ភ្នំពេញ ៖ នៅក្នុងរាជធានីភ្នំពេញ គ្រប់តំបន់មិនមែនសុទ្ធតែដីមានតម្លៃខ្ពស់នោះទេ វាមានតំបន់ខ្លះខ្ពស់ តំបន់ខ្លះទាប ហើយសម្រាប់តំបន់ដែលមានតម្លៃដីធ្លីទាប គេអាចទិញដើម្បីទុកវិនិយោគបាន ។ នៅថ្ងៃនេះ ពី AMS Economy នឹងបង្ហាញពីតំបន់ក្នុងរាជធានីភ្នំពេញដែលមានតម្លៃដីធ្លីទាបគេក្នុងចំណោមបណ្ដាខណ្ឌទាំង១៤ ។
បើតាមការវាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា តំបន់ដែលមានតម្លៃដីធ្លីទាបគឺភាគច្រើនជាតំបន់ដែលនៅជាយក្រុង ឬឆ្ងាយពីទីប្រជុំជន ក្នុងនោះដែរ មានខណ្ឌចំនួន៣ដែលមានតម្លៃដីទាបជាងគេ ៖
១.ខណ្ឌដង្កោ ៖ ខណ្ឌដង្កោ ជាតំបន់នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ហើយខណ្ឌនេះ គឺជាខណ្ឌដែលនៅជាយរាជធានីភ្នំពេញ និងមានព្រំប្រទល់ជាប់នឹងខេត្តកណ្ដាល ស្រុកកណ្ដាលស្ទឹង។ តំបន់នេះមានតម្លៃស្ថិតនៅចន្លោះពី២៥ដុល្លារទៅ២៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងនោះសង្កាត់គងនយ ជាសង្កាត់ដែលមានតម្លៃដីទាបជាងគេក្នុងខណ្ឌនេះ គឺស្ថិតនៅចន្លោះពី២៥ដុល្លារទៅ១៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ចំណែកសង្កាត់ដង្កោជាតំបន់ដែលមានតម្លៃខ្ពស់ជាងគេក្នុងចំណោមសង្កាត់ទាំងអស់ក្នុងខណ្ឌនេះ ដែលមានតម្លៃចន្លោះពី១២០ដុល្លារអាមេរិកទៅ២៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
២.ខណ្ឌព្រែកព្នៅ ៖ ព្រែកព្នៅជាខណ្ឌដែលស្ថិតនៅខាងជើងរាជធានីភ្នំពេញ និងមានព្រំប្រទល់ជាប់នឹងស្រុកមុខកំពូល ខេត្តកណ្ដាល ។ តំបន់នេះ តម្លៃដីមានចន្លោះពី២០ដុល្លារអាមេរិកទៅ១៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដោយសង្កាត់ពន្សាំង ជាសង្កាត់ដែលមានតម្លៃដីធ្លីទាបជាងគេក្នុងចំណោមបណ្ដាសង្កាត់នានា ដោយតម្លៃដីធ្លីក្នុងសង្កាត់នេះ មានតម្លៃចន្លោះពី២០ដុល្លារអាមេរិកទៅ៣៥០ដុល្លារអាមេរិក ។ ចំណែកសង្កាត់ព្រែកព្នៅ ចាត់ទុកជាសង្កាត់ដែលមានតម្លៃដីខ្ពស់ជាងគេ ស្ថិតនៅក្នុងតម្លៃចន្លោះពី១២០ដុល្លារអាមេរិកទៅ១៦០០ដុល្លារអាមេរិក ។
៣. ខណ្ឌកំបូល ៖ ខណ្ឌនេះស្ថិតនៅប៉ែកខាងលិចរាជធានីភ្នំពេញ ដែលមានព្រំប្រទល់ជាប់នឹងស្រុកអង្គស្នួលខេត្តកណ្ដាល ។តម្លៃដីក្នុងខណ្ឌនគេអាចរកបាន ចន្លោះពី៣០ដុល្លារអាមេរិកទៅ១៨០០ដុល្លារអាមេរិក ក្នុងនោះដែរសង្កាត់ប្រទះឡាង ជាតំបន់ដែលមានតម្លៃដីទាបជាងគេក្នុងខណ្ឌកំបូល ដោយមានតម្លៃចន្លោះពី ៣០ដុល្លារអាមេរិកទៅ២៨០ដុល្លារអាមេរិក ។ ចំណែកសង្កាត់កំបូលជាតំបន់ដែលមានតម្លៃខ្ពស់ជាងគេក្នុងខណ្ឌកំបូល ដោយតម្លៃវាស្ថិតនៅក្នុងចន្លោះពី៦០ដុល្លារអាមេរិកទៅ១៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
អ្នកជំនាញនៃវិស័យដីធ្លីបានឱ្យដឹងថា ចង់វិនិយោគដីធ្លីទទួលបានប្រាក់ចំណេញ អ្នកវិនិយោគគួរស្វែងរកដីធ្លីនៅតំបន់ដែលស្ថិតនៅឆ្ងាយពីទីក្រុង ពីព្រោះដីនៅតំបន់ជាយក្រុងមានតម្លៃទាបជាតំបន់កណ្ដាលក្រុង ហើយទិញដីនៅតំបន់ជាយក្រុង ក្នុងរយៈពេលណាមួយលក់វិញ នោះអ្នកវិនិយោគនឹងទទួលបានផលចំណេញខ្ពស់ ៕