ភ្នំពេញ ៖ តំបន់បឹងកេងកង១ ដែលស្ថិតនៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានគេចាត់ទុកជាតំបន់ដែលមានសក្ដានុពលខ្ពស់ និងមានសកម្មភាពពាណិជ្ជកម្មមមាញឹកខ្លាំង ហើយទីតាំងនេះដែរ ក៏បានអភិវឌ្ឍន៍ខ្លួនពីបណ្ដុំផ្ទះវីឡា ក្លាយជាបណ្ដុំអគារខ្ពស់ៗជំនួសវិញ ជាពិសេសនៅក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ។ យ៉ាងណាក៏ដោយ បើទោះបីជាតំបន់នេះ មានអគារខ្ពស់ៗរីកដូចផ្សិតក៏ដោយចុះ ក៏វិនិយោគិនទាំងក្នុង និងក្រៅប្រទេសជាច្រើនទៀតបានសម្លឹងឃើញឱកាសនៃការអភិវឌ្ឍលើសំណង់អគារខ្ពស់ក្នុងតំបន់នេះបន្ថែមទៀត។
ជាការពិតណាស់ តាមការកត់សម្គាល់ និងភាពជាក់ស្ដែង តំបន់បឹងកេងកង១ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ខណៈដែលតំបន់នេះបានក្លាយជាតំបន់ពាណិជ្ជកម្ម និងស្នាក់នៅកម្រិតខ្ពស់ ដែលសម្បូរទៅដោយវត្តមានជនបរទេសរស់នៅច្រើន។ ម្យ៉ាងទៀតជនបរទេសទាំងនោះ ភាគច្រើនគឺជាអ្នកដែលនិយមចូលចិត្តរស់នៅអគារសហកម្មសិទ្ធិ ដូចជា អាផាតមិន និងខុនដូ ដូច្នេះហើយទើបមានការវិនិយោគលើសំណង់អគារខ្ពស់ៗកាន់តែច្រើន ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា តម្លៃដីធ្លីនៅតំបន់បឹងកេងកង១ កាន់តែឡើងខ្ពស់ ដែលអាចនិយាយថា ជាតំបន់ដែលមានតម្លៃខ្ពស់ជាងគេមួយក្នុងចំណោមតំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ ដូច្នេះហើយ ការអភិវឌ្ឍអគារខ្ពស់ៗ សង់ឡើងច្រើនជាន់ទើបអាចឱ្យវិនិយោគិនរកប្រាក់ចំណេញបាន ព្រោះការអភិវឌ្ឍនៅតំបន់នេះ គ្រាន់តែចំណាយលើថ្លៃដីក៏អស់ច្រើនទៅហើយ ដូច្នេះហើយមានតែការអភិវឌ្ឍនិងសាងសង់អគារខ្ពស់ប៉ុណ្ណោះដែលអាចរកប្រាក់ចំណេញបាន ។ ម្យ៉ាងទៀតការសាងសង់អគារខ្ពស់ៗក៏អាចបម្រើជាពហុមុខងារបានដែរ ដូចជា កន្លែងស្នាក់នៅ ការិយាល័យ សណ្ឋាគារ និងផ្សារទំនើបក្នុងទីតាំងតែមួយ ដោយបង្កើតជាសហគមន៍ធុរកិច្ចពាណិជ្ជកម្ម និងការរស់នៅជាសហគមន៍បានផងដែរ ខណៈដែលបច្ចុប្បន្នក៏មានគម្រោងសំណង់អគារកម្ពស់ ៦៥ជាន់មួយទៀត ដែលអាចនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅឆ្នា២០៣០ ពោលគឺប្រើរយៈពេល៤ឆ្នាំ ក្នុងដំណើរការសាងសង់ ។

លោក Nagato Daiko ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជប៉ុន MIRAKU Capital & Development បានឱ្យដឹងថា តំបន់បឹងកេងកង១ នៅតែជាតំបន់ដែលមានសក្ដានុពលក្នុងការវិនិយោគលើអគារខ្ពស់ ហើយកម្ពុជាក៏ជាប្រទេសដែលមានស្ថានភាពសេដ្ឋកិច្ចល្អ បើទោះជាស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចសកលជួបបញ្ហាក៏ដោយ ។ ទាំងនេះហើយដែលធ្វើឱ្យក្រុមហ៊ុនអន្តរជាតិ ជាពិសេសក្រុមហ៊ុនមកពីប្រទេសចិន និងកូរ៉រេខាងត្បូង បានបណ្ដាក់ទុនវិនិយោគលើគម្រោងអគារខ្ពស់ៗនៅកម្ពុជា ៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content