បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងបានឡើងថ្លៃបន្ទាប់ពីអ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងនៅឯឆ្នេរសមុទ្រអូម៉ង់ដែលធ្វើឲ្យជម្លោះនៅមជ្ឈិមបូព៌ាកាន់តែតានតឹងខ្លាំងឡើង។
នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៨ ភាគរយ ឬ ៧៧,៤១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក US West Texas Intermediate (WTI) ឡើងថ្លៃ ០,៩ ភាគរយ ឬ ៧២,០២ ដុល្លារក្នុងមួយបារ៉ែល។ លើសពីនេះ តម្លៃប្រេងម៉ាស៊ូត និងប្រេងសាំងរបស់សហរដ្ឋអាមេរិកបាននាំឱ្យទីផ្សារថាមពលមានតម្លៃថ្លៃជាងមុន ដោយតម្លៃប្រេងម៉ាស៊ូតបានកើនឡើងប្រហែល ៣ ភាគរយ ដែលជាកម្រិតខ្ពស់ក្នុងរយៈពេលបីសប្តាហ៍។
ស្របពេលនេះដែរ អ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេង St Nikolas ដែលមានទង់ជាតិកោះ Marshall នៅឈូងសមុទ្រអូម៉ង់ ដែលជាការសងសឹកចំពោះអាម៉េរិកបានរឹបអូសនាវា និងប្រេងរបស់ខ្លួនកាលពីឆ្នាំមុន។ ការរឹបអូសកប៉ាល់ St Nikolas ដែលត្រូវឆ្លងកាត់រវាងកំពង់ផែ Basra របស់អ៊ីរ៉ាក់ និងគោលដៅរបស់ខ្លួនទៅកាន់ប្រទេសតួកគី បានកើតឡើងស្របពេលជាមួយនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ Houthi នៅផ្លូវដឹកជញ្ជូនសមុទ្រក្រហម។ នៅសប្តាហ៍នេះផងដែរ ក្រុមសកម្មប្រយុទ្ធ Houthis ដែលមានមូលដ្ឋាននៅយេម៉ែន បានធ្វើការវាយប្រហារដ៏ធំបំផុតរបស់ពួកគេលើផ្លូវដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហម។
ជាការឆ្លើយតប សហរដ្ឋអាមេរិក និងអង់គ្លេសបានព្រមានថា ពួកគេនឹងចាត់វិធានការបន្ថែមទៀត ប្រសិនបើការវាយប្រហាររបស់ក្រុម Houthi នៅតែបន្ត។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយទាមទារឱ្យក្រុម Houthi បញ្ចប់ការវាយប្រហាររបស់ពួកគេជាបន្ទាន់។ មេដឹកនាំក្រុមលោក Abdel-Malek al-Houthi បាននិយាយថា ការវាយប្រហារណាមួយលើក្រុម Houthis នឹងត្រូវបានឆ្លើយតបទៅវិញធំជាងឧប្បត្តិហេតុមុនៗដូចជា យន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់ខ្លួនបានវាយប្រហារលើនាវាអាមេរិកនៅសមុទ្រក្រហម។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានប្រឈមមុខនឹងការចោទប្រកាន់នៅតុលាការពិភពលោកអំពីអំពើប្រល័យពូជសាសន៍នៅក្នុងសង្គ្រាមរបស់ខ្លួននៅហ្គាហ្សា។
ការវាយប្រហារដោយសកម្មប្រយុទ្ធលើនាវាពាណិជ្ជករនៅសមុទ្រក្រហមបាននាំឱ្យបរិមាណនៃការដឹកជញ្ជូនទំនិញនៅក្នុងតំបន់ធ្លាក់ចុះ និងធ្វើឲ្យពាណិជ្ជកម្មសកលបានធ្លាក់ចុះ ១,៣ ភាគរយចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៣។ អ្នកវិភាគយល់ឃើញថា ការធ្លាក់ចុះនៃតម្រូវការ ភាពចលាចលនៅមជ្ឈិមបូព៌ា និងការឡើងចុះនៃតម្លៃ បានធ្វើឱ្យអ្នកផលិត អ្នកប្រើប្រាស់ និងអ្នកចូលរួមក្នុងទីផ្សាររឹតតែព្រួយបារម្ភចំពោះតម្លៃប្រេង៕