់ ការរីកដុះដាលនៃនគរូបនីយកម្ម និងការកើនឡើងនៃការភ្ជាប់ទំនាក់ទំនងផ្នែកឌីជីថល។ ផ្អែកលើទំហំវិនិយោគនាពេលពេលបច្ចុប្បន្ន ថវិការបស់រដ្ឋាភិបាលអាចគ្របដណ្តប់បានតែ ៤៥ ភាគរយនៃតម្រូវការប៉ុណ្ណោះ ដែលធ្វើឱ្យខ្វះថវិកាប្រមាណ ២៦៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ។
លើសពីនេះ វិស័យអគ្គិសនី និងការដឹកជញ្ជូនគ្របដណ្តប់រហូតដល់ ៨៥ ភាគរយនៃតម្រូវការហេដ្ឋារចនាសម្ព័ន្ធសរុប ពោលគឺ ត្រូវការថវិកាចំនួន ៣,៦ ទ្រីលានដុល្លារសម្រាប់វិស័យអគ្គិសនី និង ២,៥ ទ្រីលានដុល្លារសម្រាប់វិស័យដឹកជញ្ជូន។ សូមជម្រាបថា ការវិនិយោគលើវិស័យថាមពលត្រូវតែពង្រីកការផលិត ការបញ្ជូន និងការស្តុកទុកថាមពលអគ្គិសនី រួមទាំងការភ្ជាប់បណ្តាញឆ្លងដែនតាមរយៈបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ដើម្បីពង្រឹងសន្តិសុខថាមពល គាំទ្រការប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយហានិភ័យដែលរំខានដល់ការផ្គត់ផ្គង់សកល។ ជាមួយគ្នានេះ គំនិតផ្តួចផ្តើមបណ្តាញអគ្គិសនីប៉ានអាស៊ីរបស់ ADB ដែលបានដាក់ចេញកាលពីខែឧសភាកន្លងទៅនោះ នឹងជួយពង្រីកពាណិជ្ជកម្មអគ្គិសនីឆ្លងដែននៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ សម្រាប់វិស័យដឹកជញ្ជូន ផ្លូវថ្នល់នៅតែជាតម្រូវការវិនិយោគធំជាងគេដែលមានទំហំជិត ២ ទ្រីលានដុល្លារ ខណៈផ្លូវរថភ្លើង និងព្រលានយន្តហោះស្ថិតក្នុងចំណោមតម្រូវការដែលកើនឡើងលឿនបំផុត។ ការរៀបចំទម្រង់បណ្តាញដឹកជញ្ជូនដែលតភ្ជាប់គ្នា និងការភ្ជាប់ទំនាក់ទំនងឆ្លងដែន នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងភាពប្រកួតប្រជែងរបស់អាស៊ីអាគ្នេយ៍នៅលើទីផ្សារសកល។
បន្ថែមពីនេះ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលត្រូវការទុនវិនិយោគ ៥៨៤ ពាន់លានដុល្លាររួមមាន បណ្តាញអ៊ីនធឺណិតល្បឿនលឿន និងមជ្ឈមណ្ឌលទិន្នន័យ។ ការវិនិយោគទាំងនេះមានសារៈសំខាន់ក្នុងការបង្កើនផលិតភាព សមត្ថភាពប្រកួតប្រជែង និងគាំទ្រកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន។ ជាមួយគ្នានេះ គម្រោងផ្លូវហាយវេឌីជីថលអាស៊ី-ប៉ាស៊ីហ្វិករបស់ ADB នឹងបំពេញតម្រូវការទាំងនេះតាមរយៈការផ្តល់ហិរញ្ញប្បទាន ការបំពាក់បណ្តាញខ្សែកាបអុបទិក ខ្សែកាបក្រោមបាតសមុទ្រ និងមជ្ឈមណ្ឌលទិន្នន័យតំបន់រហូតដល់ឆ្នា ២០៣៥។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលត្រូវការទុនវិនិយោគបន្ថែម ២២៧ ពាន់លានដុល្លាររហូតដល់ឆ្នាំ ២០៤០ ដែលក្នុងនោះមានការវិនិយោគលើមណ្ឌលសុខភាព និងកន្លែងផ្តល់សេវាសុខាភិបាលប្រមាណ ៤៩ ០០០ កន្លែង ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងបង្កើនការត្រៀមខ្លួនឆ្លើយតបនឹងអាសន្ននាពេលអនាគត។
ជាចុងក្រោយ របាយការណ៍មួយនេះបានចង្អុលបង្ហាញថា កង្វះខាតនៃការរៀបចំគម្រោងផែនការឱ្យបានត្រឹមត្រូវ និងគ្មានការសិក្សាទុកជាមុន គឺជាឧបសគ្គចម្បងក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន។ នៅពេលដែលថវិការដ្ឋាភិបាលជួបប្រទះសម្ពាធបែបនេះ ADB បានអំពាវនាវឱ្យមានការរៀបចំគម្រោងរឹងមាំជាងមុន មានបទប្បញ្ញត្តិច្បាស់លាស់ដែលអាចព្យាករណ៍ពីអនាគតបាន និងដំណើរការប្រកបដោយតម្លាភាព៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content