ភ្នំពេញ ៖ ក្នុងគ្រាដែលសកលលោកកំពុងជួបប្រទះនូវបញ្ហាវិបត្តិជាច្រើនវាបានធ្វើឲ្យមានការជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើវិស័យថាមពលដែលជាលទ្ធផលអត្រាអតិផរណាបានកើនឡើងដល់កំណត់ត្រាកាលពីឆ្នាំ២០២៣ ពោលគឺប្រមាណជា៦,៩ភាគរយដែលនេះហើយជាកត្តាសំខាន់ធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចសកលនៅគ្រប់ច្រកល្ហកទោះតិច ឬច្រើនក្តី។
កម្ពុជាថ្វីត្បិតអាចរក្សាលំនឹងអត្រាអតិផរណាបានល្អយ៉ាងណាក្តី ប៉ុន្តែប្រទេសនេះនៅតែអាចទទួលរងនូវផលប៉ះពាល់មួយចំនួនដែលមិនអាចជៀសផុតឡើយ ហើយបើទោះបីជាមានទំហំតិចតួចជាងគេបើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់។
អត្រាអតិផរណានៅកម្ពុជា ត្រូវបានរំពឹងថានឹងត្រឡប់ទៅរកនិន្នាការធម្មតាវិញសម្រាប់ឆ្នាំ២០២៤ គឺប្រមាណជា២,៥ភាគរយដូចកាលពីឆ្នាំទៅដែរ ។ នេះបើយោងតាមរបាយការណ៍ស្តីពីក្របខណ្ឌនៃការរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ចេញផ្សាយកាលពីថ្មីៗនេះ។
តើអតិផរណាបានជះឥទ្ធិពលកម្រិតណាដល់សេដ្ឋកិច្ច និងសកម្មភាពវិនិយោគនៅកម្ពុជា ? ខាងក្រោមនេះគឺជាទស្សនទានដែលត្រូវបានចែករំលែកដោយអ្នកជំនាញជាតិ និងអន្តរជាតិ តាមរយៈគេហទំព័រសេដ្ឋកិច្ច និងអចលនទ្រព្យជាភាសាអង់គ្លេស Estatedia ៖
សហរដ្ឋអាមេរិកចាប់តាំងតែពីបញ្ហាអតិផរណាបានផ្ទុះឡើងគិតមកទល់ពេលនេះ ធនាគារកណ្តាល (FED) បានធ្វើការដំឡើងអត្រាការប្រាក់ចំនួន១១ដងរួចមកហើយចាប់តាំងពីខែមីនា ឆ្នាំ២០២២ ខណៈដែលអត្រាតម្លៃគោលបច្ចុប្បន្ននេះគឺមានប្រហែលជាពី ៥,២៥ភាគរយ ទៅ ៥,៥ភាគរយ ។

លោក Anthony Galliano ប្រធានក្រុម CEO នៃក្រុមហ៊ុន Cambodian Investment Management បានបង្ហាញនូវក្តីព្រួយបារម្ភថា ទោះជាប្រទេសដុល្លារូបនីយកម្មក្តី ប៉ុន្តែកម្ពុជាក៏អាចប្រឈមនឹងបញ្ហាមួយចំនួន ដូចជា កង្វះខាតទុនសម្រាប់ធនាគារដែលជាហេតុធ្វើឲ្យអត្រាការប្រាក់កម្ចីនានាមានការកើនឡើង ទាំងសម្រាប់បុគ្គល និងអាជីវកម្មជាពិសេសតម្រូវការកម្ចីទុននៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។
លោកបានពន្យល់បន្តថា ៖
«អត្រាការប្រាក់ដែលអាមេរិកដំឡើងក៏នឹងធ្វើឲ្យប៉ះពាល់ដល់កម្ចីអភិវឌ្ឍអចលនទ្រព្យ ដូច្នេះយើងនឹងមើលឃើញកំណើនតិចតួចនៃគម្រោងនានា ហើយដូចគ្នាទៅនឹងអាជីវកម្មផ្សេងៗទៀតដែរ ដោយសារតែកម្ពុជាដែលមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងទៅលើកម្លាំងរបស់ធនាគារផងនោះវានឹងធ្វើឲ្យពួកគេមានភាពស្ទាក់ស្ទើរក្នុងការខ្ចីប្រាក់ជាមួយនឹងអត្រាការប្រាក់ខ្ពស់នៅពេលនេះដើម្បីបន្ត ឬពង្រីកប្រតិបត្តិការ»។
លោកបានបន្តថា ការកើនឡើងអតិផរណាពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចក្នុងខណៈពេលនេះមានតែអាមេរិកប៉ុណ្ណោះដែលទទួលបានផលប្រយោជន៍ខ្លាំងជាងគេ។ ក្នុងន័យនេះ កម្ពុជាដែលជាប្រទេសដុល្លាររូបនីយកម្មក៏អាចទទួលបានអត្ថប្រយោជន៍ពីស្ថានភាពនេះខ្លះដែរ ដោយវាបានធ្វើឲ្យកម្លាំងនៃការបញ្ជាទិញរបស់ខ្លួនខ្លាំងជាងមុន ប៉ុន្តែអាចធ្វើទៅបានតែជាមួយនឹងបណ្តាប្រទេសដែលចាយរូបិយវត្ថុមិនមែនដុល្លារប៉ុណ្ណោះ។ ដោយឡែកសម្រាប់ចិនវិញដែលមហាយក្សសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកនោះ ស្ថានភាពអតិផរណារបស់ប្រទេសនេះហាក់ដូចជានឹងមិនមានអ្វីធ្វើឲ្យប៉ះពាល់ជាដុំកំភួនឡើយសម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាចសកម្មភាពវិនិយោគិនជនជាតិចិននៅទីនេះដែរ។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជា បានព្យាករណ៍ថា នៅក្នុង២០២៤នេះ ការវិនិយោគពីបរទេស (FDI) នៅកម្ពុជាពីសំណាក់ប្រទេសចិននឹងបន្តកើនឡើង ហើយចិននៅតែឈានមុខគេដដែល។
លោកថ្លែងថា ៖
«ចំពោះបញ្ហាអតិផរណាវានឹងមិនប៉ះពាល់ដោយដុំកំភួននោះទេ ដោយសារកម្ពុជាប្រើរូបិយបណ្ណដុល្លារអាមេរិក ដូច្នេះអតិផរណារបស់យើងមានសភាពធូរស្រាលជាងប្រទេសផ្សេងទៀតក្នុងតំបន់ ទាំងអាស៊ាន ឬ RCEP ដោយសារតែយើងជាប្រទេសតែមួយគត់ក្នុងតំបន់ដែលប្រើប្រាស់លុយដុល្លារជាហ្វាំងសិន ដូច្នេះ ទោះធនាគារអាមេរិកបានដំឡើងការប្រាក់ជាបន្តបន្ទាប់ ប៉ុន្តែកម្ពុជានឹងមានអត្រាអតិផរណាកើនឡើងតិចតួច ដោយសារតែប្រាក់ដុល្លារមានកម្លាំងខ្លាំងជាងមុន»។

ឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មិនអាចប្រកែកបានទេចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាពិតជាទទួលរងកត្តាជះឥទ្ធិពលពីបញ្ហាអតិផរណារបស់សកល ប៉ុន្តែមិនច្រើនពេកនោះទេ ពីព្រោះថាទំនោរនៃការចាយវាយរបស់ពិភពលោកកំពុងមានការប្រែប្រួល ជាពិសេសក្រុមប្រទេសអ្នកបញ្ជាទិញទំនិញពីកម្ពុជា។ ប្រជាជននៅតាមបណ្តាប្រទេសមួយចំនួនកាត់បន្ថយនូវការប្រើប្រាស់ទំនិញមិនចាំបាច់ ប៉ុន្តែជំនួសមកវិញនូវទំនិញចាំបាច់ ឧទាហរណ៍ដូចជាអាវសម្រាប់រដូវរងា និងចំណីអាហារចាំបាច់ប៉ុណ្ណោះ។
ទោះជាយ៉ាងណា ឯកឧត្តម មានជំនឿចិត្ត និងសុទិដ្ឋនិយមថា កម្ពុជាបានទទួលទំនុកចិត្តខ្លាំងពីអតិថិជន(ទីផ្សារអន្តរជាតិ) ហើយម្យ៉ាងទៀតក៏មិនអាចកាត់ផ្តាច់ចេញពីសង្វាក់ផលិតកម្មពិភពលោកបានដែរ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជារំពឹងទុកថា ស្ថានភាពពិភពលោកនឹងត្រឡប់មកល្អប្រសើរឡើងវិញដូចនឹងបទពិសោធដែលធ្លាប់មានកាលពីសម័យកាលកូវីដ។
ឯកឧត្តមបានបញ្ជាក់ដែរថា កម្ពុជាកំពុងពង្រីកខ្លួនទៅទីផ្សារផ្សេង ដូចជា អាហ្វ្រិកនិងមជ្ឈឹមបូពា៍ ជាពិសេសគឺបណ្តាប្រទេសនៅអរសិប (RCEP)ផងដែរ ជាពិសេសកម្ពុជាក៏កំពុងជំរុញផលិតផលកសិកម្មដែលជាការនាំចេញចម្បងជាច្រើនមុខទៅកាន់ទីផ្សារថ្មីៗ ហើយមិនត្រឹមតែប៉ុណ្ណោះ កម្ពុជាបានបង្កើនច្រកនាំចេញធំៗជាច្រើនដូចជាលក់ទំនិញលើអនឡាញជាលក្ខណៈអន្តរជាតិជាដើមផងដែរ៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content