ភ្នំពេញ ៖ ក្នុងអំឡុងវិបត្តិកូវីដ១៩ មានមនុស្សមិនតិចទេដែលជួបវិបត្តិហិរញ្ញវត្ថុ បាត់បង់ការងារ និងចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែក៏មានអ្នកខ្លះបានកែច្នៃវិបត្តិឱ្យទៅជាប្រភពចំណូលសំខាន់ សម្រាប់ដោះស្រាយបញ្ហាហិរញ្ញវត្ថុ។
នៅថ្ងៃនេះយើងនឹងលើកយកពីប្រវត្តិកសិករម្នាក់ដែលបានកែប្រែទំហម៤ម៉ែត្រគុណនឹង៩ម៉ែត្រដែលអាចរកចំណូលបានប្រចាំថ្ងៃ ដោយមិនចាំបាច់ធ្វើការឱ្យគេបន្តទៀត ។
លោក សំ សុខ ជាកសិករមួយរូបនៅភូមិ អង្គរជ័យទី២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាចខេត្តកំពត បានកែខៃជីវភាពរបស់ខ្លួនពីវិបត្តិដែលពិបាករកចំណូល មកជាការបង្កើតចំណូលបានប្រចាំថ្ងៃ។ កាលពីមុនកូវីដ១៩ លោក សុខ ធ្វើការងារនៅខេត្តព្រះសីហនុដោយទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែ តែដោយសារកូវីដ១៩ លោកត្រូវបានបាត់បង់ការងារ បាត់បង់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារហើយក៏ត្រលប់មកស្រុកកំណើតវិញ។
លោកបានបន្តថា នៅពេលត្រលប់មកដល់ស្រុកវិញ លោកមិនដឹងថា ត្រូវធ្វើអ្វីនោះទេ ប៉ុន្តែក្រោយមកលោកមើលយូធូបពីបៀបបណ្ដុះផ្សិត ហើយក៏ចាប់អារម្មណ៍លើការងារបណ្ដុះផ្សិតនេះ និងបានអនុវត្តន៍តាមដោយមានដីទំនេរ ៤ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ សម្រាប់បង្កើតអាជីវកម្មមួយនេះ។

លោកបានបន្ថែមថា អាជីវកម្មមួយនេះបានធ្វើឱ្យលោកទទួលបានប្រាក់កម្រៃជាប្រចាំថ្ងៃដើម្បីផ្គត់ផ្គង់គ្រួសារ សម្រាប់កូនៗសិក្សា និងការចំណាយផ្សេងៗប្រចាំថ្ងៃ ដូចជាបុណ្យ ការ និងថ្លៃម្ហូបអាហារជាដើម។ ក្នុងមួយថ្ងៃលោកបានទទួលផលផ្សិតពី ២០ គីឡូក្រាមទៅ ៥០ គីឡូក្រាម ហើយក្នុងមួយគីឡូក្រាមអាចលក់បាន៥០០០រៀលទៅ ៦០០០រៀល អាស្រ័យលើទីផ្សារសម្បូរផ្សិត ឬអត់។ បើសិនជានៅលើទីផ្សារមិនសូវសម្បូរលោកអាចលក់បានថ្លៃបន្តិច តែបើសម្បូរហោចណាស់ក៏អាចលក់បាន ៥០០០ រៀល ក្នុងមួយគីឡូក្រាមដែរ។
លោកបានឱ្យដឹងទៀតថា ការងារជាកសិករវាពិបាកបន្តិច តែមានសេរីភាព បើទោះបីជាចំណូលនេះ មិនច្រើនដូចដែលធ្វើការឱ្យគេដែលបើកប្រាក់ខែម្ដងៗឃើញថាច្រើនមែន តែពេលចាត់ចែងក៏អត់មានសល់អ្វីដែរ។ បច្ចុប្បន្នដោយសារតែទីផ្សារមានតម្រូវការខ្ពស់ ជាពិសេសនៅរដូវកាលបុណ្យ ការផ្សេងៗ លោកមានគម្រោងពង្រីកផ្ទៃដីបន្ថែមទៀត ស្របនឹងតម្រូវការជាក់ស្ដែង។
លោកបញ្ជាក់ថា ការអនុវត្តលើការងារនេះ លោកមិនបានរៀនជំនាញបច្ចេកទេសពីខាងណានោះទេ លោកមើលតាមវីឌីអូ យូធូបដែលគេបង្ហោះក្នុងបណ្ដាញយូធូប ហើយក៏អនុវត្តន៍ និងទទួលបានលទ្ធផលបែបនេះ។ លោកចង់ឱ្យកសិករដែលមានដីទំនេរ មិនចាំបាចធំពេកទេ សាកអនុវត្តន៍លើការងារបណ្ដុះផ្សិត ឬក៏របរកសិកម្មផ្សេងៗទៀតដែលអាចរកចំណូលបានប្រចាំថ្ងៃ ដោយមិនចាំបាច់ធ្វើការងារឱ្យគេ និងមិនមានសេរីភាពនោះទេ។
ក្រៅពីលោក សំ សុខ បច្ចុប្បន្ននេះក៏មានកសិករជាច្រើនបានកែច្នៃដីដែលទំនេរក្នុងទំហំតូចៗ ទៅជាឱកាសរកប្រាក់ចំណូលបានសមរម្យសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយបើសិនជាមានលទ្ធភាពអាចពង្រីកអាជីវកម្មកាន់តែធំ ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងមូលដ្ឋានទៅជាក្នុងស្រុកក្នុងខេត្ត និងក្នុងប្រទេសផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content