បរទេស ៖ ក្រុមមន្ត្រីរដ្ឋាភិបាលក្រុងប៉ារីសថ្មីៗនេះបានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានរបស់កាសែត AFP ថា ប្រទេសបារាំង បច្ចុប្បន្នកំពុងស្ថិតនៅក្នុងលក្ខខណ្ឌដ៏អំណោយផលមួយដើម្បីអាចរៀបចំការងារក្នុងការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីមួយរបស់អឺរ៉ុបដោយខ្លួនឯងប្រសិនបើការចរចាជាមួយនឹងអាល្លឺម៉ង់ និងអេស្ប៉ាញមិនទទួលបានជោគជ័យ។
សេចក្តីថ្លែងការណ៍ដែលធ្វើឡើងនៅក្រោយមួយថ្ងៃប៉ុណ្ណោះដែលប្រធានក្រុមហ៊ុនអ្នកផលិតសព្វាវុធរបស់បារាំង Dassault បានបញ្ជាក់ថា ការចរចាគ្នាជាមួយនឹងភាគីអាល្លឺម៉ង់ជុំវិញគម្រោងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីមិនទទួលបានលទ្ធផលជាទីគាប់ចិត្ត ដូច្នេះ លទ្ធភាពក្នុងការផលិតយន្តហោះចម្បាំងនេះនឹងអាចឲ្យបារាំងទទួលបានភាគរយកាន់តែច្រើនក្នុងការរៀបចំកិច្ចការងារនេះតែម្នាក់ឯង។

កម្មវិធីផលិតអាវុធជំនាន់ថ្មីដែលត្រូវបានគេស្គាល់ឈ្មោះថា FCAS (The Future Combat Air System) នេះបានចាប់ផ្តើមដាក់ឲ្យដំណើរការដំបូងតាំងតែពីឆ្នាំ២០១៧ ក្រោមគោលបំណងសំខាន់ដើម្បីអាចផលិតយន្តហោះចម្បាំងថ្មីមកជំនួសប្រតិបត្តិការរបស់យន្តហោះចម្បាំងរបស់ខ្លួនមានឈ្មោះ Rafale និងយន្តហោះចម្បាំង Eurofighter ដែលកំពុងប្រើប្រាស់ដោយអាល្លឺម៉ង់ និងអេស្ប៉ាញ។
យ៉ាងណាក្តី គេសង្កេតឃើញថា កម្មវិធីផលិតអាវុធដែលមានការចូលរួមចំនួន៣នេះបានបន្តជាប់គាំងដោយសារមិនមានការព្រមព្រៀងគ្នាតាមការចង់បាន ជាពិសេស បណ្តាភាគីជាដៃគូបានបង្ហាញការទាមទាររៀងៗខ្លួនថា តើនរណានឹងក្លាយជាអ្នកដឹកនាំគម្រោង និងថាតើរបៀបនៃការបែងចែកផលិតកម្មនឹងត្រូវធ្វើឡើងដោយវិធីសាស្ត្របែបណា។

គួរឲ្យដឹងដែរថា កម្មវិធី FCAS ដើម្បីផលិតយន្តហោះចម្បាំងជំនាន់ថ្មីនេះមានកញ្ចប់ប្រាក់វិនិយោគរួចទៅហើយប្រមាណជា១០០ពាន់លានអឺរ៉ូ ឬត្រូវជា ១១៨ពាន់លានដុល្លារ។ កម្មវិធីនេះបានកំណត់យកឆ្នាំ២០៤០ ជាឆ្នាំដែលយន្តហោះចម្បាំងម៉ូដេលជំនាន់ថ្មីមួយត្រូវតែផលិតឲ្យបានរួចរាល់ជាស្ថាពរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content