ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល Black Swan Summit Cambodia 2026 ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា វេទិកានេះ គឺជាឱកាសដ៏សំខាន់ក្នុងការដោះស្រាយឧបសគ្គរបស់សហគ្រាសផ្នែកហិរញ្ញប្បទាន និងការទាញយកអត្ថប្រយោជន៍ពីនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនអាជីវកម្មខ្នាតតូច។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ៖ «កិច្ចប្រជុំកំពូលនេះបង្ហាញពីឱកាសដ៏សំខាន់មួយ ដើម្បីដោះស្រាយឧបសគ្គផ្នែកហិរញ្ញប្បទានដែលសហគ្រាសរបស់យើងកំពុងជួបប្រទះ និងពង្រឹងតួនាទីនៃវិស័យហិរញ្ញវត្ថុក្នុងការគាំទ្រដល់ការវិនិយោគប្រកបដោយផលិតភាព កំណើនអាជីវកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច»។

នៅក្នុងរូបភាពមួយដែលសហគ្រាសកែច្នៃចំណីអាហារខ្នាតតូចមួយនៅកម្ពុជា ទើបតែទទួលបានការបញ្ជាទិញទ្រង់ទ្រាយធំជាលើកដំបូងពីផ្សារទំនើប ម្ចាស់អាជីវកម្មរូបនោះ មានទាំងអតិថិជន មានទាំងផលិតផលល្អ ហើយក៏មានមហិច្ឆតាចង់ពង្រីកអាជីវកម្មឱ្យកាន់តែរីកចម្រើន។ ប៉ុន្តែមុនពេលផ្សារទំនើបទូទាត់លុយឱ្យគាត់ គាត់ត្រូវការដើមទុនដើម្បីទិញវត្ថុធាតុដើមយកមកផលិតជាមុនសិន ព្រមទាំងត្រូវការឧបករណ៍បរិក្ខារទំនើបជាងមុន ដើម្បីធានាបាននូវគុណភាពផលិតផល។ លើសពីនេះ គាត់ក៏ត្រូវការភាពជឿជាក់ផងដែរថា នៅពេលដល់ថ្ងៃទូទាត់ប្រាក់ លុយទាំងនោះនឹងត្រូវបានផ្ទេរមកដល់ដៃគាត់ដោយសុវត្ថិភាព។
ឯកឧត្តមរដ្ឋមន្ត្រី ចង្អុលបង្ហាញថា អនាគតនៃវិស័យហិរញ្ញវត្ថុគឺជាចម្ងល់ជាក់ស្តែងមួយ ថាតើនវានុវត្តន៍ហិរញ្ញវត្ថុអាចជួយឱ្យអាជីវកម្មដែលមានសក្តានុពលបោះជំហានទៅមុខមួយកម្រិតទៀតដោយរបៀបណា។ ដូច្នេះហើយ ឯកឧត្តមកត់សម្គាល់ថា Black Swan Summit Cambodia 2026 បាននាំឱ្យកម្ពុជាគិតគូរអំពីរឿងរ៉ាវដែលមិននឹកស្មានដល់។
ឯកឧត្តមបានបន្តថា ៖ «សម្រាប់អាជីវកម្មខ្នាតតូច ភាពមិនប្រាកដប្រជាបានក្លាយជាផ្នែកមួយនៃការងារប្រចាំថ្ងៃរួចទៅហើយ ដូចជា ការទូទាត់យឺតយ៉ាវ ការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ សារឆបោក ឬការសម្រេចចិត្តដោយប្រញាប់ប្រញាល់ដែលហួសពេលទៅហើយ។ ទាំងនេះក៏ជាបញ្ហាដែលអ្នកបង្កើតនវានុវត្តន៍នៅកម្ពុជា និងនៅតាមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដទៃទៀត បានយល់ដឹងយ៉ាងច្បាស់»។

បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ការបង្កើតថ្មីមិនមែនជាឯកសិទ្ធិផ្តាច់មុខរបស់ប្រទេសអ្នកមានទៀតនោះទេ។ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដែលត្រូវបង្កើតដំណោះស្រាយដោយខ្លួនឯង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងស្រុក ហើយពិតជាមានសមត្ថភាពអាចពង្រីកសង្វាក់ផលិតកម្ម ដែលអាចមានលទ្ធភាពដោះស្រាយបានយ៉ាងទូលំទូលាយផងដែរ។ ជាក់ស្តែង ប្រព័ន្ធបាគង (Bakong) និង KHQR បានបង្ហាញឱ្យឃើញពីអត្ថន័យជាក់ស្តែងនៃការអនុវត្ត ដែលអនុញ្ញាតឱ្យអាជីវករតូចតាចអាចដាក់បង្ហាញកូដ QR តែមួយ និងទទួលការទូទាត់ពីអតិថិជនដែលប្រើប្រាស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗគ្នាបាន។
ក្នុងទស្សនវិស័យនៃការអភិវឌ្ឍឧស្សាហកម្ម ជាឱកាសនៅពេលនេះគឺការចាប់យកវឌ្ឍនភាពដែលមានស្រាប់មកបន្តអភិវឌ្ឍឱ្យកាន់តែរីកចម្រើនថែមទៀត។ ការទូទាត់ដែលអាចទុកចិត្តបាន ជួយឱ្យអាជីវកម្មគ្រប់គ្រងលំហូរសាច់ប្រាក់ ទិញវត្ថុធាតុដើម និងបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត។ រីឯហិរញ្ញប្បទានដែលសមរម្យ អាចជួយឱ្យពួកគេអាចបំពេញតម្រូវការតាមការបញ្ជាទិញធំៗ និងវិនិយោគលើផលិតកម្មឱ្យកាន់តែប្រសើរឡើង។ នៅពេលដែលសហគ្រាសកាន់តែមានផលិតភាព និងមានស្ថិរភាពហិរញ្ញវត្ថុ ពួកគេនឹងក្លាយជាអតិថិជនដ៏រឹងមាំសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ៖ «នៅពេលដែលប្រជាពលរដ្ឋធ្វើការទូទាត់តាមប្រព័ន្ធឌីជីថល ពួកគេរំពឹងថា ប្រាក់របស់ពួកគេនឹងទៅដល់អ្នកទទួលត្រឹមត្រូវ ព័ត៌មានរបស់ពួកគេត្រូវបានការពារ និងមានជំនួយគាំទ្រនៅពេលចាំបាច់។ អ្នកផ្តល់សេវាត្រូវតែបញ្ចូលប្រព័ន្ធសុវត្ថិភាពទៅក្នុងសេវាកម្មរបស់ខ្លួន ពន្យល់អំពីថ្លៃសេវាឱ្យបានច្បាស់លាស់ និងដោះស្រាយបញ្ហាប្រកបដោយភាពយុត្តិធម៌»។
បើតាមប្រសាសន៍របស់ឯកឧត្តម ចំណេះដឹងផ្នែកហិរញ្ញវត្ថុអាចជួយឱ្យអតិថិជនស្គាល់ពីហានិភ័យ ខណៈដែលសេវាកម្មគួរតែមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រកបដោយសុវត្ថិភាព។ នៅពេលដែលបញ្ញាសិប្បនិម្មិត (AI) ត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ អតិថិជនក៏ត្រូវតែមានសិទ្ធិទទួលបានការពន្យល់បកស្រាយ និងស្នើសុំការត្រួតពិនិត្យឡើងវិញ ចំពោះការសម្រេចចិត្តទាំងឡាយណាដែលប៉ះពាល់ដល់ពួកគេផងដែរ។ យន្តការការពារទាំងនេះ នឹងជួយបង្កើតទំនុកចិត្តដែលអាជីវកម្មត្រូវការជាចាំបាច់ ទើបពួកគេហ៊ានធ្វើប្រតិបត្តិការ និងវិនិយោគ។
គួរកត់សម្គាល់ដែរថា គោលដៅនៃការអភិវឌ្ឍ គឺការកសាងប្រព័ន្ធហិរញ្ញវត្ថុដែលជួយឱ្យអាជីវកម្មអាចបង្កើនផលិតភាព និងរីកចម្រើនប្រកបដោយចីរភាព។ អ្នកផ្តល់កម្ចីត្រូវវាយតម្លៃសមត្ថភាពសងត្រឡប់មកវិញរបស់អតិថិជនដោយប្រុងប្រយ័ត្ន ហើយអ្នកខ្ចីត្រូវយល់ដឹងអំពីថ្លៃដើម និងកាតព្វកិច្ចទាំងស្រុងរបស់ខ្លួនផងដែរ។ វិស័យហិរញ្ញវត្ថុនឹងសម្រេចបានសមិទ្ធផលកាន់តែច្រើន នៅពេលដែលអាជីវកម្មមានជំនាញច្បាស់លាស់ មានបច្ចេកវិទ្យាទំនើប មានផលិតផលប្រកបដោយគុណភាព និងមានអតិថិជនប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា ៖ «ត្រង់ចំណុចនេះហើយ ដែលការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តភ្ជាប់ជាមួយប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ។ ការកំណត់ស្តង់ដារ និងការធ្វើតេស្ត ជួយឱ្យអ្នកផលិតបំពេញតាមតម្រូវការរបស់អ្នកទិញបាន។ តាមរយៈសហគ្រិនខ្មែរ (Khmer Enterprise) និងស្ថាប័នគាំទ្រដទៃទៀត យើងអាចជួយគាំទ្រដល់ពួកគេក្នុងការពង្រឹងការគ្រប់គ្រងអាជីវកម្ម និងត្រៀមលក្ខណៈសម្រាប់ការវិនិយោគ»។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ក៏បានរំលេចបន្ថែមទៀតថា ប្រព័ន្ធហិរញ្ញវត្ថុឌីជីថលដែលអាចទុកចិត្តបាន អាចជួយជំរុញភាពជាដៃគូនេះឱ្យកាន់តែរីកចម្រើន តាមរយៈការធ្វើឱ្យការទូទាត់កាន់តែមានភាពជឿជាក់ និងការធ្វើពាណិជ្ជកម្មកាន់តែមានភាពងាយស្រួល។ ក្នុងពេលជាមួយគ្នានេះ ប្រតិបត្តិការទាំងនេះដែលគាំទ្រដោយនវានុវត្តន៍ហិរញ្ញវត្ថុ អាចជួយកសាងសមត្ថភាពផលិតកម្មរបស់ជាតិ ដោយចាប់ផ្តើមពីការពង្រឹងអាជីវកម្មដែលមានសក្តានុពលម្តងមួយៗជាបន្តបន្ទាប់៕






វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content