បរទេស ៖ រយៈពេល៩ខែមកហើយបន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញា New START ដែលមានន័យថា មហាអំណាចនុយក្លេអ៊ែរធំៗបំផុតរបស់ពិភពលោកនឹងមិនមានដែនកំណត់ផ្លូវច្បាប់ទៀតឡើយទៅលើការគ្រប់គ្រងឃ្លាំងអាវុធយុទ្ធសាស្ត្រប្រល័យលោក។
មកដល់ពេលនេះប្រធានាធិបតីអាមេរិក លោក Donald Trump ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គ្រោងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។
សមាគមគ្រប់គ្រងសព្វាវុធ (Arms Control Association) យល់ឃើញថា សេតវិមានបានហៅកិច្ចជំនួបត្រីភាគីជាប្រវត្តិសាស្ត្រនេះថាជាចំណុចចាប់ផ្តើម ដើម្បីទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធ ដោយមេដឹកនាំដ៏មានឥទ្ធិពលទាំង៣រូប បានពាំនាំយកមកជាមួយនូវលក្ខខណ្ឌរៀងៗខ្លួនដែលមានភាពផ្ទុយគ្នាយ៉ាងខ្លាំងទៅកាន់តុចរចា។
លក្ខខណ្ឌចម្បងរបស់លោកប្រធានាធិបតី Trump គឺការជំនួសគំរូទ្វេភាគីកាលពីសម័យសង្គ្រាមត្រជាក់ដែលបានផុតកំណត់ ដោយកិច្ចព្រមព្រៀងត្រីភាគីវិញនឹងនាំយកបញ្ហានៃឃ្លាំងអាវុធនុយក្លេអ៊ែរដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សរបស់ចិនមកស្ថិតក្រោមការកំណត់ចំនួនក្បាលគ្រាប់យ៉ាងតឹងរ៉ឹង និងការត្រួតពិនិត្យផ្ទៀងផ្ទាត់យ៉ាងស៊ីជម្រៅជាងមុន។
ក្រុមប្រឹក្សាអាត្លង់ទិក Atlantic Council ក៏បានចេញផ្សាយស្រដៀងគ្នាដែរ តែបន្ថែមថា ទន្ទឹមនឹងការកំណត់អាវុធនុយក្លេអ៊ែរ
ទីក្រុងវ៉ាស៊ីនតោនមានគោលបំណងផ្សារភ្ជាប់ស្ថិរភាពយុទ្ធសាស្ត្រទូលំទូលាយទៅនឹងការទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់អុីរ៉ង់ និងការដោះស្រាយសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
ដោយឡែក ក្នុងនាមជាម្ចាស់ផ្ទះ លោកប្រធានាធិបតីចិន Xi Jinping បានបដិសេធរួចទៅហើយចំពោះការកំណត់ចំនួនស្មើភាពគ្នា ដោយលើកឡើងថា ឃ្លាំងអាវុធដែលមានទំហំតូចជាងរបស់ចិនមិនអាចយកមកប្រៀបធៀបស្មើនឹងសហរដ្ឋអាមេរិក និងរុស្ស៊ី
បានទេ ខណៈដែលលក្ខខណ្ឌរបស់ទីក្រុងប៉េកាំងសម្រាប់កិច្ចចរចាផ្តោតសំខាន់លើការសន្យាដោយផ្លូវច្បាប់មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនជាដាច់ខាត និងការបញ្ឈប់ការពង្រីកប្រព័ន្ធការពារមីស៊ីលសកល ជាពិសេសសំដៅលើគម្រោងខែលការពារ «Golden Dome» របស់ទីក្រុងវ៉ាស៊ីនតោនតែម្តង។
យោងតាមសារព័ត៌មាន Channel NewsAsia បានឱ្យដឹងថា ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់លើជម្លោះនៅអឺរ៉ុបដែលមិនអាចដោះស្រាយបានដោយគ្មានការចូលរួមពីភាគីអឺរ៉ុបឡើយ។
ដោយឡែក Atlantic Council ក៏បានចេញផ្សាយអំពីលក្ខខណ្ឌរបស់រុស្ស៊ីផងដែរ ដោយលោកប្រធានាធិបតី Putin បានចាត់ទុកជំនួបកំពូលនេះថាជាការវិលត្រឡប់ទៅរកការទូតមហាអំណាចតាមបែបសន្និសីទ Yaltaឬ Yalta 2.0 ហើយបានសង្កត់ធ្ងន់ថា ការកំណត់ចំនួនក្បាលគ្រាប់ថ្មីណាមួយត្រូវតែរាប់បញ្ចូលទាំងប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក អាវុធធម្មតាបាញ់បានចម្ងាយឆ្ងាយ និងឃ្លាំងអាវុធនុយក្លេអ៊ែររបស់អង់គ្លេស រួមទាំងបារាំងផងដែរ ខណៈវិមានក្រឹមឡាំងសង្ឃឹមថា នឹងប្រើប្រាស់រូបភាពនៃជំនួបកំពូលនេះ ដើម្បីបំបែកភាពឯកោផ្នែកការទូតពីលោកខាងលិច និងជំរុញឱ្យមានសម្បទានទូលំទូលាយលើបញ្ហាអ៊ុយក្រែន ដោយមានការគាំទ្រផ្នែកការទូតពីទីក្រុងប៉េកាំង។
យ៉ាងណាក្តី ទោះបីជាមានបន្ទាត់ក្រហមប៉ះទង្គិចគ្នាក៏ដោយ ប៉ុន្តែក្រុមអ្នកវិភាគបានកត់សម្គាល់ថា មេដឹកនាំពិភពលោកទាំង៣នៅតែអាចឯកភាពគ្នាលើជំហានកាត់បន្ថយហានិភ័យកម្រិតស្រាល ដូចជា ការផ្ទៀងផ្ទាត់លើការសាកល្បងនុយក្លេអ៊ែរដោយស្ម័គ្រចិត្តក្រោមសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ឬការដាក់របាំងការពារប្រឆាំងនឹងការបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងប្រព័ន្ធបញ្ជា និងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដើម្បីជាជំហានដំបូងក្នុងការបញ្ចៀសនូវការបង្កើនសព្វាវុធដោយគ្មានដែនកំណត់៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content