ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។

ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។
ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល និងការផ្អាប់ (Fermentation) តាមវិធីសាស្ត្រផ្សេងៗ ដើម្បីបង្ហាញថា ដំណាក់កាលនីមួយៗអាចជះឥទ្ធិពលដល់រសជាតិ និងក្លិនរបស់កាហ្វេ។
តាមរយៈការអនុវត្តជាក់ស្តែង អ្នកចូលរួមបានស្វែងយល់ថា ការផលិតកាហ្វេដែលមានគុណភាពខ្ពស់តម្រូវឱ្យមានការជ្រើសរើសវត្ថុធាតុដើមយ៉ាងប្រុងប្រយ័ត្ន ការអនុវត្តបច្ចេកទេសតាមបែបវិទ្យាសាស្ត្រ និងការគ្រប់គ្រងយ៉ាងហ្មត់ចត់នៅគ្រប់ដំណាក់កាល។
គោលបំណងសំខាន់មួយទៀតនៃកម្មវិធីនេះ គឺការនាំអ្នកពាក់ព័ន្ធគ្រប់ដំណាក់កាលនៃខ្សែច្រវាក់តម្លៃកាហ្វេមកជួបជុំគ្នា ដើម្បីចែករំលែកចំណេះដឹង ស្វែងយល់ពីតម្រូវការរបស់គ្នាទៅវិញទៅមក និងស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមក្នុងវិស័យនេះ។

កិច្ចពិភាក្សាបានផ្តោតលើតម្រូវការរបស់កសិករ អ្នកកែច្នៃ អ្នកលីងកាហ្វេ ហាងកាហ្វេ និងទីផ្សារ ព្រមទាំងការបញ្ជ្រាបបច្ចេកទេសឱ្យងាយយល់ និងអាចយកទៅអនុវត្តបានជាក់ស្តែង ចាប់ពីការថែទាំផ្លែកាហ្វេនៅលើដើម រហូតដល់ការកែច្នៃជាកាហ្វេសម្រាប់អ្នកប្រើប្រាស់។
ការភ្ជាប់ចំណេះដឹង និងតម្រូវការរបស់អ្នកពាក់ព័ន្ធទាំងនេះ មានគោលដៅជួយបង្កើតគុណភាពផលិតផលដែលទីផ្សារទទួលស្គាល់ និងបង្កើនតម្លៃកាហ្វេតាមរយៈការកែលម្អដំណើរការផលិត និងកែច្នៃ។
ប្រភពនៃកម្មវិធីបានលើកឡើងថា គុណភាព និងរសជាតិកាហ្វេនៅក្នុងពែងចាប់ផ្តើមពីការថែទាំផ្លែកាហ្វេនៅលើដើម។ ការយល់ដឹងនេះអាចជួយឱ្យកសិករអភិវឌ្ឍការងារនៅក្នុងកសិដ្ឋានរបស់ខ្លួន ព្រមទាំងចែករំលែកចំណេះដឹងទៅកាន់សហគមន៍កសិករផ្សេងទៀត។
ការអនុវត្ត និងចែករំលែកចំណេះដឹងរួមគ្នា ត្រូវបានចាត់ទុកថាជាកម្លាំងចលករមួយក្នុងការពង្រឹងវិស័យកាហ្វេកម្ពុជា ឱ្យមានគុណភាពកាន់តែប្រសើរ អត្តសញ្ញាណកាន់តែច្បាស់លាស់ និងអាចបង្កើនតម្លៃផលិតផលនៅលើទីផ្សារ។
















វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content