ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្ពោធដាក់ដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ CamDigiKey ជំនាន់ ២.០ និងបានចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC)” ជាមួយធនាគារជាតិនៃកម្ពុជាដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការនូវកម្មវិធី CamDigiKey ជំនាន់ ២.០ និងពិធីចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC)” រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា តំណាងដោយលោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស។

កម្មវិធីទូរស័ព្ទដៃ CamDigiKey ជាយន្តការមួយរបស់ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) ដែលមានឈ្មោះពេញថា ថ្នាល Cambodia Digital Key ឬហៅកាត់ថា CamDigiKey។ ជាមួយគណនី CamDigiKey តែមួយ, អ្នកប្រើប្រាស់អាចចូលទៅកាន់សេវាសាធារណៈឌីជីថលបានយ៉ាងងាយស្រួល តាមរយៈការស្ទែន QR Code នៅលើកម្មវិធីទូរស័ព្ទដៃ។
គណនី CamDigiKey នីមួយៗមានការផ្ទៀងផ្ទាត់ជាមួយទិន្នន័យអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ ដែលក្នុងន័យនេះ គណនី CamDigiKey មានទិន្នន័យអត្តសញ្ញាណបុគ្គលដែលអាចជឿទុកចិត្តបាន ហើយមានការផ្ទៀងផ្ទាត់ត្រឹមត្រូវជាមួយទិន្នន័យរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានគូសរំលេចលក្ខណៈពិសេស ៤ ថ្មីរបស់កម្មវិធី CamDigikey ជំនាន់ ២.០ ដែលមានដូចជា៖ (១). Liveness Detection បច្ចេកវិទ្យាផ្ទៀងផ្ទាត់ និងវិភាគមុខមនុស្ស ដោយផ្អែកលើការថតយកការធ្វើចលនាមុខរបស់អ្នកប្រើប្រាស់, (២). Machine Readable Zone ប្រើប្រាស់បច្ចេកវិទ្យា Optical Character Recognition (OCR) សម្រាប់ធ្វើការបម្លែង ព័ត៌មានដែលមានទម្រង់ជារូបភាព ទៅជាទម្រង់ឌីជីថលតាមរយៈ Machine Readable Zone, (៣). Deep Link ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ក្នុងកម្មវិធីទូរស័ព្ទផ្សេង ដោយមិនតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះឡើងវិញ ក្នុងករណីកម្មវិធីទូរស័ព្ទនោះ ត្រូវបានធ្វើសមាហរណកម្មជាមួយកម្មវិធី CamDigiKey, និង (៤). OAuth 2.0 អ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណតែម្តងគត់ នឹងអាចចូលទៅប្រើប្រាស់គេហទំព័រដទៃទៀតបាន ដោយមិនចាំបាច់ផ្ទៀងផ្ទាត់អត្តសញ្ញាណឡើងវិញ ឬស្ពៃនកូដ QR ម្តងទៀតឡើយ។
សព្វថ្ងៃកម្មវិធីទូរស័ព្ទដៃ CamDigiKey បាននិងកំពុងប្រើប្រាស់សម្រាប់ការចូលទៅកាន់សេវាសាធារណៈមួយចំនួនរួចទៅហើយ រួមទាំងផតថលទាំង ៥ នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានផងដែរ។
ស្របពេលនៃការដាក់ដំណើរការនូវកម្មវិធីជំនាន់ថ្មីនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC)” ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ជាពិសេសជំរុញការប្រើប្រាស់ប្រព័ន្ធ e-KYC ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។ គួរបញ្ជាក់ផងដែរថា ថ្នាល CamDigiKey ក៏មាន Open APIs ចំនួន ១០ ដូចជា មុខ, ឈ្មោះ, ភេទ, ថ្ងៃខែឆ្នាំកំណើត ។ល។ សម្រាប់អនុញ្ញាតឱ្យវិស័យសាធារណៈ និងវិស័យឯកជនអាចតភ្ជាប់មកកាន់ផងដែរ។ ការបើកទូលាយឱ្យមានការតភ្ជាប់ក្នុងទម្រង់នេះ នឹងបើកទំព័រថ្មីសម្រាប់ការបោះជំហានរបស់កម្ពុជា ក្នុងក្របខណ្ឌ e-KYC តាមរយៈការជួយ សម្រួលដល់ការកាត់បន្ថយពេលវេលាត្រួតពិនិត្យអត្តសញ្ញាណអតិថិជន និងវត្តមានយន្តការផ្ទៀងផ្ទាត់ជាមួយទិន្នន័យរាជរដ្ឋាភិបាល។
តាមរយៈការចុះអនុស្សរណៈខាងលើ, ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមប្រើប្រាស់ថ្នាល CamDigiKey និងផ្តល់មតិក្នុងន័យកែលម្អថ្នាលនេះឱ្យកាន់តែប្រសើរ។ ថ្នាល CamDigiKey ជាឧបករណ៍គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងជាផ្លែផ្កាដែលកើតចេញពីក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីជាគន្លឹះជំរុញការអនុវត្តឌីជីថល តាមរយៈការផ្តល់ភាពងាយស្រួល និងការបង្កើនទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល។
ថ្នាលនេះមិនត្រឹមតែអាចកំណត់អត្តសញ្ញាណអតិថិជនតាមរយៈអនឡាញ (e-Verification) បានយ៉ាងងាយស្រួលចំពោះអ្នកផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ភាពងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកទទួលសេវា រាល់ពេលធ្វើប្រតិបត្តិការអនឡាញ។ សូមដំឡើងកម្មវិធី CamDigiKey សម្រាប់អ្នកប្រើប្រាស់ថ្មី ឬធ្វើបច្ចុប្បន្នភាពកម្មវិធី សម្រាប់អ្នកដែលមាន កម្មវិធីនេះហើយនៅក្នុងទូរស័ព្ទ ដើម្បីទទួលបានបទពិសោធថ្មី និង កាន់តែប្រសើរជាងមុន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content